ក្រុមហ៊ុន​នាំ​ពលករ​ទៅ​ធ្វើ​ការ​នៅ​ថៃ​រង​ការ​ចោទ​ថា​បោក​ប្រាក់

ពលករ​ពលការិនី​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ចោទ​ក្រុមហ៊ុន​នាំ​ពលករ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ឈ្មោះ សេនជូរី ខេមបូឌា មែនផៅវើ (Century Cambodia Manpower) ថា បាន​បោក​យក​ប្រាក់​ពី​ពលករ​ជាង ១០០​នាក់ ដោយ​មិន​បាន​បញ្ជូន​ពលករ​ទៅ​ធ្វើ​ការ​តាម​កិច្ចសន្យា។

0:00 / 0:00

ក្រុម​ពលករ​ស្វែង​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ បញ្ជាក់​ទាំង​ក្ដី​អស់​សង្ឃឹម​ថា ក្រុមហ៊ុន សេនជូរី យឺត​យ៉ាវ​មិន​បាន​បញ្ជូន​ពួក​គាត់​ទៅ​ធ្វើ​ការ​អស់​រយៈពេល​ជាង ១​ឆ្នាំ​មក​ហើយ។ ការ​យឺត​យ៉ាវ​នេះ ធ្វើ​ឲ្យ​ក្រុម​ពលករ​ជួប​ការ​លំបាក​គ្មាន​ប្រាក់​បង់​ទៅ​ឲ្យ​ធនាគារ។

ពលការិនី​វ័យ ៣០​ឆ្នាំ​ប្លាយ អ្នកស្រី គាត ថុល រស់​នៅ​ភូមិ​អណ្ដូងសាលា ឃុំ​ព្រាល ស្រុក​កញ្ជ្រៀច ខេត្ត​ព្រៃវែង ថ្លែង​នៅ​ថ្ងៃ​ទី​១៦ ខែ​តុលា ថា ដោយសារ​ជីវភាព​មាន​ការ​ខ្វះខាត ពិបាក​ក្នុង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ អ្នកស្រី​បាន​សម្រេច​ចិត្ត​ប្រថុយ​យក​ប្លង់​ដី និង​ផ្ទះ​ដែល​ជា​ទី​ស្រឡាញ់​របស់​ខ្លួន ទៅ​ដាក់​បញ្ចាំ​ធនាគារ អេស៊ីលីដា (ACLEDA Bank) ដើម្បី​ខ្ចី​ប្រាក់​ពី​ធនាគារ​ទៅ​ឲ្យ​ក្រុមហ៊ុន​នាំ​ពលករ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ក្រែងលោ​ទទួល​បាន​ជីវភាព​ប្រសើរ​ឡើង​នៅ​ថ្ងៃ​ខាង​មុខ។ ប៉ុន្តែ ផ្ទុយ​ទៅ​វិញ អ្វីៗ​មិន​បាន​ដូច​បំណង​នៃ​ការ​គ្រោង​ទុក​នោះ​ឡើយ៖ «គេ​សន្យា​ថា ២​ខែ​កន្លះ គេ​នឹង​យក​យើង​ទៅ។ ដល់​ពេល​នេះ ខ្ញុំ​អត់​បាន​ទៅ​ទទួល ផ្អាកៗ​ថា ៣​ខែ ដល់​រយៈ ៣​ខែ​មិន​បាន​ទៅ ថា ៤​ខែ ដល់ ៤​ខែ​មិន​បាន​ទៅ ខ្ញុំ​ឯណេះ​អស់​រលីង។ វា​ចុះ​កិច្ច​សន្យា ខ្ញុំ​ឡើង​ទៅ​ដល់​កន្លែង​តែ​ម្ដង ឡើង​ទៅ​ដល់​វា​ថា​ទី​៩ ហ្នឹង អាច​ឲ្យ​ប៉ាសស្ព័រ​ឡើង​ទៅ​ធ្វើ​ការងារ។ ឥឡូវ​ចូល​ខែ​១០ ហើយ អត់​បាន​ទៅ​ផង»

ចំណែក​ឯ​ក្រុម​ពលករ​មក​ពី​ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង មាន​ប្រសាសន៍​ស្រដៀង​គ្នា​នេះ​ដែរ​ថា ក្រុមហ៊ុន​នេះ​ដោះស្រាយ​គេចវេះ​យក​រួច​ខ្លួន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ក្នុង​គោល​បំណង​បោក​យក​ប្រាក់​ពួក​គាត់ ហើយ​មិន​ចង់​ទទួល​ខុស​ត្រូវ​លើ​កិច្ច​សន្យា ដែល​ធានា​បញ្ជូន​ពលករ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ នោះ​ឡើយ៖ «បើ​ខ្ញុំ​តែ​ម្ដង លក់​ក្របី​អស់​ហើយ គ្រាន់​ថា​ចុះ​ឈ្មោះ​ភ្លាម​លក់​ភ្លាម​ហ្មង ក្របី​លក់​អា​លីង​តែ​ហ្មង គ្មាន​អី​ភ្ជួរ​ទេ ប្រញាប់​ថា ៣​ខែ​បាន​ចេញ អ៊ីចឹង​លក់​អា​លីង​តែ​ហ្មង គ្មាន​ក្របី​ចិញ្ចឹម​ទៀត​ឥឡូវ​ហ្នឹង។ ខ្ញុំ​សុំ​ប៉ាសស្ព័រ​ក៏​មិន​ឲ្យ សុំ​លុយ​វិញ​ក៏​មិន​ឲ្យ ទៅ​ចរចា​គ្នា​ហ្នឹង​សុំ​ស្អី​ក៏​មិន​ដែរ គាត់​ប្រកែក​ថា​ក្រសួង​មិន​បើក​ស៊ីញេ​ចេញ​ឲ្យ ក្រសួង​ឯណា​មិន​ចេញ គេ​ចេញ​គ្រប់​តែ​គ្នា អត់​តែ​ក្រុមហ៊ុន​ហ្នឹង​មួយ​មិន​ចេញ។ អា​លីង គ្មាន​សល់​មួយ​រយ​ទេ កត់​ឈ្មោះ​ភ្លាម​ស៊ីញេ​ភ្លាម ផ្ដិត​មេដៃ​មេ​អី​ហើយ គេ​យក​លុយ​ទៅ​ឲ្យ​គេ​ទាំង​ដុំ​ហ្នឹង ទៅ​ម្នាក់ៗ​គ្រប់ៗ​គ្នា​ទៅ​មក​ផ្ទះ​វិញ។ មក​ដល់​ខែ​ប៉ុន្មាន​ឲ្យ​ទៅ​ដល់​នេះ​មិន​បាន​ទៅ ២​ឆ្នាំ​ទល់​ឥឡូវ​ហ្នឹង​ទៅ។ ពិបាក​វេទនា​តែ​ម្ដង រក​លុយ​សង​គេ​រហូត​ហ្មង មិន​ដែល​សល់​ផង​ដេក​ចាំ​មើល​តែ​ប៉ាសស្ព័រៗ ឥឡូវ​ប៉ាសស្ព័រ​អី​មិន​ទាន់​បាន​ឡើង​ទៅ​ផង»

ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ ប្រធាន​ក្រុមហ៊ុន សេនជូរី លោក អេង សុវណ្ណារិទ្ធ បង្ហាញ​ថា ការ​យឺត​យ៉ាវ​មិន​បាន​បញ្ជូន​ពលករ​ទៅ​ធ្វើ​ការ​តាម​ពេល​កំណត់ ដោយសារ​ក្រុមហ៊ុន​រៀប​ចំ​សម្រួល​កន្លែង​ការងារ​នៅ​ប្រទេស​ថៃ ឲ្យ​ប្រសើរ​ឡើង​ដល់​ពលករ ដើម្បី​ឲ្យ​ពួក​គាត់​ទទួល​បាន​ប្រាក់​ចំណូល​ខ្ពស់៖ «ដល់​យើង​សាកល្បង​មើល​ទៅ​អត់​មាន​កន្លែង​ស្នាក់​នៅ លំបាក​ដល់​ពលករ ហើយ​យើង​ពិបាក​ធ្វើ​ការ​សហការ​ជាមួយ​រោងចក្រ។ ដល់​អ៊ីចឹង យើង​អត់​បញ្ជូន​ទៅ។ ដល់​ពេល​អ៊ីចឹង ក្រុមហ៊ុន​ខ្ញុំ​ក៏​ផ្ទេរ​មក​រក​រោងចក្រ​ថ្មី ប៉ុន្តែ​ពលករ​មួយ​ចំនួន​ដែល​យើង​មាន​រោងចក្រ​ថ្មី គាត់​អត់​ទៅ​ទេ។ ទារ​ទៅ តែ​រោងចក្រ​ដែល​យើង​បាន​ដូច​ថា ជ្រើស​រើស​មក​ត្រូវ​មាន​រោងចក្រ​អេឡិចត្រូនិក ដល់​ទៅ​រោងចក្រ​ផ្សេង​ទៀត គាត់​អត់​ទៅ​ទេ»

លោក​បន្ត​ថា ចំពោះ​ប្រាក់​ដែល​ពលករ​បាន​បង់​ទៅ​ឲ្យ​ក្រុមហ៊ុន​ម្នាក់ ១៥០​ដុល្លារ ប្រាក់​នោះ​ខាង​ក្រុមហ៊ុន​បាន​យក​ទៅ​ធ្វើ​លិខិត​ឆ្លង​ដែន និង​រត់​ការ​ធ្វើ​លិខិត​ស្នាម​ផ្សេងៗ​អស់​ទៅ​ហើយ។ ក្រុមហ៊ុន​គ្មាន​ថវិកា​សម្រាប់​បង់​ជូន​ពលករ​ឲ្យ​បាន​គ្រប់​ចំនួន​វិញ​នោះ​ឡើយ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ដើម្បី​សុំ​ការ​បកស្រាយ​បំភ្លឺ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១៦ តុលា ដោយ​ទូរស័ព្ទ​រោទ៍ តែ​ពុំ​មាន​អ្នក​ទទួល។

ក្រុម​ពលករ​នៅ​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង រួម​ទាំងអស់​ជាង ១០០​នាក់ បាន​បង់​ប្រាក់​ឲ្យ​ទៅ​ក្រុមហ៊ុន សេនជូរី នាំ​ទៅ​ធ្វើ​ការ​ប្រទេស​ថៃ ក្នុង​មួយ​នាក់ ១៥០​ដុល្លារ។ ក្រុម​ពលករ​អះអាង​ថា ក្នុង​កិច្ច​សន្យា ក្រុមហ៊ុន​នឹង​ត្រូវ​បញ្ជូន​ពួក​គាត់​ទៅ​ធ្វើ​ការ​ក្នុង​ចន្លោះ​ពី ៣ ទៅ ៤​ខែ រាប់​ចាប់​ពី​ថ្ងៃ​បង់​ប្រាក់​ទៅ​ឲ្យ​ក្រុមហ៊ុន។ ក្រុម​ពលករ​បាន​បង់​ប្រាក់​ចុះ​កិច្ច​សន្យា​ជាមួយ​ក្រុមហ៊ុន នៅ​ថ្ងៃ​ទី​២៣ កក្កដា ឆ្នាំ​២០១២ រហូត​មក​ទល់​ពេល​នេះ អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​ហើយ។ ក្រុម​ពលករ​ទាំង​ជាង ១០០​នាក់​នោះ នៅ​ពុំ​ទាន់​មាន​នរណា​ម្នាក់​បាន​ចេញ​ទៅ​ធ្វើ​ការ​ប្រទេស​ថៃ តាម​រយៈ​ក្រុមហ៊ុន​នេះ​នៅ​ឡើយ។ ប្រជាពលរដ្ឋ​ទទូច​សុំ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ដែល​មាន​ការ​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ធ្វើ​យ៉ាង​ណា​ជួយ​ដោះស្រាយ​យក​ប្រាក់​ពី​ក្រុមហ៊ុន ប្រគល់​ពួក​គាត់​ឲ្យ​បាន​គ្រប់​ចំនួន ដើម្បី​យក​ទៅ​បង់​ថ្លៃ​ខ្ចី​បុល​ពី​ធនាគារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។