កម្មករ​រោងចក្រ​នៅ​វិហារសួគ៌​រង​របួស​៥នាក់​ដោយ​ការ​បង្ក្រាប​ពី​សន្តិសុខ​សេវិនអីនជី

កម្មករ​រោងចក្រ​កាត់ដេរ​អ៊ីនឌូចិន​អាប់ភើរៀល (Indochine Apparel) ៥​នាក់​រង​របួស ក្នុង​នោះ​២​នាក់ របួសធ្ងន់ ដោយសារ ក្រុម​សន្តិសុខ បង្ក្រាប​បាតុកម្ម​របស់​កម្មករ​ដែល​ទាមទារ​សុំ​ដំឡើង​លុយ​បាយ នៅ​ថ្ងៃ​ទី ២៥ ខែ​វិច្ឆិកា។

កម្មការិនី កើត ស្រស់ រង​របួស​ដៃ​ធ្ងន់ និង​កម្មការិនី ហួត គឹមអៀង របួសធ្ងន់​ក្បាល​ជង្គង់ ឲ្យ​ដឹង​ថា កម្មករ​កំពុង​តវ៉ា ស្រាប់តែ​ក្រុម​សន្តិសុខ​ក្រុមហ៊ុន សេវិនអិនជី (7NG ) ជិះ​ឡាន​និង​ម៉ូតូ ច្រើន​គ្រឿង​មក​វាយតប់​កម្មករ ហើយ​បោក​ឧបករណ៍ បំពង​សំឡេង​ខូច​ខ្ទេចខ្ទី។ ពួកគាត់​ការពារ​ឧបករណ៍ ក៏​ត្រូវ​ក្រុម​សន្តិសុខ​នោះ វាយ​និង​ទម្លាក់​អាគុយ​លើ​ជង្គង់ មិន​អាច​ដើរ​រួច៖ «វា​ដាល់​មុខ​ខ្ញុំ ប៉ុន្តែ​អត់​ត្រូវ​មុខ​ទេ ត្រូវ​ជង្គង់។ ត្រូវ​ចំ​ក្បាលជង្គង់​អត់​បែក​ទេ តែ​វា​ហើម​ដើរ​មិន​រួច ដល់​ពេល​អីចឹង​ទៅ គេ​ក៏​ទម្លាក់​អាគុយ​៥០ មក​លើ​ជើង ចំ​ជង្គង់ កន្លែង​គេ​ដាល់​នឹង​ទៀត ដល់​ពេល​អីចឹង ធ្វើ​ឲ្យ​ខ្ញុំ​ដើរ​អត់​រួច»។

តំណាង​សម្ព័ន្ធ​សហជីព​សាមគ្គីភាព​ការងារ​កម្ពុជា លោក ឆឹម សុឃី ឲ្យ​ដឹង​ថា ក្នុង​ការ​ប្រើ​ហិង្សា​នោះ មានកម្ម​ក​ប្រុស​ស្រី​របួស​៥​នាក់ ក្នុង​នោះ​កម្មការិនី​២​នាក់​របួសធ្ងន់។ លោក​ថា​សហជីព​យើង នឹង​ដាក់​ពាក្យ​ប្ដឹង​ក្រុមហ៊ុន​សេវិនអិនជី ពី​សកម្មភាព​បង្ក​ហិង្សា​លើ​កម្មករ ប៉ុន្តែ​ថៅកែ​រោងចក្រ​សន្យា​ដោះស្រាយ​បញ្ហា​ហិង្សា​នេះ។

កាលពី​ថ្ងៃ​២០​ខែ​វិច្ឆិកា កម្មករ​រោងចក្រ​កាត់ដេរ អិនឌូចិន អាប់ភើរៀល បាន​តវ៉ា​សុំ​ដំឡើង​លុយ​បាយ និង​សុំ​កុងត្រា​ការងារ​មាន​រយៈពេល​ស្មើគ្នា រវាង​កម្មករ​ស្រី និង​កម្មករ​ប្រុស​ជាដើម។ តែ​លោក សុខា ប្រធាន​រដ្ឋបាល រោងចក្រ​នោះ​បំភ្លឺ​ថា ថៅកែ​មិន​មាន​លទ្ធភាព ដំឡើង​លុយ​ឲ្យ​តាម​ការ​ទាមទារ នោះ​ទេ។

កម្មករ​ឲ្យ​ដឹង​ថា ពួកគេ​ជាង​១​ពាន់​នាក់ តវ៉ា​ចាប់ពី​ថ្ងៃ​ទី ២០ មក​ដល់​ថ្ងៃ​ទី ២៥ វិច្ឆិកា ទើប​មាន​ហិង្សា ដោយសារ​រោងចក្រ​នេះ បាន​ជួល​ដី​ក្រុមហ៊ុន​សេវិនអិនជី ធ្វើ​រោងចក្រ នៅ​ឃុំ​វិហារសួគ៌ ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។