កម្មករកម្មការិនីនៃរោងចក្រផលិតស្បែកជើងកីឡាម៉ាក អាឌីដាស (Adidas) នៅខេត្តកំពង់ឆ្នាំង នាំគ្នាធ្វើកូដកម្មមិនចូលធ្វើការទេនៅថ្ងៃទី២១ ឧសភា ឆ្នាំ២០១៣។ កម្មករទាំងនោះ បាននាំគ្នាឈរនៅខាងមុខរោងចក្រ ដើម្បីទាមទារឲ្យថៅកែក្រុមហ៊ុនដោះស្រាយបញ្ហាចំនួន ១០ចំណុច ជាពិសេសបញ្ឈប់ប្រធានផ្នែកចំនួន ៣នាក់ ដែលពួកគេចោទថា គាបសង្កត់កម្មករ និងរើសអើងសហជីព។
កម្មករកម្មការិនីរោងចក្រ ខេន ស្ពត ស៊ូ ២ (Can Sports Shoe II) ស្ថិតនៅភូមិចម្ការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ប្រមាណ ៤០០នាក់ ដែលធ្វើការផ្នែកអូសពណ៌ស្បែកជើងកីឡាម៉ាក អាឌីដាស បានធ្វើកូដកម្មដកថ្នាក់ដឹកនាំខ្មែរ ចិន ៣នាក់ និងជំរុញឲ្យថៅកែគោរពលក្ខខណ្ឌការងារមួយចំនួនដែលពួកគេគេយល់ថា កេងប្រវ័ញ្ចកម្លាំងពលកម្ម និងរំលោភសិទ្ធិកម្មករ។
អនុប្រធានសហជីពយុវជនខ្មែរប្រចាំរោងចក្រ គឺអ្នកស្រី ប៉ែន សុផុន បានឲ្យដឹងនៅថ្ងៃទី២១ ឧសភា ថា ពួកគាត់សុំឲ្យថៅកែពិចារណាបញ្ឈប់បុគ្គលិកជនជាតិចិន ២នាក់ និងខ្មែរម្នាក់ជាប្រធានផ្នែកអូសពណ៌ចេញពីការងារ ព្រោះកន្លងមកអ្នកទាំងនោះបានគាបសង្កត់កម្មករក្នុងពេលបំពេញការងារប្រចាំថ្ងៃ និងរើសអើងសហជីពក្នុងរោងចក្រ។
អ្នកស្រីបន្តថា ថៅកែរោងចក្រនេះបានបញ្ឈប់កម្មករដោយហេតុផលមិនសមរម្យជាច្រើននាក់មកហើយ។ កូដកម្មនេះពួកគាត់ក៏ទាមទារឲ្យថៅកែអនុវត្តតាមសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលឲ្យអ្នកស្រី សៀម សុខលាភ ប្រធានសហជីពយុវជនខ្មែរប្រចាំរោងចក្រនេះបានចូលធ្វើការវិញដែរ។
យ៉ាងណាក៏ដោយក្រុមកម្មករបានបន្តធ្វើកូដកម្មមិនចូលធ្វើការតាំងពីព្រលឹមរហូតដល់ម៉ោងប្រមាណ ៥ល្ងាច ពុំមានភាគីរោងចក្រចេញមកជួបចរចាជាមួយក្រុមកម្មករនោះទេ។
បុគ្គលិកផ្នែករដ្ឋបាលនៃរោងចក្រ ខេន ស្ពត ស៊ូ ២ កញ្ញា ម៉ាណា បានបដិសេធអត្ថាធិប្បាយចំពោះមូលហេតុដែលកម្មករធ្វើកូដកម្មនេះទេ។
ក្រុមកម្មករបានឲ្យដឹងថា ពួកគេនឹងបន្តធ្វើកូដកម្មទ្រង់ទ្រាយធំនៅថ្ងៃទី២២ ឧសភា ទៀត បើសិនជាគ្មានដំណោះស្រាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
