ប្រជាពលរដ្ឋមួយចំនួនមកពីខេត្តនានាចំនួន ២៥០នាក់ ដែលមកធ្វើការយកប្រាក់ឈ្នួលនៅរោងចក្រផលិតស្ករសរបស់ឥណ្ឌា ឈ្មោះរោងចក្រ កាមាដេនូ (Kamadhenu) ស្ថិតនៅឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ បានធ្វើបាតុកម្មបិទផ្លូវខាងមុខការដ្ឋានមួយនៃរោងចក្រ ទាមទារឲ្យថៅកែបើកប្រាក់ឈ្នួលឲ្យពួកគាត់។
កម្មករមួយរូបក្នុងចំណោមកម្មករអ្នកតវ៉ាទាំងនោះ គឺលោក ស៊ឹម យ៉ាន បានថ្លែងនៅថ្ងៃទី៨ មិថុនា ថា មូលហេតុដែលពួកគាត់ធ្វើដូច្នេះ គឺចង់ឲ្យថៅកែរោងចក្រនេះបើកលុយឲ្យកម្មករ ដោយសារតែពួកគាត់មិនឃើញមេការជនជាតិវៀតណាម ដែលទទួលខុសត្រូវបើកលុយឲ្យកម្មករមកការដ្ឋានឡើយ បន្ទាប់ពីសន្យាថាបើកឲ្យកម្មករនៅថ្ងៃទី៣០ ឬថ្ងៃទី៣១ ខែឧសភា ហើយគ្មានដំណឹងរហូតមកដល់ថ្ងៃនេះ។
លោកបន្តថា កម្មករធ្វើការដាំដើមអំពៅ ជម្រះស្មៅ និងបាចជីក្នុងចម្ការអំពៅ ដែលមួយថ្ងៃបានប្រាក់ឈ្នួល ២ម៉ឺន ៦ពាន់រៀល តែរោងចក្រនេះមិនបានបើកប្រាក់ឈ្នួលឲ្យពួកគាត់ចំនួន ១៤ថ្ងៃ សរុបម្នាក់ប្រមាណ ៩០ដុល្លារប៉ុណ្ណោះ។
កម្មករមួយចំនួនបានត្អូញថា អ្នកគ្រប់គ្រងរោងចក្រនេះបានគាបសង្កត់កម្លាំងពលកម្មកម្មករ។ ការទាមទារនេះ គឺជាលើកចុងក្រោយ បើមានដំណោះស្រាយពួកគាត់នឹងលែងបន្តការងារទៀតហើយ និងខ្លះថាវិលត្រឡប់ទៅស្រុកកំណើតវិញ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកគ្រប់គ្រងរោងចក្រផលិតស្ករសរបស់ឥណ្ឌា ឈ្មោះរោងចក្រ កាមាដេនូ នៅខេត្តក្រចេះ បានទេ។ អ្នកលើកទូរស័ព្ទរបស់ក្រុមហ៊ុន បានថ្លែងថា ពួកគេមិនដឹងរឿងនេះឡើយ។
យ៉ាងណាក៏ដោយ កម្មករបានរំសាយការបិទផ្លូវចូលរោងចក្រវិញនៅម៉ោងប្រមាណ ១២ថ្ងៃត្រង់ថ្ងៃដដែល បន្ទាប់ពីមានការចរចាដោះស្រាយពីភាគីក្រុមហ៊ុន។
អភិបាលស្រុកសំបូរ លោក ហេង សីហា ដែលបានសម្របសម្រួលបញ្ហានេះ មានប្រសាសន៍ថា ភាគីរោងចក្របានសន្យាថានឹងដោះស្រាយជូនកម្មករតាមការទាមទារបើកប្រាក់ឈ្នួលនៅល្ងាចថ្ងៃដដែល។
យ៉ាងណាក៏ដោយ ក្រុមកម្មករអះអាងថា ពួកគាត់នឹងបន្តបិទផ្លូវនៅថ្ងៃស្អែកទៀត បើសិនជាក្រុមហ៊ុននេះមិនធ្វើតាមការសន្យា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
