ជំនួប​រវាង​មន្ត្រី​ក្រសួង​ការងារ​និង​មេ​សហជីព​រឿង​ប្រាក់​ខែ​កម្មករ​បរាជ័យ

0:00 / 0:00

ការ​ជួប​ពិភាក្សា​រវាង​ថ្នាក់​ដឹកនាំ​ក្រសួង​ការងារ និង​តំណាង​សហជីព​កម្មករ​ចំនួន ៦ នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​៣០ ខែ​ធ្នូ នា​ទីស្ដីការ​ក្រសួង​ការងារ ដើម្បី​ពិភាក្សា​រឿង​ឡើង​ប្រាក់​ខែ​អប្បបរមា​ឲ្យ​កម្មករ​នោះ មិន​ទទួល​បាន​លទ្ធផល​​ទេ ដោយសារ​ភាគី​តំណាង​រោងចក្រ ឬ​សមាគម​រោងចក្រ​កាត់​ដេរ​កម្ពុជា មិន​ចូល​រួម។ ក្នុង​ជំនួប​នេះ មាន​ក្រុម​កម្មករ​រាប់​រយ​ក្រុមហ៊ុន និង​មាន​ចំនួន​រាប់​ម៉ឺន​នាក់ បាន​មក​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​ក្រសួង​ការងារ ​និង​បាន​បិទ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី ចន្លោះ​ពី​ម៉ោង ៩​ព្រឹក ដល់​ម៉ោង​ជិត ១២​ថ្ងៃ​ត្រង់។

បន្ទាប់​ពី​ជំនួប​ដឹកនាំ​ដោយ​លោក អ៊ុំ មាន រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​មេដឹកនាំ​សហជីព​ធំៗ​ចំនួន​៦ ត្រូវ​​​បរាជ័យ ដោយសារ​អវត្តមាន​តំណាង​ភាគី​ថៅកែ​រោងចក្រ កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​៣០ ខែ​ធ្នូ រួច​មក ក្រុម​កម្មករ​​​​រាប់​​​ម៉ឺន​នាក់​ក៏​បាន​បន្ត​ដើរ​ហែ​ក្បួន​មក​កាន់​ទីស្តី​ការគណៈរដ្ឋមន្ត្រី នៅ​រសៀល​ថ្ងៃ​ដដែល ដើម្បី​ស្នើ​ឲ្យ​ថ្នាក់​​ដឹកនាំ​ស្ថាប័ន​រដ្ឋាភិបាល​មួយ​នេះ ជួយ​អន្តរាគមន៍​វិញ​ម្ដង។ ប៉ុន្តែ​ក្បួន​ហែ​របស់​ក្រុម​កម្មករ មិន​បាន​ទៅ​ដល់​មុខ​​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ទេ ដោយសារ​តែ​កម្លាំង​ប៉ូលិស ប៉េអឹម មាន​សមត្ថកិច្ច បាន​ដាក់​ពង្រាយ​បន្លា​លួស និង​ពង្រាយ​កម្លាំង​រាប់​រយ​នាក់​រារាំង​ជុំវិញ​ទីតាំង​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ហើយ​ក្រុម​កម្មករ និង​មេដឹកនាំ​សហជីព ក៏​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្បែរ​ក្រសួង​ការពារ​ជាតិ តាម​ផ្លូវ​សហព័ន្ធ​រុស្ស៊ី ដើម្បី​បន្ត​ទាមទារ​ឲ្យ​រដ្ឋាភិបាល ជួយ​ដំឡើង​ប្រាក់​ខែ​ជូន​ពួក​គេ​ចំនួន ១៦០​ដុល្លារ​ក្នុង​១​ខែ​សម្រាប់​កម្មករ​ម្នាក់។

ទោះ​ជា​បែប​ណា ក្រុម​កម្មករ​បាន​ប្រកាស​រំសាយ​នៅ​ម៉ោង ៣ និង ៣០​នាទី​ល្ងាច​ថ្ងៃ​ច័ន្ទ ដោយ​ប្រកាស​ប្រមូល​ផ្តុំ​នៅ​មុខ​ក្រសួង​ការងារ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​៣១ ខែ​ធ្នូ ជា​បន្ត​ទៀត។

នៅ​ក្នុង​ពិធី​ប្រមូល​ផ្តុំ ក្រុម​កម្មករ​បាន​បន្ត​អំពាវនាវ​ដល់​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល ឲ្យ​ជួយ​ដំឡើង​ប្រាក់​ខែ​គោល​ជូន​ពួកគេ​ឲ្យ​បាន ១៦០​ដុល្លារ​ក្នុង​១​ខែ ទើប​ព្រម​ចូល​ធ្វើ​ការ​វិញ។

លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា ស្ថិត​ក្នុង​ចំណោម​មេដឹកនាំ​សហជីព​ចំនួន ៦ ដែល​បាន​ចូល​ជួប​ចរចា​ជាមួយ​មន្ត្រី​ក្រសួង​ការងារ នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ មាន​ប្រសាសន៍​ថា ក្រុម​កម្មករ​នឹង​បន្ត​ធ្វើ​កូដកម្ម​មិន​ចូល​​ធ្វើ​ការ​រហូត​ដល់​មាន​ដំណោះស្រាយ​សម​ស្រប​លើ​បញ្ហា​ដំឡើង​ប្រាក់​ខែ​គោល ដែល​ក្រុម​កម្មករ​បាន​ទាមទារ ១៦០​ដុល្លារ​ក្នុង​១​ខែ ទើប​រំសាយ​ការ​តវ៉ា។

ស្រដៀង​គ្នា​ដែរ លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ ក៏​បាន​​រៀប​រាប់​នៅ​ពី​មុខ​ក្រសួង​ការងារ នៅ​ព្រឹក​​ថ្ងៃ​ច័ន្ទ ថា នឹង​បន្ត​ដឹកនាំ​ក្រុម​កម្មករ​ដើម្បី​ទាមទារ​ដំឡើង​ប្រាក់ខែ​គោល ឆ្នាំ​២០១៤ ឲ្យ​បាន ១៦០​ដុល្លារ​ក្នុង​១​ខែ ទើប​កម្មករ​ព្រម​ទទួល​យក។

ទោះ​យ៉ាង​ណា សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា ហៅ​កាត់​ថា ជីម៉ាក់ (GMAC) ដែល​ជា​តំណាង​ឲ្យ​ភាគី​ថៅកែ​រោងចក្រ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ បាន​ចេញ​លិខិត​ចំហ​ប្រកាស​មិន​ចូល​រួម​ប្រជុំ​ចរចា​ជាមួយ​ក្រសួង​ការងារ ឬ​មេ​ដឹកនាំ​សហជីព​នោះ​ទេ។ សមាគម​កាត់​ដេរ​បាន​ដាក់​លក្ខខណ្ឌ​ឲ្យ​អ្នក​ដឹកនាំ​សហជីព​ចំនួន ៦ និង​មន្ត្រី​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ធានា​ចំពោះ​សុវត្ថិភាព និង​ការពារ​ទ្រព្យ​សម្បត្តិ​អ្នក​វិនិយោគ ទើប​និយោជក​តំណាង​ឲ្យ​ថៅកែ​រោងចក្រ​កាត់​ដេរ​ទទួល​បន្ត​ពិភាក្សា​ត​ទៅ​ទៀត​បាន។

ទោះ​ជា​បែប​ណា មន្ត្រី​ក្រសួង​ការងារ​​មាន​ការ​សោកស្ដាយ​ចំពោះ​ភាគី​សមាគម​រោងចក្រ​កាត់ដេរ ដែល​ជា​តំណាង​ឲ្យ​ថៅកែ​រោងចក្រ មិន​ចូល​រួម​ក្នុង​តុ​ចរចា​ដើម្បី​បញ្ចប់​ជម្លោះ​តវ៉ា។ មន្ត្រី​ក្រសួង​ការងារ បាន​ស្នើ​ទៅ​ភាគី​តំណាង​ថៅកែ​រោងចក្រ ត្រូវ​ពិចារណា និង​ងាក​មក​តុ​ចរចា ដើម្បី​ដោះ​ស្រាយ​​វិវាទ​ទាមទារ​ដំឡើង​ប្រាក់​ខែ​គោល​របស់​ក្រុម​កម្មករ​ឲ្យ​បាន​ឆាប់។

យ៉ាង​ណា​ក៏ដោយ ក្រុម​កម្មករ​រាប់​ម៉ឺន​នាក់ នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​៣០ ខែ​ធ្នូ បាន​អះអាង​ដូចៗ​គ្នា​ថា នឹង​បន្ត​ធ្វើ​កូដកម្ម ឬ​មិន​ចូល​ធ្វើ​ការ ដើម្បី​ទាមទារ​ដំឡើង​ប្រាក់​ខែ​ឲ្យ​បាន ១៦០​ដុល្លារ​ក្នុង​១​ខែ ទើប​ព្រម​ចូល​ធ្វើ​ការ​វិញ។

ការ​ប្រមូល​ផ្តុំ​គ្នា​របស់​ក្រុម​កម្មករ​នៅ​មុខ​ក្រសួង​ការងារ នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ មាន​កម្មករ​មក​ពី​រោងចក្រ​កាត់​ដេរ និង​ផលិត​ស្បែក​ជើង​រាប់​រយ​ក្រុមហ៊ុន​ផ្សេងៗ​គ្នា មាន​ទីតាំង​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​ជិត​ខាង។ កម្មករ​ខ្លះ​បាន​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង និង​មាន​ខ្លះ​ទៀត​ដោយ​មធ្យោបាយ​ម៉ូតូ រ៉ឺម៉ក ម៉ូតូ​កង់​បី ឬ​រថយន្ត​ទួរីស​ជាដើម បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​១ លេខ​២ លេខ​៣ លេខ​៤ លេខ​៥ និង​ផ្លូវ​លេខ ៦អា និង​តាម​ផ្លូវ​មួយ​ចំនួន​​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។