កម្មកររោងចក្រមួយចំនួននៅខែត្រតាកែវ ប្រាប់ថា មានរោងចក្រខ្លះបានទាមទារលុយពីកម្មករ ឬកម្មការិនីជាថ្នូរឲ្យជាប់សម្ភាសធ្វើការក្នុងរោងចក្រ។ សហជីពថាករណីនេះមានស្ទើរគ្រប់ខេត្ត-ក្រុង តែកម្មករមិនហ៊ាននិយាយជាចំហទេ ព្រោះខ្លាចបាត់បង់ការងារ និងខ្លាចខាងរោងចក្រគុំកួន និងធ្វើបាប។
កម្មករថាការទាមទារលុយជាថ្នូរនឹងការសន្យាឲ្យចូលធ្វើការនៅរោងចក្រនេះ មិនមែនជារឿងថ្មីទេ ប៉ុន្តែមួយរយៈពេលចុងក្រោយនេះ ពួកគាត់ប្រាប់ថាមានការឡើងថ្លៃពីតម្លៃ ៥០ដុល្លារទៅ ១០០ដុល្លារ ឬដល់ ៣០០ដុល្លារ។
កម្មករម្នាក់ធ្វើការនៅរោងចក្រមួយនៅជាយក្រុងដូនកែវ ខេត្តតាកែវ ស្នើសុំមិនបញ្ចេញសំឡេង អះអាងថា ករណីនេះបានកើតលើរូបគាត់ផ្ទាល់។ លោកបន្តថា បុរស គឺរោងចក្រយកតម្លៃថ្លៃជាងស្ត្រី ក្នុងតម្លៃពី ១៥០ ដល់ ៣០០ដុល្លារក្នុងម្នាក់ ឯស្ត្រីវិញក្នុងតម្លៃ ១០០ដុល្លារ។ កម្មករបន្តថា គាត់គ្មានអ្វីក្រៅពីបង់ប្រាក់តាមការទាមទារ ដើម្បីជាថ្នូរបានការងារធ្វើនៅក្នុងរោងចក្រនោះទេ ព្រោះមិនចង់ទៅធ្វើការនៅក្រៅប្រទេសឆ្ងាយពីភូមិកំណើត និងប្រឈមនឹងគ្រោះថ្នាក់ខ្ពស់។
ប្រាក់ឈ្នួលគោលកម្មករបច្ចុប្បន្នទទួលបាន ១៥៨ដុល្លារក្នុងមួយខែ។ ប្រាក់ឈ្នួលគោលកម្មករ នឹងត្រូវប្រជុំវាយតម្លៃដើម្បីដំឡើងជារៀងរាល់ឆ្នាំ ខណៈដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា ចាប់ពីឆ្នាំ២០១៩ តទៅ កម្មករកម្មការិនីរោងចក្រនឹងទទួលបានប្រាក់សោធននិវត្តន៍ ឬប្រាក់រ៉ឺត្រែតដូចមន្ត្រីរាជការដែរ។
អគ្គលេខាធិការសម្ព័ន្ធសហជីពចលនាកម្មករ លោក សួន សារ៉ែន ឲ្យអាស៊ីសេរីដឹងថា ករណីយកលុយពីកម្មករដើម្បីជាថ្នូរនឹងការឲ្យចូលធ្វើការក្នុងរោងចក្រ សហជីពលោកកំពុងស៊ើបអង្កេត៖ « បើគាត់ ( កម្មករ ) ប្រាប់ទៅខ្លាចបារម្ភ ថាបាត់ ការងារ របស់គាត់ »។
ចំណែកមន្ត្រីសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា អ្នកស្រី យ៉ង់ លាភ ប្រាប់ថា ករណីនេះមានកម្មករមួយចំនួនបានលួចប្រាប់សហជីពតាមរោងចក្រដែរ ប៉ុន្តែកម្មករទាំងនោះមិនហ៊ានបញ្ចេញមុខ ឬប្តឹងផ្តល់ជាលាយលក្ខណ៍អក្សរ ជាហេតុនាំឲ្យសហជីពមានការពិបាកក្នុងការបង្ហាញជាសាធារណៈ។ អ្នកស្រីបន្តថា ខាងសហជីពអ្នកស្រីក៏កំពុងស៊ើបអង្កេតករណីនេះដែរ៖ « កម្មករ គាត់អត់ ហ៊ានផ្ដល់ អាហ្នឹង មកឲ្យយើងទេ ម្ចាស់ខ្លួនគាត់អត់ហ៊ាន ទេ កាលណាគាត់និយាយខ្លាច ប៉ះពាល់កិច្ចសន្យា គេផ្ដាច់កិច្ចសន្យាគាត់ចឹង »។
ទាក់ទងករណីនេះ អាស៊ីសេរី មិនទាន់អាចសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ និងលោក សេង សក្ដា បានទេនៅថ្ងៃទី២៩ សីហា ដោយលោក ហេង សួរ មិនលើកទូរស័ព្ទ និងលោក សេង សក្ដា ប្រាប់ថារវល់៖ « អូ ! ពូរវល់ណាស់ »។
កាលពីថ្ងៃទី២០ ខែសីហា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា ចាប់ពីខែមករា ឆ្នាំ២០១៨ ទៅ ថៅកែក្រុមហ៊ុនត្រូវទទួលខុសត្រូវបង់ថ្លៃសេវាគាំពារសុខភាពកម្មករ ១០០ភាគរយ រីឯចាប់ពីឆ្នាំ២០១៩ កម្មករកម្មការិនីនឹងទទួលបានប្រាក់ចូលនិវត្តន៍ដូចមន្ត្រីរាជការដែរ។ លោកនាយករដ្ឋមន្ត្រី ក៏បានសន្យាទៀតថា នឹងដំឡើងប្រាក់ឈ្នួលកម្មកររោងចក្រឲ្យបានដល់ ១៦៨ដុល្លារក្នុងមួយខែនៅឆ្នាំ២០១៨។ ក្រៅពីនេះ កម្មករកម្មការិនីអាចជិះរថយន្តក្រុងសាធារណៈពីរឆ្នាំដោយឥតគិតថ្លៃ ចាប់ពីខែសីហា ឆ្នាំ២០១៧ ដល់ខែសីហា ឆ្នាំ២០១៩ ដោយគ្រាន់តែបង្ហាញប័ណ្ណការងារ។
កម្មករធ្វើការក្នុងវិស័យកាត់ដេរ និងស្បែកជើងនៅខេត្តតាកែវ ប្រាប់ថា ជនជាតិចិន ជាថៅកែរោងចក្រប្រហែលមិនបានដឹងអំពីការយកលុយជាថ្នូរឲ្យជាប់ជាកម្មករធ្វើការក្នុងរោងចក្រទេ ព្រោះជំនួយការរបស់ថៅកែជាជនជាតិខ្មែរដែលជាអ្នកយកប្រាក់ពីពួកគាត់។ ពួកគាត់ស្នើឲ្យមន្ត្រីជំនាញក្នុងវិស័យកាត់ដេរ និងថៅកែរោងចក្រ អន្តរាគមន៍ករណីនេះ ជៀសវាងជនឆ្លៀតឱកាសកេងប្រវ័ញ្ចលុយរបស់កម្មករតាំងពីមុនពេលចូលធ្វើការ។ កម្មករក៏បានប្រាប់ថា កន្លងទៅក៏មានករណីថៅកែរោងចក្រជាជនជាតិចិន ស៊ើបដឹង ហើយបានបណ្ដេញជំនួយការ ឬរដ្ឋបាលនោះចោលផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
