កម្មករ​រោងចក្រ​ប្រមាណ​២​ពាន់​នាក់​ធ្វើ​កូដកម្ម​បិទ​ផ្លូវ​ជាតិ​លេខ​៥

កម្មករ កម្មការិនី​រោងចក្រ ជីន យី (Cin Yi) ប្រមាណ​ជា ២​ពាន់​នាក់ នាំ​គ្នា​បិទ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥ អស់​រយៈ​ពេល​ជា​ច្រើន​ម៉ោង នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​សីហា ត្រង់​ចំណុច​ភូមិ​ចម្ការ​ស្វាយ ឃុំ​សេដ្ឋី ស្រុក​សាមគ្គីមានជ័យ ខេត្ត​កំពង់ឆ្នាំង បន្ទាប់​ពី​ធ្វើ​កូដកម្ម​នៅ​មុខ​រោងចក្រ​រយៈ​មួយ​សប្ដាហ៍​គ្មាន​លទ្ធផល។

អគ្គលេខាធិការ​រង​នៃ​សហព័ន្ធ​សហជីព​ស្មារតី​កម្មករ​ខ្មែរ​លោក សួស សុខា មាន​ប្រសាសន៍​ថា ក្រុម​កម្មករ និង​សន្តិសុខ​ក្រុមហ៊ុន​បាន​ទាក់​ពាក្យ​សម្ដី​គ្នា ហើយ​ឈាន​ដល់​ការ​ប៉ះទង្គិច​គ្នា​មួយ​ប្រាវ​បណ្ដាល​ឲ្យ​ស្ត្រី​ម្នាក់​សន្លប់ ខណៈ​ដែល​កម្មករ​ស្រែក​តវ៉ា​នៅ​ខាង​មុខ​រោង​ចក្រ​ទាមទារ​ដំណោះ​ស្រាយ​ចំនួន ១៧​ចំណុច​ពី​ភាគី​ក្រុមហ៊ុន។

លោក​ថា ការ​ទាមទារ​ទាំង ១៧​ចំណុច គឺ​មាន​តែ ៥​ចំណុច​ប៉ុណ្ណោះ​ដែល​ក្រុម​កម្មករ​ចង់​បាន​មាន​ដូច​ជា បញ្ហា​បាត់​ប្រាក់​ខែ និង​ការ​កាត់​លុយ​បំណាច់​ឆ្នាំ​ជា​ដើម ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ពុំ​មាន​ការ​ឆ្លើយ​តប​ពី​ភាគី​ក្រុមហ៊ុន​ឡើយ។

ក្រុម​កម្មករ​សម្រេច​បើក​ផ្លូវ​ជាតិ​៥ ឲ្យ​ធ្វើ​ចរាចរណ៍​ឡើង​វិញ​នៅ​ម៉ោង​ប្រហែល ១០​ព្រឹក បន្ទាប់​ពី​មាន​អាជ្ញាធរ​ខេត្ត និង​តំណាង​មន្ទីរ​ការងារ​ចេញ​មុខ​មក​សម្របសម្រួល និង​សន្យា​ថា​នឹង​ពិភាក្សា​រក​ដំណោះ​ស្រាយ​នៅ​ម៉ោង​ពីរ​រសៀល ដោយ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​ថ្នាក់​ក្រសួង និង​ភាគី​ក្រុមហ៊ុន។

តំណាង​សហជីព និង​កម្មករ​ប្រកាស​ថា ប្រសិន​បើ​គ្មាន​ដំណោះ​ស្រាយ​ទេ នៅ​ថ្ងៃ​ទី​១៩ ខែ​សីហា ពួកគេ​នឹង​ធ្វើ​បាតុកម្ម​បន្ត​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។