កម្មករ​រោងចក្រ​អ៊ែដ្យាយល៍ ស្វេតថឺ​ស្នើ​ក្រសួង​ការងារ​ដោះស្រាយ​តាម​ការ​សន្យា

0:00 / 0:00

តំណាង​កម្មករ​រោងចក្រ អ៊ែដ្យាយល៍ ស្វេតថឺ (Agile Sweater) នៅ​ខេត្ត​កំពង់ស្ពឺ ប្រមាណ ៣០​នាក់ និង​តំណាង​សហជីព​បាន​ជួបជុំ​ធ្វើ​សន្និសីទ​សារព័ត៌មាន​នៅ​មុខ​ក្រសួង​ការងារ ក្នុង​បំណង​បន្ត​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​ក្រសួង​ការងារ និង​ក្រសួង​ពាណិជ្ជកម្ម នៅ​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ បន្ទាប់​ពី​ពួកគេ​អះអាង​ថា ពុំ​មាន​ដំណោះស្រាយ ហើយ​ប្រឈម​នឹង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​ខាង​ភាគី​ក្រុមហ៊ុន។ ចំណែក​ភាគី​ក្រុមហ៊ុន ច្រាន​ចោល​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ ហើយ​ថា ក្រុមហ៊ុន​តែងតែ​ផ្ដល់​ដំណោះស្រាយ​ជា​ហូរហែ​តាម​រយៈ​ក្រសួង​ការងារ និង​ស្ថាប័ន​ពាក់ព័ន្ធ​កន្លង​មក។

ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា ស្នើ​ឲ្យ​ក្រសួង​ការងារ ពន្លឿន​នីតិវិធី​ដោះស្រាយ​វិវាទ​ការងារ​តាម​ការ​សន្យា​កាល​ពី​ពេល​កន្លង​មក។ បន្ទាប់​ពី​នោះ តំណាង​កម្មករ និង​លោក ប៉ាវ ស៊ីណា ក៏​បន្ត​ដាក់​លិខិត​ទៅ​ក្រសួង​ពាណិជ្ជកម្ម ដើម្បី​ឲ្យ​បង្កក​ការ​នាំ​ចេញ​ផលិតផល​ពី​រោងចក្រ​នេះ​ទៅ​ទីផ្សារ​បរទេស ដើម្បី​ដាក់​សម្ពាធ​ឲ្យ​ក្រុមហ៊ុន​ទទួល​យក​កម្មករ​ប្រមាណ ៥០០​​នាក់ ចូល​ធ្វើ​ការ​វិញ ដក​ពាក្យ​បណ្ដឹង​ប្រឆាំង​លើ​មន្ត្រី​សហជីព និង​កម្មករ និង​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ដក​ជនពាល​ពី​រោងចក្រ ព្រម​ទាំង​ដោះស្រាយ​សំណើ ៩​ចំណុច ដែល​កម្មករ​ស្នើ​សុំ​កន្លង​មក។

​លោក ប៉ាវ ស៊ីណា ពន្យល់​ថា ការ​ទាមទារ​ឲ្យ​បិទ​ការ​នាំ​ចេញ​សំលៀក​បំពាក់​នេះ ដោយសារ​ក្រុមហ៊ុន​ជ្រើសរើស​កម្មករ​ថ្មី​ជំនួស​កន្លែង​កម្មករ​ចាស់​ដែល​តវ៉ា និង​មិន​ត្រឹមតែ​មិន​ផ្ដល់​ដំណោះស្រាយ​ទេ ថែម​ទាំង​ជួល​ក្រុម​ជើងកាង​ឲ្យ​គំរាមកំហែង និង​ប្រើ​ហិង្សា​ទៀត។ លោក​ថា ទង្វើ​នេះ គឺ​រំលោភ​បំពាន​លើ​សិទ្ធិ​តវ៉ា​អហិង្សា និង​រំលោភ​លើ​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ៖ « និយាយ​ពី​ច្បាប់​ស្ដីពី​ការងារ គឺ​ក្នុង​អំឡុង​កម្មករ​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី គេ​ហាមប្រាម​មិន​ឲ្យ​និយោជក​ជ្រើសរើស​កម្មករ​ថ្មី​ចូល​ជំនួស​ទេ ក្នុង​ករណី​ដែល​ក្រុមហ៊ុន​ល្មើស​ច្បាប់​នេះ គឺ​ក្រុមហ៊ុន​មាន​កាតព្វកិច្ច​មួយ គឺ​សង​ប្រាក់​រំឭក​ជូន​កម្មករ​រាប់​តាំង​ពី​ថ្ងៃ​ឈប់ រហូត​ដល់​ថ្ងៃ​ក្រុមហ៊ុន​យក​កម្មករ​នោះ​ចូល​ធ្វើ​ការ​វិញ »

​លោក ប៉ាវ ស៊ីណា ឲ្យ​ដឹង​ដែរ​ថា ក្រោយ​ពី​ដាក់​លិខិត​សុំ​កិច្ច​អន្តរាគមន៍​ពី​ក្រសួង​ពាណិជ្ជកម្ម​ហើយ​នោះ មន្ត្រី​ដែល​ទទួល​លិខិត​បាន​សន្យា​ថា នឹង​ជួយ​បញ្ជូន​លិខិត​នោះ​ឲ្យ​ដល់​ថ្នាក់ដឹកនាំ​ក្រសួង​ពិនិត្យ​ដោះស្រាយ។

​កម្មករ​រោងចក្រ អ៊ែដ្យាយល៍ ស្វេតថឺ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​បូរីកម្មករ សង្កាត់​រការធំ ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ បាន​ផ្ទុះ​ការ​តវ៉ា​តាំង​ពី​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៥ រហូត​មក​ទល់​បច្ចុប្បន្ន។ លោក ប៉ាវ ស៊ីណា ឲ្យ​ដឹង​ថា អំឡុង​ពេល​នៃ​ការ​ធ្វើ​កូដកម្ម​នេះ ក៏​មាន​ការ​ចូល​រួម​សម្រប​សម្រួល​ពី​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​កំពង់ស្ពឺ និង​តំណាង​ក្រសួង​ការងារ​ដែរ ប៉ុន្តែ​នៅ​តែ​មិន​ទាន់​ទទួល​បាន​ដំណោះស្រាយ​នៅ​ឡើយ​ទេ។

​លោក ប៉ាវ ស៊ីណា ដាក់​ការ​សង្ស័យ​ថា ការ​ដែល​ជាប់​គាំង​ដំណោះស្រាយ​នេះ គឺ​ដោយសារ​មាន​មន្ត្រី​ខិលខូច ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​ជាមួយ​ក្រុមហ៊ុន ទើប​គ្មាន​ឆន្ទៈ​ដោះស្រាយ​ពិត​ប្រាកដ៖ « បើ​សិន​ជា​ពួក​គាត់​មិន​មាន​ការ​ពាក់ព័ន្ធ​ជាមួយ​និយោជក ហើយ​ពួក​គាត់​មិន​ពាក់ព័ន្ធ​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ​នៅ​ក្នុង​ខេត្ត​ទេ គឺ​គាត់​មិន​អាច​បិទ​បាំង​បញ្ហា​ទាំងអស់​នេះ​បាន​ទេ។ កាតព្វកិច្ច​ក្រុមហ៊ុន ត្រូវ​តែ​ដោះស្រាយ ព្រោះ​ថា កម្មករ​មាន​សិទ្ធិ​ទាមទារ​លក្ខខណ្ឌ​ការងារ​ដោយ​សន្តិវិធី ហើយ​អ្វី​ដែល​មាន​ចែង​ក្នុង​ច្បាប់ គឺ​ក្រុមហ៊ុន​ត្រូវ​តែ​អនុវត្ត ហើយ​អ្វី​ដែល​កម្មករ​ទាមទារ​លើស​ពី​ច្បាប់ គឺ​ជា​សិទ្ធិ​របស់​កម្មករ ហើយ​និយោជក​មាន​សិទ្ធិ​ពិចារណា​ឲ្យ ឬ​មិន​ឲ្យ​ដែរ »

​វិទ្យុ​អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ លោក ហេង សួរ ជា​ច្រើន​លើក​នៅ​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ប៉ុន្តែ​ពុំ​មាន​អ្នក​ទទួល​ទូរស័ព្ទ។

រី​ឯ​តំណាង​រោងចក្រ អ៊ែជ្យាយល៍ ស្វេតថឺ អ្នកស្រី ជិន សាន់ឌី បាន​ច្រានចោល​ការ​ចោទ​ប្រកាន់​របស់​តំណាង​កម្មករ និង​បាន​លើក​ឡើង​ថា ក្រុមហ៊ុន​បាន​ព្យាយាម​ដោះស្រាយ​ជា​ច្រើន​លើក​ច្រើន​សា​ជាមួយ​កម្មករ​រួច​ហើយ ដោយ​មាន​ការ​ចូលរួម​ពី​មន្ទីរ​ការងារ​ខេត្ត រហូត​ដល់​ក្រសួង​ការងារ​ទៀត​ផង ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ កម្មករ​មិន​ដែល​គោរព​សេចក្ដី​សម្រេច​ណា​មួយ​នោះ​ទេ។

​អ្នកស្រី​បញ្ជាក់​ថា កម្មករ​នៅ​តែ​តវ៉ា​នោះ ច្រើន​បំផុត​គឺ ៥០​នាក់ និង​អះអាង​ថា សំណើ​របស់​កម្មករ​ទាំង ៩​ចំណុច​ដែល​រួម​មាន​គិត​តម្លៃ​ឡូត៍​តាម​ស្តង់ដារ បន្ថែម​លុយ​បាយ ថែម​ម៉ោង ២​ដុល្លារ​ទៀត និង​ដក​រដ្ឋបាល​ចេញ​ពី​រោងចក្រ​ជាដើម​នោះ គឺ​លើស​ពី​ច្បាប់​បាន​កំណត់។ ចំពោះ​រឿង​ជនពាល​នៅ​ក្នុង​រោងចក្រ គឺ​អ្នកស្រី​បដិសេធ​ដាច់អហង្ការ​តែម្ដង៖ « ហើយ​អ្វី​ដែល​ព័ត៌មាន​ថា ទាមទារ​ឲ្យ​កម្មករ​ចូល​ធ្វើ​ការ​វិញ ខាង​ក្រុមហ៊ុន​ក៏​បាន​ប្រកូក​ប្រកាស​ឲ្យ​ចូល​ហើយ ប៉ុន្តែ​ពួក​គាត់​មិន​ចូល​ខ្លួន​ឯង។ ដល់​ពេល​ចុង​ក្រោយ យក​ព័ត៌មាន​ថា​ក្រុមហ៊ុន​មិន​ឲ្យ​ចូល​ហ្នឹង​មក​ប្រើ។ គេ​បាន​កំណត់​ហើយ​ថា ពី​ពេល​ណា​ដល់​ពេល​ណា​ចូល​ធ្វើ​ការ​វិញ ប៉ុន្តែ​ពួក​គាត់​អត់​ទេ នៅ​តែ​បន្ត​ធ្វើ​អ៊ីចេះ​បន្ត​អ៊ីចុះ។ ពួក​ខ្ញុំ​សុទ្ធតែ​មាន​កំណត់​ហេតុ និង​របាយការណ៍​ច្បាស់លាស់ ទាក់ទង​នឹង​ខាង​ក្រសួង ក៏​គាត់​មាន​របាយការណ៍​ដែរ មិន​មែន​ខ្ញុំ​ចេះ​តែ​និយាយ​តែ​ម្ខាង »

​ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ លោក ប៉ាវ ស៊ីណា បញ្ជាក់​ថា ប្រសិនបើ​មាន​ការ​ដោះស្រាយ​មែន​នោះ គឺ​កម្មករ​មិន​នៅ​ធ្វើការ​តវ៉ា​ដែល​បណ្ដាល​ឲ្យ​ជួប​ទុក្ខ​លំបាក ប៉ះពាល់​ដល់​ជីវភាព​ទៀត​នោះ​ទេ។ លោក​បញ្ជាក់​ថា ការ​ដែល​ក្រុមហ៊ុន​ទម្លាក់​កំហុស​លើ​កម្មករ​ថា មិន​ព្រម​ចូល​ធ្វើ​ការ​នោះ គឺ​ជា​រឿង​កុហក​បោកប្រាស់ ដើម្បី​ឲ្យ​មតិ​សាធារណៈ​យល់​ឃើញ​ថា រឿង​ទាំង​អស់​នេះ​គឺ​សហជីព​ជា​អ្នក​បង្ក​បញ្ហា​ទៅ​វិញ។

​កម្មការិនី​ម្នាក់ ឈ្មោះ ចាប់ គន្ធធឿន រៀប​រាប់​ថា ការ​ដែល​រោងចក្រ​មិន​ព្រម​ផ្ដល់​ដំណោះស្រាយ​សមរម្យ ហើយ​បញ្ឈប់​ពួកគាត់​ពី​ការងារ​នោះ គឺ​បាន​បណ្ដាល​ឲ្យ​ពួកគាត់​ជួប​បញ្ហា​សេដ្ឋកិច្ច​ក្នុង​គ្រួសារ៖ « អូស​បន្លាយ​ជិត​ចូល ៣​ខែ​ហើយ នៅ​តែ​មិន​មាន​ដំណោះស្រាយ​ដែល​ទទួល​កម្មករ​ពួក​យើង​ចូល​ធ្វើ​ការ​វិញ​ទៀត ដែល​ប៉ះពាល់​ដល់​វិបត្តិ​សេដ្ឋកិច្ច​ក្នុង​គ្រួសារ និង​វិបត្តិ​អត់​ការងារ​ធ្វើ​តែ​ម្តង »

​ក្រុម​កម្មករ​អះអាង​ថា អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ ហាក់​កំពុង​កាង​ការពារ​ឲ្យ​រោងចក្រ​ដោយ​គ្មាន​ឆន្ទៈ​ដោះស្រាយ​ទុក្ខ​លំបាក​ដែល​កម្មករ​ស្នើ​សុំ​នោះ​ទេ។ យ៉ាង​ណា​ក៏ដោយ​ចុះ ក្រុម​កម្មករ​នៅ​មាន​ជំនឿ​នៅ​លើ​កិច្ច​អន្តរាគមន៍​ពី​ស្ថាប័ន​ថ្នាក់​ជាតិ និង​ប្រមុខ​រដ្ឋាភិបាល​ឆាប់ៗ​នេះ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។