កម្មករ​ថា​រោងចក្រ​ខ្លះ​នៅ​ខេត្ត​តាកែវ​យក​លុយ​ជា​ថ្នូរ​ឲ្យ​ជាប់​សម្ភាស​ធ្វើ​ការ

ដោយ វ៉ាន វណ្ណដេត
2017-08-29
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ផែនទី​ខេត្ត​តាកែវ
ផែនទី​ខេត្ត​តាកែវ
Photo: RFA

កម្មករ​រោងចក្រ​មួយ​ចំនួន​នៅ​ខែត្រ​តាកែវ ប្រាប់​ថា មាន​រោងចក្រ​ខ្លះ​បាន​ទាមទារ​លុយ​ពី​កម្មករ ឬ​កម្មការិនី​ជា​ថ្នូរ​ឲ្យ​ជាប់​សម្ភាស​ធ្វើ​ការ​ក្នុង​រោងចក្រ។ សហជីព​ថា​ករណី​នេះ​មាន​ស្ទើរ​គ្រប់​ខេត្ត-ក្រុង តែ​កម្មករ​មិន​ហ៊ាន​និយាយ​ជា​ចំហ​ទេ ព្រោះ​ខ្លាច​បាត់បង់​ការងារ និង​ខ្លាច​ខាង​រោងចក្រ​គុំកួន និង​ធ្វើ​បាប។

កម្មករ​ថា​ការ​ទាមទារ​លុយ​ជា​ថ្នូរ​នឹង​ការ​សន្យា​ឲ្យ​ចូល​ធ្វើ​ការ​នៅ​រោងចក្រ​នេះ មិន​មែន​ជា​រឿង​ថ្មី​ទេ ប៉ុន្តែ​មួយ​រយៈពេល​ចុង​ក្រោយ​នេះ ពួក​គាត់​ប្រាប់​ថា​មាន​ការ​ឡើង​ថ្លៃ​ពី​តម្លៃ ៥០​ដុល្លារ​ទៅ ១០០​ដុល្លារ ឬ​ដល់ ៣០០​ដុល្លារ។

កម្មករ​ម្នាក់​ធ្វើ​ការ​នៅ​រោងចក្រ​មួយ​នៅ​ជាយក្រុង​ដូនកែវ ខេត្ត​តាកែវ ស្នើសុំ​មិន​បញ្ចេញ​សំឡេង អះអាង​ថា ករណី​នេះ​បាន​កើត​លើ​រូប​គាត់​ផ្ទាល់។ លោក​បន្ត​ថា បុរស គឺ​រោងចក្រ​យក​តម្លៃ​ថ្លៃ​ជាង​ស្ត្រី ក្នុង​តម្លៃ​ពី ១៥០ ដល់ ៣០០​ដុល្លារ​ក្នុង​ម្នាក់ ឯ​ស្ត្រី​វិញ​ក្នុង​តម្លៃ ១០០​ដុល្លារ។ កម្មករ​បន្ត​ថា គាត់​គ្មាន​អ្វី​ក្រៅ​ពី​បង់​ប្រាក់​តាម​ការ​ទាមទារ ដើម្បី​ជា​ថ្នូរ​បាន​ការងារ​ធ្វើ​នៅ​ក្នុង​រោងចក្រ​នោះ​ទេ ព្រោះ​មិន​ចង់​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ឆ្ងាយ​ពី​ភូមិ​កំណើត និង​ប្រឈម​នឹង​គ្រោះថ្នាក់​ខ្ពស់។

ប្រាក់​ឈ្នួល​គោល​កម្មករ​បច្ចុប្បន្ន​ទទួល​បាន ១៥៨​ដុល្លារ​ក្នុង​មួយ​ខែ។ ប្រាក់​ឈ្នួល​គោល​កម្មករ នឹង​ត្រូវ​ប្រជុំ​វាយ​តម្លៃ​ដើម្បី​ដំឡើង​ជា​រៀង​រាល់​ឆ្នាំ ខណៈ​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ថា ចាប់​ពី​ឆ្នាំ​២០១៩ តទៅ កម្មករ​កម្មការិនី​រោងចក្រ​នឹង​ទទួល​បាន​ប្រាក់​សោធន​និវត្តន៍ ឬ​ប្រាក់​រ៉ឺត្រែត​ដូច​មន្ត្រី​រាជការ​ដែរ។

អគ្គលេខាធិការ​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ លោក សួន សារ៉ែន ឲ្យ​អាស៊ីសេរី​ដឹង​ថា ករណី​យក​លុយ​ពី​កម្មករ​ដើម្បី​ជា​ថ្នូរ​នឹង​ការ​ឲ្យ​ចូល​ធ្វើ​ការ​ក្នុង​រោងចក្រ សហជីព​លោក​កំពុង​ស៊ើប​អង្កេត៖ «បើ​គាត់ (កម្មករ) ប្រាប់​ទៅ​ខ្លាច​បារម្ភ​ថា​បាត់​ការងារ​របស់​គាត់»

ចំណែក​មន្ត្រី​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អ្នកស្រី យ៉ង់ លាភ ប្រាប់​ថា ករណី​នេះ​មាន​កម្មករ​មួយ​ចំនួន​បាន​លួច​ប្រាប់​សហជីព​តាម​រោងចក្រ​ដែរ ប៉ុន្តែ​កម្មករ​ទាំងនោះ​មិន​ហ៊ាន​បញ្ចេញ​មុខ ឬ​ប្តឹងផ្តល់​ជា​លាយលក្ខណ៍​អក្សរ ជា​ហេតុ​នាំ​ឲ្យ​សហជីព​មាន​ការ​ពិបាក​ក្នុង​ការ​បង្ហាញ​ជា​សាធារណៈ។ អ្នកស្រី​បន្ត​ថា ខាង​សហជីព​អ្នកស្រី​ក៏​កំពុង​ស៊ើប​អង្កេត​ករណី​នេះ​ដែរ៖ «កម្មករ​គាត់​អត់​ហ៊ាន​ផ្ដល់​អា​ហ្នឹង​មក​ឲ្យ​យើង​ទេ ម្ចាស់​ខ្លួន​គាត់​អត់​ហ៊ាន​ទេ កាលណា​គាត់​និយាយ​ខ្លាច​ប៉ះពាល់​កិច្ចសន្យា គេ​ផ្ដាច់​កិច្ចសន្យា​គាត់​ចឹង»

ទាក់ទង​ករណី​នេះ អាស៊ីសេរី មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ហេង សួរ និង​លោក សេង សក្ដា បាន​ទេ​នៅ​ថ្ងៃ​ទី​២៩ សីហា ដោយ​លោក ហេង សួរ មិន​លើក​ទូរស័ព្ទ និង​លោក សេង សក្ដា ប្រាប់​ថា​រវល់៖ «អូ! ពូ​រវល់​ណាស់»

កាល​ពី​ថ្ងៃ​ទី​២០ ខែ​សីហា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា ចាប់​ពី​ខែ​មករា ឆ្នាំ​២០១៨ ទៅ ថៅកែ​ក្រុមហ៊ុន​ត្រូវ​ទទួល​ខុស​ត្រូវ​បង់​ថ្លៃ​សេវា​គាំពារ​សុខភាព​កម្មករ ១០០​ភាគរយ រីឯ​ចាប់​ពី​ឆ្នាំ​២០១៩ កម្មករ​កម្មការិនី​នឹង​ទទួល​បាន​ប្រាក់​ចូល​និវត្តន៍​ដូច​មន្ត្រី​រាជការ​ដែរ។ លោក​នាយក​រដ្ឋមន្ត្រី ក៏​បាន​សន្យា​ទៀត​ថា នឹង​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​រោងចក្រ​ឲ្យ​បាន​ដល់ ១៦៨​ដុល្លារ​ក្នុង​មួយ​ខែ​នៅ​ឆ្នាំ​២០១៨។ ក្រៅ​ពី​នេះ កម្មករ​កម្មការិនី​អាច​ជិះ​រថយន្ត​ក្រុង​សាធារណៈ​ពីរ​ឆ្នាំ​ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ខែ​សីហា ឆ្នាំ​២០១៧ ដល់​ខែ​សីហា ឆ្នាំ​២០១៩ ដោយ​គ្រាន់​តែ​បង្ហាញ​ប័ណ្ណ​ការងារ។

កម្មករ​ធ្វើ​ការ​ក្នុង​វិស័យ​កាត់ដេរ និង​ស្បែកជើង​នៅ​ខេត្ត​តាកែវ ប្រាប់​ថា ជនជាតិ​ចិន ជា​ថៅកែ​រោងចក្រ​ប្រហែល​មិន​បាន​ដឹង​អំពី​ការ​យក​លុយ​ជា​ថ្នូរ​ឲ្យ​ជាប់​ជា​កម្មករ​ធ្វើ​ការ​ក្នុង​រោងចក្រ​ទេ ព្រោះ​ជំនួយការ​របស់​ថៅកែ​ជា​ជនជាតិ​ខ្មែរ​ដែល​ជា​អ្នក​យក​ប្រាក់​ពី​ពួក​គាត់។ ពួក​គាត់​ស្នើ​ឲ្យ​មន្ត្រី​ជំនាញ​ក្នុង​វិស័យ​កាត់ដេរ និង​ថៅកែ​រោងចក្រ អន្តរាគមន៍​ករណី​នេះ ជៀសវាង​ជន​ឆ្លៀត​ឱកាស​កេងប្រវ័ញ្ច​លុយ​របស់​កម្មករ​តាំង​ពី​មុន​ពេល​ចូល​ធ្វើ​ការ។ កម្មករ​ក៏​បាន​ប្រាប់​ថា កន្លង​ទៅ​ក៏​មាន​ករណី​ថៅកែ​រោងចក្រ​ជា​ជនជាតិ​ចិន ស៊ើប​ដឹង ហើយ​បាន​បណ្ដេញ​ជំនួយការ ឬ​រដ្ឋបាល​នោះ​ចោល​ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល