ក្រុមហ៊ុននាំចេញពលករទៅបរទេសទាំងអស់ បានជួបប្រជុំជាមួយក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីកំណត់យុទ្ធសាស្ត្រនាំចេញពលករដោយស្របច្បាប់នៅព្រឹកថ្ងៃ២៤ មិថុនា។ គោលដៅសំខាន់នៃកិច្ចប្រជុំនោះ គឺត្រូវបញ្ចុះតម្លៃនៃការបញ្ជូនពលករទៅធ្វើការនៅប្រទេសថៃ ដើម្បីកាត់បន្ថយការធ្វើចំណាកស្រុកទៅធ្វើការដោយខុសច្បាប់។
លទ្ធផលនៃកិច្ចប្រជុំរវាងក្រសួងការងារ និងក្រុមហ៊ុនពលករបានកំណត់ឲ្យទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា ទាំងអស់ ត្រូវមានកិច្ចសន្យាច្បាស់លាស់ជាមួយក្រុមហ៊ុនដៃគូរបស់ខ្លួននៅប្រទេសថៃ និងមានឯកសារត្រឹមត្រូវ ឬស្របច្បាប់។ ម៉្យាងវិញទៀត ក្រសួងក៏បានតម្រូវឲ្យទីភ្នាក់ងារជ្រើសរើសពលករមិនត្រូវយកកម្រៃសេវា និងមិនត្រូវកាត់ប្រាក់ឈ្នួលពីពលករដាច់ខាត។ ប៉ុន្តែពលករវិញ តម្រូវឲ្យបង់ប្រាក់ប្រមាណ ៤៩ដុល្លារ ដើម្បីចំណាយលើសេវាប័ណ្ណពលករកម្ពុជា ទៅធ្វើការនៅបរទេស លិខិតឆ្លងដែនពលករ ទិដ្ឋាការការងារនៅស្ថានទូតថៃ ប្រចាំកម្ពុជា និងប្រាក់សោហ៊ុយធ្វើដំណើរក្នុងការធ្វើការនៅប្រទេសថៃ។
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ិត សំហេង មានប្រសាសន៍បន្ទាប់ពីកិច្ចប្រជុំនោះថា ក្រុមហ៊ុនជ្រើសរើសពលករទាំងអស់នៅកម្ពុជា និងប្រទេសថៃ ត្រូវតែបង្ហាញព័ត៌មានឲ្យជាក់លាក់លើការអនុញ្ញាតទទួលយកពលករខ្មែរទៅធ្វើការងារដោយស្របច្បាប់។ លោកបានបញ្ជាក់ទៀតថា មុននឹងអនុញ្ញាតឲ្យក្រុមហ៊ុនផ្សព្វផ្សាយជ្រើសរើសពលករនៅកម្ពុជាបាន លុះត្រាតែក្រុមហ៊ុននោះត្រូវបង្ហាញយន្តការចុះបញ្ជីពលករដោយស្របច្បាប់។
ទោះជាយ៉ាងណាក៏ដោយ តំណាងក្រុមហ៊ុននាំចេញពលករទៅធ្វើការនៅបរទេសចំនួន ៤០ដែលទទួលបានអាជ្ញាប័ណ្ណពីក្រសួងការងារ លោក អន ប៊ុនហាក់ មានប្រសាសន៍ថា ការកំណត់របស់ក្រសួងការងារនៅពេលនេះ បានប៉ះពាល់ដល់ក្រុមហ៊ុនបញ្ជូនពលករនៅកម្ពុជា ទាំងអស់ ដែលត្រូវរៀបចំយុទ្ធសាស្ត្រធ្វើអាជីវកម្មជាថ្មី ជាពិសេសស្វែងរកដៃគូដែលទទួលពលករនៅប្រទេសថៃ។ បញ្ហាសំខាន់បំផុតដែលលោកចង់ស្នើសុំទៅក្រសួងពាក់ព័ន្ធនោះ គឺយន្តការនៃការអនុវត្តនោះ ត្រូវតែឆាប់រហ័ស៖ «យើងគ្រាន់តែសុំស្នើធ្វើម៉េច ក្រសួងជំរុញឲ្យនីតិវិធីមានភាពសាមញ្ញធ្វើទៅបានលឿន អ្វីដែលជាការស្នើសុំរបស់ភ្នាក់ងារទៅដល់ក្រសួងបណ្ដុះបណ្ដាលវិជ្ជាជីវៈ»។
លោក អន ប៊ុនហាក់ មានប្រសាសន៍បន្ថែមទៀតថា តម្លៃបញ្ជូនពលករទៅធ្វើការនៅប្រទេសថៃ ប្រមាណ ៥០ដុល្លារ គឺថយចុះជាង ១០ដង បើធៀបនឹងរយៈពេលមុននៃកិច្ចប្រជុំនេះ។ បើកិច្ចការធ្វើ បញ្ជីពលករទៅធ្វើស្របច្បាប់មិនមានបញ្ហារាំងស្ទះនោះទេ ពលករត្រូវការពេលវេលាប្រមាណ ៣ខែ ដើម្បីចាប់ផ្ដើមកិច្ចការនៅប្រទេសថៃបាន។
ប៉ុន្តែប្រធានអង្គការខារ៉ាម កម្ពុជា ដែលតាមដានពលករចំណាកស្រុក លោក យ៉ា ណាវុធ មានប្រសាសន៍ថា ការបង្កើតយន្តការកំណត់ថ្លៃបញ្ជូនពលករស្របច្បាប់នៅប្រទេសថៃ ចំនួន ៤៩ដុល្លារនេះ ហាក់ជាដំណោះស្រាយបណ្ដោះអាសន្នប៉ុណ្ណោះ៖ «នេះគ្រាន់ជាយន្តការឆ្លើយតបបណ្ដោះអាសន្ននៅពេលដែលពលករ យើងកំពុងប្រឈមមុខភាពអត់ការងារធ្វើនៅប្រទេសកម្ពុជា។ វាជួយបាននៅក្នុងរយៈពេលខ្លី ដើម្បីឲ្យពលរដ្ឋយើងអាចធ្វើចំណាកស្រុកទៅក្រៅប្រទេសដោយស្រប ច្បាប់ក្នុងតម្លៃមួយដ៏សមស្រប ហើយអាចបញ្ជូនលុយមកចិញ្ចឹមក្រុមគ្រួសារបងប្អូនគាត់នៅក្នុង ប្រទេស ឬក៏អភិវឌ្ឍសេដ្ឋកិច្ចគ្រួសាររបស់គាត់»។
លោក យ៉ា ណាវុធ បញ្ជាក់ទៀតថា អ្វីដែលរដ្ឋាភិបាលត្រូវធ្វើនៅរយៈពេលវែង គឺបង្កើតយន្តការបង្កើតការងារនៅស្រុក ដើម្បីជំនួសការនាំចេញពលករទៅបរទេសដែលជាផ្នែកមួយនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងកាត់បន្ថយភាពក្រីក្រ។
របាយការណ៍ស្រាវជ្រាវបណ្ដុះបណ្ដាលដើម្បីអភិវឌ្ឍកម្ពុជា ដែលហៅកាត់ ស៊ី.ឌី.អ.អាយ (CDRI) បានលើកឡើងថា ការបញ្ចុះតម្លៃលើការបញ្ជូនពលករស្របច្បាប់ ជាកត្តាសំខាន់ដើម្បីកាត់បន្ថយ ចំនួនពលករចំណាកស្រុកមិនផ្លូវការ ប៉ុន្តែការបញ្ចុះតម្លៃនេះ ក៏មិនមែនជាកត្តាលើកទឹកចិត្តខ្លាំង ធ្វើឲ្យចំនួនពលករស្របច្បាប់កើនឡើងឡើយ ដោយសារតែនីតិវិធីស្មុគស្មាញ និងមានរយៈពេលយូរ។
របាយការណ៍របស់ CDRI ដដែលបានលើកឡើងថា ដើម្បីក្លាយខ្លួនជាពលករស្របច្បាប់នៅប្រទេសថៃ បាន ពលករកម្ពុជាម្នាក់ត្រូវឆ្លងកាត់នីតិវិធីចំនួន ១៦កន្លែង និងកន្លែងនីមួយៗត្រូវការពេលវេលាបំពេញឯកសារយ៉ាង ហោចណាស់ចន្លោះពី ៣ថ្ងៃ ទៅមួយសប្ដាហ៍៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
