បញ្ហានេះ ក្រុមកម្មករនៅតាមរោងចក្រមួយចំនួនផ្ទុះការតវ៉ា និងមិនចូលធ្វើការ ដោយបានទាមទារឲ្យក្រសួងពាក់ព័ន្ធ ជួយដំឡើងប្រាក់ខែគោលឲ្យបានចន្លោះពី ១៥០ដុល្លារ ដល់ ១៦០ដុល្លារសហរដ្ឋអាមេរិក។
តំណាងសហជីពកម្មករមួយចំនួនបានតវ៉ាពុំយល់ព្រមចំពោះការសម្រេចរបស់តំណាងរដ្ឋាភិបាល និងថៅកែរោងចក្រដែលសម្រេចឲ្យប្រាក់ឈ្នួលកម្មករកាត់ដេរទាបជាងការទាមទារ។ កិច្ចប្រជុំពិភាក្សារវាងថ្នាក់ដឹកនាំក្រសួងការងារ និងផ្នែកពាក់ព័ន្ធ នៅព្រឹកថ្ងៃអង្គា ទី២៤ ខែធ្នូ សម្រេចចុងក្រោយលើករណីដំឡើងប្រាក់ឈ្នួលអប្បបរមា ឬប្រាក់ខែគោល ជូនកម្មករក្នុងវិស័យកាត់ដេរ និងផលិតស្បែកជើងចំនួន ៩៥ដុល្លារ ក្នុង ១ខែ។
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និងជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ។ លោកបានឲ្យដឹងថា ភ្លាមៗបន្ទាប់ពីក្រសួងពាក់ព័ន្ធ បានកំណត់ប្រាក់ខែគោលជូនកម្មករត្រឹមចំនួន ៩៥ដុល្លារក្នុង ១ខែ នាំឲ្យក្រុមកម្មករផ្ទុះការតវ៉ាភ្លាមៗ។ នៅរសៀលថ្ងៃអង្គា ក្រុមកម្មករបម្រើការងារនៅតាមរោងចក្រតាមខេត្ត និងរាជធានីភ្នំពេញ មួយចំនួន បានធ្វើកូដកម្មមិនចូលធ្វើការ។
លោកបន្តថា បើគ្មានដំណោះស្រាយលើបញ្ហាដំឡើងប្រាក់ឈ្នួលជូនកម្មករឲ្យបានសមរម្យទេ នៅចុងខែធ្នូ ការធ្វើមហាបាតុកម្មទ្រង់ទ្រាយធំរបស់ក្រុមកម្មករនឹងកើតមានឡើងពាសពេញផ្ទៃប្រទេស។ លោកបន្តថា បើពិនិត្យទៅលើតម្លៃទំនិញសព្វថ្ងៃនេះ ការដំឡើងប្រាក់ខែគោលជូនកម្មករចំនួនពី ៨០ ទៅ ៩៥ដុល្លារក្នុង ១ខែ គឺមិនបានឆ្លើយតបនឹងតម្លៃទំនិញនៅលើទីផ្សារមានតម្លៃខ្ពស់កប់ពពកនោះទេ។
លោក រ៉ុង ឈុន៖ «យើងត្រូវការប្រាក់ឈ្នួលមួយសមរម្យ គឺ ១៦០ដុល្លារក្នុង១ខែជូនកម្មករម្នាក់ៗ ដើម្បីធ្វើយ៉ាងណាឲ្យជីវភាពរស់នៅ ថ្លៃថ្នូរជាមនុស្ស។ ពីព្រោះអីយើងដឹងហើយថា សូម្បីតែប្រទេសយួន កម្មករយួន ក៏ប្រាក់កម្មករគេទទួលបានចំនួន ១៧០ដុល្លារជាងដែរក្នុង១ខែ ហើយនៅប្រទេសថៃ ទទួលបានជាង ៣ដុល្លារក្នុង១ខែ រឿងអីកម្ពុជាយើងបានត្រឹម ៩៥ដុល្លារ? បើធៀបទៅនឹងតម្លៃទំនិញលើទីផ្សារយើងមិនអាចទទួលយកបានទេ»។
ផ្ដើមពីបញ្ហានេះ លោក រ៉ុង ឈុន បានអំពាវនាវដល់មេដឹកនាំសហជីពកម្មករផ្សេងៗ និងកម្មករបម្រើការតាមរោងចក្រនានា នៅទូទាំងប្រទេស ឲ្យត្រៀមលក្ខណៈចូលរួមធ្វើមហាបាតុកម្ម និងកូដកម្មនៅចុងខែធ្នូ ឲ្យបានទាំងអស់គ្នា។
ថ្នាក់ដឹកនាំក្រសួងការងារនិងផ្នែកពាក់ព័ន្ធ នៅព្រឹកថ្ងៃអង្គារ បានជួបប្រជុំគ្នាជាលើកចុងក្រោយស្តីពីការដំឡើងប្រាក់ខែគោលសម្រាប់ឆ្នាំ២០១៤ ជូនកម្មករ។ លទ្ធផលនៃកិច្ចប្រជុំបានសម្រេចដំឡើងប្រាក់ឈ្នួលអប្បបរមាជូនកម្មករពី ៨០ដុល្លារ ទៅ ៩៥ដុល្លារ ក្នុង១ខែ សម្រាប់កម្មករម្នាក់។ ប៉ុន្តែការដំឡើងត្រឹម ៩៥ដុល្លារក្នុង១ខែ ត្រូវបានតំណាងកម្មកររោងចក្រជាង ១០០ក្រុមហ៊ុន ដែលបានប្រមូលផ្តុំគ្នាពីមុខក្រសួងការងារ កាលពីព្រឹកថ្ងៃអង្គារ ផ្ទុះការតវ៉ា និងបានបិទផ្លូវសហព័ន្ធរុស៊្សី និងឡោមព័ទ្ធក្រសួងការងារមួយរយៈពេលផង។
ក្រោយរំសាយការតវ៉ានៅមុខក្រសួងការងារ ក្រុមកម្មករបានអះអាងថា នឹងបន្តប្រមូលផ្តុំគ្នាតវ៉ាទ្រង់ទ្រាយធំជាបន្តបន្ទាប់ នៅថ្ងៃពុធ ទី២៥ ខែធ្នូ ដើម្បីដាក់សម្ពាធដល់ផ្នែកពាក់ព័ន្ធឲ្យជួយដំឡើងប្រាក់ខែជូនពួកគេឲ្យបានសមរម្យ៖ «ប្រទេសជិតខាងដូចជាប្រទេសថៃ វៀតណាម និងចិនជាដើម។ គេដេរសម្លៀកបំពាក់ដូចយើងដែរ ហេតុអីក៏គេទទួលបានប្រាក់ខែចាប់ពី ២០០ ទៅ ៣០០ដុល្លារ ឬប្រទេសចិន ជាដើម កម្មករគេទទួលបានប្រាក់ខែ ៥០០ ទៅ ៦០០ដុល្លារបាន ហើយខ្ញុំ យើងដូចគ្នា ហេតុអីក៏ទទួលយកមិនបាន មូលហេតុអី? ខ្ញុំសូមផ្ញើសារថា សូមឲ្យរដ្ឋាភិបាលជួយដោះស្រាយជួនកម្មករឲ្យបានឆាប់ គឺឲ្យទទួលបានប្រាក់ខែចំនួន ១៥៤ដុល្លារក្នុង ១ខែ សម្រាប់កម្មករម្នាក់ៗ»។
ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា ស្ថិតក្នុងចំណោមសហជីពច្រើនទៀត បានរៀបរាប់នៅពីមុខក្រសួងការងារព្រឹកថ្ងៃអង្គារ ថា ការផ្តល់ជូននេះ គឺមិនអាចជៀសមិនផុតពីក្រុមកម្មករប្រមូលផ្តុំធ្វើមហាបាតុកម្ម ឬកូដកម្មទេ៖ «បច្ចុប្បន្ននេះ យើងឃើញថា ទំនិញនៅលើទីផ្សារបានកើនតម្លៃ ហើយប្រាក់ឈ្នួលរបស់កម្មករហ្នឹង គឺមានកម្រិតទាប។ អ៊ីចឹងធ្វើឲ្យក្រុមកម្មករហ្នឹងជួបប្រទះនូវបញ្ហាលំបាក។ ដូច្នេះទើបបងប្អូនទាំងអស់គ្នាហ្នឹង មកពីគ្រប់តាមបណ្ដាខេត្តក្រុងទាំងអស់ គឺមកដើម្បីជំរុញឲ្យផ្នែកពាក់ព័ន្ធ មានក្រសួងការងារជាដើមហ្នឹងធ្វើ ត្រូវចរចាយ៉ាងណាឲ្យការដំឡើងប្រាក់ឈ្នួលហ្នឹងស្ថិតក្នុងកម្រិតមួយសមរម្យឲ្យស្របតាមស្ថានភាពរស់នៅ»។
សមាសភាពចូលរួមក្នុងកិច្ចប្រជុំដំឡើងប្រាក់ខែគោលជូនកម្មករ នៅព្រឹកថ្ងៃអង្គារ មានតំណាងកម្មករ តំណាងរោងចក្រ និងមន្ត្រីក្រសួងពាក់ព័ន្ធរាជរដ្ឋាភិបាលចំនួន ២៥នាក់។
ខ្លឹមសារនៃកិច្ចប្រជុំបានកំណត់ថា ក្រុមកម្មករនឹងទទួលបានប្រាក់ខែចំនួន ៩៥ដុល្លារ នៅខែមេសា ឆ្នាំ២០១៤។ ឆ្នាំ២០១៥ នឹងទទួលបានបៀវត្សចំនួន ១១០ដុល្លារ។ ឆ្នាំ២០១៦ ទទួលបាន ១២៦ដុល្លារ។ ឆ្នាំ២០១៧ ទទួលបាន ១៤៣ដុល្លារ និងឆ្នាំ២០១៨ ទទួលបានប្រាក់ខែគោលចំនួន ១៦០ដុល្លារ ប៉ុន្តែការការសម្រេចនេះ ក្រុមកម្មករនិងមេដឹកនាំសហជីពមិនព្រមទទួលយកទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ៕
