សមត្ថកិច្ចខេត្តតាកែវដោះលែងតំណាងសហជីពនិងកម្មករនៃរោងចក្រគ័នថិក(Kuan Tech)១០នាក់មកវិញហើយ បន្ទាប់ពីឃុំខ្លួនប្រមាណ៥ម៉ោង ក្រោយចាប់ខ្លួន កាលពីរសៀលថ្ងៃទី៣០ ខែមិថុនា នៅពេលពួកគេតវ៉ានៅមុខរោងចក្រ ដើម្បីទាមទារឲ្យថៅកែរោងចក្រគោរពច្បាប់ការងារ។
ការដោះលែងនេះដោយមានការធានាខ្លួនអ្នកទាំងនោះដោយសហព័ន្ធសហជីពដើម្បីកម្មករ។
អនុប្រធានសហព័ន្ធសហជីពដើម្បីកម្មករ លោក សំ ផានិត បានឲ្យដឹងថា សមត្ថកិច្ចចាប់ខ្លួនអ្នកទាំងនោះបញ្ជូនទៅ ស្នងការដ្ឋាននគរបាលខេត្តតាកែវដោយមិនបញ្ជាក់ហេតុផលច្បាស់លាស់យ៉ាងណានោះទេ៖ « កាលពីពីរថ្ងៃមុន មានដីការក្សាការពាររបស់តុលាការខេត្ត ដើម្បីបង្គាប់ឲ្យកម្មករចូលធ្វើការតាមបង្គាប់របស់តុលាការហ្នឹង បន្ទាប់ពីគោរពដីកានោះហើយ ពួកគាត់ ( កម្មករ ) ចេញមកធ្វើកូដកម្មនៅខាងក្រៅដូចធម្មតាវិញ។ ក្នុងពេលកំពុងទាមទារនៅខាងក្រៅ ក៏មានការប៉ះទង្គិចគ្នា ដោយសារសន្តិសុខនៅខាងក្នុងបញ្ជាដល់សន្តិសុខគ្នាគាត់ មករារាំងកម្មករ ហើយបង្កឲ្យប៉ះគ្នាមួយប្រាវទៅ។ បន្ទាប់មកមានសមត្ថកិច្ចខេត្ត មកបំបែកនឹងចាប់ខ្លួនតែម្ដង » ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអភិបាលស្រុកត្រាំកក់ លោក តឹក តុងលឹម បំភ្លឺករណីនេះបានទេ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។
កម្មកររោងចក្រផលិតគ្រឿងអេឡិចត្រូនិក គ័នថេក ដែលស្ថិត នៅភូមិចោមពល ឃុំពពេល ស្រុកត្រាំកក់ បានផ្ទុះការតវ៉ាតាំងពីដើមខែមិថុនា និងបានឡើងដល់ក្រសួងការងារដើម្បីអន្តរាគមន៍ដោះស្រាយលើប្រាក់ខែអប្បបរមាកម្មករតាមច្បាប់ការងារចំនួន១២៨ដុល្លារ និងករណីហិង្សាដោយថៅកែជនជាតិចិន ប៉ុន្តែមកដល់ថ្ងៃទី៣០ មិថុនា នៅពុំទាន់មានដំណោះស្រាយនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
