ការទាមទារនេះធ្វើឡើងចំពេលដែលគណបក្សសង្គ្រោះជាតិប្រកាសផ្អាកធ្វើបាតុកម្មដើរហែក្បួនរបស់ខ្លួនរយៈពេល ៦ថ្ងៃ គឺគិតចាប់ពីថ្ងៃទី៣០ ខែធ្នូ នេះ។ ក្រុមកម្មករព្រមានថា ប្រសិនបើគ្មានដំណោះស្រាយពីរាជរដ្ឋាភិបាល ឬម្ចាស់ក្រុមហ៊ុនទេនោះ ពួកគេនឹងធ្វើបាតុកម្មជាថ្មីទៀតចាប់ពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៤ តទៅ។
កម្មករ កម្មការិនីបម្រើការងារនៅក្នុងរោងចក្រចំនួន ៦ នៅទូទាំងខេត្តកំពង់ឆ្នាំង គឺមានទី១ រោងចក្រ អឹម.វ៉េ (MV) ទី២ រោងចក្រ ខេន ស្ប៉ត (Can Sport) ទី៣ រោងចក្រ ឡុង លីត (Long Lid) ទី៤ រោងចក្រ ជិន យី (Jen Yee) ទី៥ រោងចក្រ តឹក ហ្វុក (Tak Fook) និងទី៦ រោងចក្រ ត្រី ប៉ុស (Try Pos) បានបន្តធ្វើបាតុកម្មនៅខាងមុខរោងចក្ររបស់ខ្លួន និងឈានដល់ការបិទផ្លូវជាតិលេខ៥ទៀតផង។
ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំរោងចក្រ ត្រី ប៉ុស អ្នកស្រី លី ស៊ិន មានប្រសាសន៍ថា កម្មករនៅក្នុងរោងចក្រទាំងអស់បានស្រុះស្រួលគ្នា និងនាំគ្នាចេញមកក្រៅរោងចក្រ ដើម្បីធ្វើបាតុកម្ម ហើយឈានដល់ការបិទផ្លូវជាតិលេខ៥ ត្រង់ចំណុចឃុំឈូកស ស្រុកកំពង់ត្រឡាច ប្រមាណជា ២ម៉ោងទើបបើកវិញ។
អ្នកស្រី លី ស៊ិន៖ «ភ្នំពេញចរចាបានសម្រេច ១០០% ពួកខ្ញុំអាចទទួលយកបាន ពួកខ្ញុំអត់ប្រើសកម្មភាពអ្វីបន្តទៀតទេ។ ការប៉ះទង្គិចមានបន្តិចបន្តួចលោកពូ ដោយសារកម្មករសម្រុកចេញមកក្រៅ ដល់ពេលអ៊ីចឹងទៅខាងផ្នែកសន្តិសុខខាងក្រុមហ៊ុនហ្នឹងគាត់បិទទ្វារអូតូម៉ាទិក ពេលអ៊ីចឹងគាបជើងកម្មករ ធ្វើឲ្យគាត់មានរបួសរបកក្រចកជើង ហើយបែកមេជើង»។
ចំណែកមន្ត្រីសហជីពសេរីកម្មករម្នាក់ទៀត លោក កាត សុខវី បញ្ជាក់ថា នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ក៏មានកម្មករ កម្មការិនីរាប់ពាន់នាក់ដែលបម្រើការងារនៅក្នុងរោងចក្រចំនួន ៤ បានងើបឡើងតវ៉ារឿងដំឡើងប្រាក់ខែគោលនេះព្រមៗគ្នាដែរ គឺពុំមានតំណាងសហជីពណាទៅដឹកនាំនោះទេ។
លោកបន្តថា ក្រុមកម្មករបានដើរជាក្បួនពីរោងចក្រមួយទៅរោងចក្រមួយ និងបានប្រមូលផ្ដុំគ្នាតវ៉ានៅខាងមុខរោងចក្រមួយឈ្មោះ តឹក ហ្វុក ស្ថិតនៅភូមិចម្ការស្វាយ ស្រុកសាមគ្គីមានជ័យ ហើយក្រុមបានរំសាយទៅវិញនៅម៉ោងប្រមាណជា ៩កន្លះ ដោយមិនបានបិទផ្លូវ ឬមានការប៉ះទង្គិចគ្នាជាមួយកម្លាំងសមត្ថកិច្ចឡើយ។
ដោយឡែកនៅរោងចក្រ អឹម.វ៉េ ស្ថិតនៅក្នុងក្រុងកំពង់ឆ្នាំងវិញ ក៏មានកម្មករ កម្មការិនីប្រមាណជា ២០០នាក់ បានស្រែកដាក់ឧបករណ៍បំពងសំឡេងទាមទាររកប្រាក់ខែគោលចំនួន ១៦០ដុល្លារដែរ បន្ទាប់ពីមានតំណាងរោងចក្រមួយនេះ បានប្រកាសប្រាប់ទៅកម្មករទាំងអស់ឲ្យឈប់សម្រាកការងារដោយមិនកំណត់ពេលវេលាចូលធ្វើវិញ។ ក្រុមកម្មករបានរំសាយនៅម៉ោងប្រហែលជា ៩ព្រឹក ដោយពុំមានម្ចាស់ក្រុមហ៊ុន ឬមន្ត្រីពីស្ថាប័នណាចេញមកអន្តរាគមន៍ឡើយ។
ទាក់ទងនឹងបញ្ហានេះ ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តកំពង់ឆ្នាំង លោក ពៅ ស៊ីថា មានប្រសាសន៍ថា លោកមានការសោកស្ដាយចំពោះសកម្មភាពបាតុកម្ម និងការអុកឡុករបស់ក្រុមបាតុករនៅតាមរោងចក្រមួយចំនួន ខណៈដែលមានកម្មករភាគច្រើនកំពុងតែបំពេញការងាររបស់ខ្លួននៅក្នុងរោងចក្រ។
លោក ពៅ ស៊ីថា៖ «ឥឡូវដំណោះស្រាយយើងមានទប់ បើគាត់ធ្វើអំពើហិង្សា អាហ្នឹងផ្លូវច្បាប់ថាម៉េចអីម៉េច អាហ្នឹងខាងសមត្ថកិច្ចគេអ្នកចាត់ចែង ហើយខ្ញុំខាងការងារ ខ្ញុំអត់ទេ ខ្ញុំដោះស្រាយតែក្នុងលក្ខខណ្ឌការងារ។ បើយើងបាតុកម្មតាមផ្លូវច្បាប់ យើងដឹងហើយកន្លងទៅ យើងតវ៉ារឿងអីមួយនៅក្នុងរោងចក្រ "ក" យើងតវ៉ាតែនៅក្នុងរោងចក្រយើងទៅ កន្លងមកយើងឃើញទិដ្ឋភាពហើយអាគេកំពុងធ្វើការយើងទៅវាយ ទៅអុកឡុកគេ សួរថាអាហ្នឹងប្រជាធិបតេយ្យ ឬអនាធិបតេយ្យ?»។
លោកបញ្ជាក់ថា ប្រាក់ខែគោលចំនួន ១៦០ដុល្លារដែលក្រុមកម្មករទាមទារនៅពេលនេះ គឺជាចំនួនមួយទ្វេជាពីរ ហើយលោកយល់ថា បើម្ចាស់រោងចក្រអាចមានលទ្ធភាពដំឡើងបានដូចការទាមទារមែននោះ គេនឹងមិនសុខចិត្តឲ្យកម្មករធ្វើបាតុកម្មមិនចូលធ្វើការងារ បណ្ដាលឲ្យខាតបង់ប្រាក់រាប់ពាន់ដុល្លារដូច្នេះឡើយ។
ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំកិច្ចប្រជុំមួយនៅព្រឹកថ្ងៃទី៣០ ខែធ្នូ ដោយតម្រូវឲ្យតំណាងសហជីពកម្មករចំនួន៦ ដែលបានដឹកនាំកម្មករធ្វើបាតុកម្មនៅទូទាំងប្រទេស និងភាគីពាក់ព័ន្ធមួយចំនួន ដើម្បីជួប និងពិភាក្សាដោះស្រាយបញ្ហា ក្នុងគោលបំណងឈានទៅរកការបញ្ចប់ធ្វើបាតុកម្មដោយកម្មករ ក៏ប៉ុន្តែកិច្ចប្រជុំនេះបានបរាជ័យដោយសារតែពុំមានវត្តមានរបស់ភាគីម្ចាស់រោងចក្រចូលរួម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
