ពលករ​ត្អូញត្អែរ​អំពី​ការ​លំបាក​ធ្វើ​លិខិត​ស្រប​ច្បាប់​នៅ​ប៉ោយប៉ែត

0:00 / 0:00

កាល​ពី​ខែ​កក្កដា ក្រសួង​មហាផ្ទៃ និង​ក្រសួង​ការងារ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ប្រកាស​រួម​គ្នា​ដាក់​ឲ្យ​ដំណើរការ​ច្រក​ចេញ​ចូល​តែ​មួយ​ចំនួន ៤​កន្លែង នៅ​តាម​ខេត្ត​ជាប់​បណ្ដោយ​ព្រំដែន​កម្ពុជា-ថៃ។

គិត​ចាប់​ពី​គោលការណ៍​នេះ​ដាក់​ឲ្យ​អនុវត្ត​មក មន្ត្រី​ជំនាញ​របស់​រដ្ឋ​ដែល​ទទួល​បន្ទុក​លើ​ផ្នែក​នេះ ខ្លះ​និយាយ​ថា នៅ​ពុំ​មាន​ទាន់​អ្នក​មក​បំពេញ​បែបបទ​នៅ​ឡើយ​ទេ ក្រៅ​តែ​ពី​អ្នក​ដែល​មក​សួរ​នាំ​អំពី​ព័ត៌មាន​រួច​ហើយ​ត្រឡប់​ទៅ​វិញ​ប៉ុណ្ណោះ​នោះ។ ចំណែក​ពលរដ្ឋ​ដែល​ចូល​ទៅ​រក​សេវា​ទាំង​នោះ​បាន​ត្អូញត្អែរ​ថា ពួក​គេ​នៅ​តែ​ជួប​ការ​លំបាក។

ប្រភព​បន្ត​ថា៖ «ខ្ញុំ​គិត​ថា វា​ទី​មួយ​វា យើង​លំបាក​ដែរ។ យើង​ផ្សាយ​ឥត​មាន​គោលការណ៍​ច្បាស់​លាស់​ឲ្យ​ប្រជាពលរដ្ឋ​រក​កន្លែង គ្រាន់​តែ​កាល​ណា​យើង​មាន​គោលការណ៍​ច្បាស់​លាស់ ប្រជាជន​មក​អ៊ីចឹង​ទៅ វា​ស្រួល។ អូ! ស្រុក​គេ​ច្បាស់លាស់​ណាស់»

ភ្នែក​កំពុង​សម្លឹង​រំពៃ​មើល​នាយ​មើល​អាយ ចុះ​ឡើងៗ ចំណែក​នៅ​ពី​ក្រោយ​ខ្នង​វិញ ស្ពាយ​កាបូប​ខ្មៅ​ធំ​មួយ និង​ដៃ​យួរ​សម្ភារៈ​រយីងរយោង​ផង បុរស​វ័យ​ជាង ៣០​ឆ្នាំ និយាយ​ថា វា​ពិត​ជា​ពិបាក​ណាស់​ដើម្បី​ទទួល​បាន​ព័ត៌មាន​ជាក់លាក់​មួយ​ពី​ការិយាល័យ​របស់​រដ្ឋ​ក្នុង​ការ​បំពេញ​បែបបទ​ក្នុង​នាម​ជា​ពលករ​ដើម្បី​ទទួល​បាន​លិខិត​ស្នាម​ឲ្យ​ក្លាយ​ជា​ពលករ​ស្រប​ច្បាប់​មួយ ក្នុង​ពេល​បំពេញ​ការងារ​នៅ​ក្រៅ​ប្រទេស​នោះ។

ប្រឹង​ធ្វើ​ដំណើរ​តាម​រថយន្ត​តាំង​ពី​ព្រំដែន​កម្ពុជា-​វៀតណាម រហូត​មក​ដល់​ព្រំដែន​កម្ពុជា-ថៃ លោក ប៊ូ ផល្លា ឲ្យ​ដឹង​ថា លោក​ព្យាយាម​រក​មើល​ទីតាំង​នៃ​ការិយាល័យ​ដែល​រដ្ឋាភិបាល​បាន​ប្រកាស​ថា ពលរដ្ឋ​អាច​បំពេញ​បែប​បទ​ដើម្បី​ឆ្លង​ចូល​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ ដោយ​ស្រប​ច្បាប់។

រស់​នៅ​ស្រុក​អង្គរបុរី ខេត្ត​តាកែវ លោក ផល្លា បន្ត​ថា តែ​ស្ទើរ​ពេញ​មួយ​ព្រឹក​ធំ​ទៅ​ហើយ លោក​នៅ​ពុំ​ទាន់​ដឹង​ថា តើ​ទីតាំង​ណា​ដែល​រដ្ឋ​ប្រកាស​ឲ្យ​ពលរដ្ឋ​របស់​ខ្លួន​បាន​សួរនាំ ឬ​អាច​បំពេញ​បែបបទ​ដើម្បី​ធ្វើ​លិខិត​ឆ្លង​ដែន​បាន​នោះ​ទេ៖ «ថា​គេ​មាន​បើក​ច្រក​ធ្វើ បើ​ថា​ធ្វើ​នេះ​ថត​រូប​ថត​អី។ បើ​ថា​ធ្វើ​លិខិត​ឆ្លង​ដែន​យូរ​ឆ្នាំ​អស់​តែ ៤៩។ ៤៩ ហ្នឹង​មិន​ដឹង​តែ​ប្រជាពលរដ្ឋ​រក​ធ្វើ​កន្លែង​ធ្វើ​ឥត​ឃើញ ដូច​ថា ការ​ផ្សាយ​គ្រាន់​តែ​ផ្សាយ។ យើង​រក​កន្លែង​ឥត​មាន​បាន​ថា​អូ!កន្លែង​នេះ​ធ្វើ​ដោយ​ស្រប​ច្បាប់។ ស្រុក​ខ្មែរ​យើង​ឥត​មាន​ទេ»

លោក ប៊ូ ផល្លា ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី អំពី​ការ​លំបាក​រក​ទីតាំង​ធ្វើ​លិខិត​ស្នាម​ស្រប​ច្បាប់​ដើម្បី​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ នា​ក្រុង​ប៉ោយប៉ែត កាល​ពី​ថ្ងៃ​២៨ កក្កដា ២០១៤។
លោក ប៊ូ ផល្លា ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី អំពី​ការ​លំបាក​រក​ទីតាំង​ធ្វើ​លិខិត​ស្នាម​ស្រប​ច្បាប់​ដើម្បី​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ នា​ក្រុង​ប៉ោយប៉ែត កាល​ពី​ថ្ងៃ​២៨ កក្កដា ២០១៤។ (RFA/Morm Moniroth)

កាល​ពី​ខែ​កក្កដា ក្រសួង​មហាផ្ទៃ និង​ក្រសួង​ការងារ បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​រួម​មួយ​ដោយ​បង្ហាញ​ថា រដ្ឋ​បាន​ផ្ដល់​ទីតាំង ៤ រួម​មាន​នៅ​ច្រក​អូស្មាច់ ខេត្ត​ឧត្តរ​មានជ័យ ច្រក​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ច្រក​ព្រុំ ខេត្ត​ប៉ៃលិន និង​នៅ​ច្រក​ចាំយាម ខេត្ត​កោះកុង។ ទីតាំង​ទាំង ៤​កន្លែង​នេះ​សម្រាប់​​ផ្ដល់​ជូន​ឲ្យ​ពលករ​ខ្មែរ​អាច​បំពេញ​បែបបទ​ធ្វើការ​នៅ​ប្រទេស​ថៃ ដោយ​ស្រប​ច្បាប់។ ម្យ៉ាង​ទៀត​ច្រក​​ទាំង ៤​ទីតាំង​នេះ ចាប់​ឲ្យ​ដំណើរការ​តាំង​ពី​ថ្ងៃ​ទី​២៣ ខែ​កក្កដា ឆ្នាំ​២០១៤ កន្លង​ទៅ។

បើ​ទោះ​ជា​បែប​ណា ការិយាល័យ​នៅ​តាម​ច្រក​ចេញ​ចូល​ទាំង​នេះ មាន​ខ្លះ​សឹង​តែ​មិន​ដំណើរ​​ផង។ យូរៗ​គេ​ឃើញ​ប្រជាពលរដ្ឋ​មក​សួរ​នាំ​ព័ត៌មាន​អំពី​​ការ​បំពេញ​បែបបទ​ក្នុង​រឿង​នេះ។ភ្លាមៗ​នៅ​ពេល​រដ្ឋាភិបាល​ថៃ ប្រកាស​ទទួល​យក​ពលករ​វិញ មាន​ពលរដ្ឋ​កម្ពុជា រាប់​រយ​នាក់​ក្នុង​មួយ​ថ្ងៃៗ​បាន​សម្រុក​ទៅ​បំពេញ​បែប​តាម​ច្រក​អន្តោប្រវេសន៍​អន្តរជាតិ​ប៉ោយប៉ែត ជំនួស​វិញ។

មន្ត្រី​ជំនាញ​ដែល​ទទួល​បន្ទុក​លើ​ផ្នែក​នេះ និយាយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា គិត​មក​ដល់​ពេល​នេះ មាន​ពលករ​​ខ្មែរ​ចូល​ទៅ​ប្រទេស​វិញ ស្ទើរ​ច្រើន​ជាង​នៅ​ពេល​ដែល​រដ្ឋាភិបាល​ថៃ ចាប់​បញ្ជូន​មក​កម្ពុជា​វិញ កាល​ពី​ខែ​មិថុនា ទៅ​ទៀត។ នេះ​គេ​នៅ​មិន​ទាន់​រាប់​បញ្ចូល​អ្នក​ដែល​បន្ត​ឆ្លង​ដែន​ដោយ​ខុស​ច្បាប់​តាម​​ច្រក​របៀង​នៅ​ឡើយ​ផង។

កំពុង​អង្គុយ​ត្រង់​រង្វង់​មូល​មុខ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ដើម្បី​ធ្វើ​ដំណើរ​ឆ្លង​ទៅ​ប្រទេស​ថៃ លោកស្រី មឿន សារ៉ាន់ ថ្លែង​ថា ក្រុម​គ្រួសារ​របស់​លោកស្រី​មិន​បាន​បំពេញ​បែប​បទ ដូច​អ្វី​ដែល​រដ្ឋាភិបាល​បាន​ប្រកាស​ទេ។

រស់​នៅ​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ លោកស្រី​បន្ត​ថា ថ្វី​បើ​នៅ​ពេល​នេះ ការ​ចំណាយ​ខ្ពស់​នៅ​​តាម​ការិយាល័យ​ឆ្លង​ដែន​អន្តោប្រវេសន៍​បន្តិច​ក៏​ពិត​មែន ក៏ប៉ុន្តែ​វា​មិន​បង្ក​ភាព​ស្មុគស្មាញ ដូច​នៅ​ច្រកចេញ​ចូល​តែ​មួយ​នោះ​ទេ៖ «ធ្វើ​អស់ ១.១០០ ពីរ​ថ្ងៃ​ហើយ​ទើប​បាន។យើង​យក​អត្តសញ្ញាណប័ណ្ណ​មក​ដាក់​មក បើ​ឥត​មាន​យក​អត្រានុកូលដ្ឋាន ឬ​សៀវភៅ​គ្រួសារ​ទៅ។ នៅ​យើង​ចូល​ទៅ​ក្នុង​ទៀត អស់​លុយ​ទៀត។ អស់​លុយ ១០០​ទៅ ២០០​ទៀត បាន​ចូល​ទៅ​ដល់។ ចុះ​បើ​ស្រុក​យើង​ឥត​មាន​អី​រក​នោះ បើ​ខែ​ច្រូត​យើង​ចេះ​តែ​នៅ​ច្រូត បើ​ច្រូត​ស្រូវ​​ឥតមាន​ទឹក​មាន​អី​អ៊ីចឹង»

បញ្ហា​នេះ មន្ត្រី​បច្ចេកទេស​នៃ​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ​ក្នុង​ចំណោម​ការិយាល័យ ៣​ផ្សេង​ទៀត ប្រចាំ​តំបន់​ប៉ោយប៉ែត បញ្ជាក់​ថា ក្រសួង​ការងារ​ទទួល​បន្ទុក​ចំពោះ​តែ​សំណុំ​បែបបទ និង​លិខិត​ស្នាម​ប៉ុណ្ណោះ មុន​នឹង​ឯកសារ​ទាំង​នេះ ត្រូវ​បញ្ជូន​ឆ្លង​បន្ត​ទៅ​ការិយាល័យ​ធ្វើ​លិខិត​ឆ្លងដែន។

ចំណែក​ការ​ទទួល​ចំណាយ គឺ​ពលករ​ត្រូវ​បង់​ឲ្យ​ក្រុមហ៊ុន ហៃ ស៊ូលូសិន (Hi solution) ដែល​គ្រប់គ្រង​ទិន្នន័យ​ពលករ​ក្នុង​ម្នាក់ ១០​ដុល្លារ និង​ថ្លៃ​ថតរូប​នៅ​ការិយាល័យ​ធ្វើ​លិខិត​ឆ្លងដែន ៤​ដុល្លារ​ទៀត។ ការ​ចំណាយ​នេះ នៅ​មិន​ទាន់​រាប់​បញ្ចូល​ថ្លៃ​ធ្វើ​​លិខិត​ឆ្លង​ដែន ព្រម​ទាំង​តម្លៃ​ទិដ្ឋាការ (វីសា) នៅ​ឡើយ​ផង។

មន្ត្រី​ប្រចាំការ​​ទទួល​បន្ទុក​ផ្នែក​បច្ចេកទេស​សម្រាប់​ការិយាល័យ​ច្រកចេញ​ចូល​តែ​មួយ​នៅ​ក្រុង​ប៉ោយប៉ែត លោក សុទ្ធ ឃិនរតនៈ និយាយ​ថា មុន​នឹង​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ​ចេញ​លិខិត​ស្នាម​ឲ្យ​ពលករ​បាន លុះ​ត្រា​ពលករ​កម្ពុជា ត្រូវ​មាន​ឯកសារ​ប័ណ្ណ​ពណ៌​ស៊ីជម្ពូ​ពី​ក្រុមហ៊ុន​ថៃ ជាមុន​សិន។

លោក​បន្ត​ថា បើ​ក្នុង​ករណី​ពលករ​ពុំ​មាន​លិខិត​ស្នាម​ទាំង​នេះ​ទេ ត្រូវ​ទាក់​ទង​ជាមុន​ជាមួយ​មន្ទីរ​ការងារ​ខេត្ត ដើម្បី​ទទួល​បាន​ព័ត៌មាន​លំអិត និង​ឯកសារ​ផ្លូវ​ច្បាប់​បន្ថែម៖ «បើ​សិន​ជា​ពលករ​នៅ​ថៃ យើង​តម្រូវ​ការ​ឲ្យ​គាត់​មាន​តែ​ប័ណ្ណ​ហ្នឹង​មួយ​ទេ ដែល​ទទួល​ស្គាល់​ដោយ​អាជ្ញាធរ​ថៃ។ បាន​ន័យ​ថា ក្នុង​ប័ណ្ណ​ហ្នឹង​គេ​បាន​ប្រាប់​ហើយ​ថា មាន​ថៅកែ​ហ្នឹង​ឈ្មោះ​អី ធ្វើ​ការ​នៅ​កន្លែង​ណា ខេត្ត​ណា។ អ៊ីចឹង​យើង​តម្រូវការ​ឲ្យ​គាត់​មាន​ប័ណ្ណ​ហ្នឹង​មក យើង​នឹង​ធ្វើ​ជូន​ឲ្យ​គាត់​បាន​ហើយ ព្រោះ​រាជរដ្ឋាភិបាល ក៏​តម្រូវ​ឲ្យ​មាន ត្រូវ​ពលករ​ទៅ​ធ្វើ​ការ​កន្លែង​ណា មាន​ថៅកែ​ត្រឹមត្រូវ​មែន​អត់។ អ៊ីចឹង​ក្នុង​ប័ណ្ណ​ហ្នឹង​វា​ប្រាកដ​ជា​បញ្ជាក់»

បើ​ទោះ​ជា​បែប​ណា​គោលការណ៍​ថ្មី​របស់​រដ្ឋាភិបាល​កម្ពុជា​នេះ ហាក់​ដំណើរ​ការ​យឺត​មួយ​ជំហាន​ទៅ​ហើយ បើ​ប្រៀបធៀប​ជាមួយ​ប្រទេស​ថៃ។ ភ្លាមៗ​ក្រោយ​ពី​រដ្ឋាភិបាល​ថៃ ចាប់​បញ្ជូន​ពលករ​ខ្មែរ​ជាង ២០​ម៉ឺន​នាក់ ត្រឡប់​មក​វិញ​ដោយ​តក់ក្រហល់​នោះ មិន​យូរ​ប៉ុន្មាន ថៃ​ខ្លួន​ឯង ក៏​បាន​រៀបចំ​គោលការណ៍​ថ្មី​មួយ​ទៀត​ភ្លាម​ដែរ គឺ​ថៃ​បាន​ផ្ដល់​ភាព​ងាយស្រួល​ដល់​ពលរដ្ឋ​កម្ពុជា តាម​រយៈ​ប័ណ្ណ​ការងារ​របស់​ថៃ ឲ្យ​ពលករ​ណា​ដែល​មាន​បំណង​ចង់​ធ្វើ​ការ​នៅ​នៅ​ទី​នោះ​វិញ។

ភាព​យឺតយ៉ាវ​នេះ នៅ​មិន​ទាន់​និយាយ​ដល់​តម្លៃ ៤​ដុល្លារ​ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សន្យា ហើយ​មិន​ដំណើរការ ព្រម​ទាំង​តម្លៃ​ធ្វើ​​លិខិត​ឆ្លងដែន​​នៅ​តែ​ខ្ពស់​នៅ​ឡើយ​ផង​នោះ។

នៅ​ពេល​គោលការណ៍​តម្លៃ ៤​ដុល្លារ​នេះ បន្ត​ជាប់​គាំង​ដោយ​ពុំ​មាន​ហេតុ​ផល។ ចំណែក​នៅ​តាម​​ច្រក​របៀង និង​ច្រក​អន្តរជាតិ នៅ​តាម​ខ្សែ​បន្ទាត់​​ព្រំដែន​​កម្ពុជា​ថៃ ឯ​ណោះ​វិញ ពលករ​​ខ្មែរ​បាន​សម្រុក​ចូល​ទៅ​ប្រទេស​ថៃ​ ទាំង​ប្រថុយប្រថាន និង​មាន​អ្នក​​ខ្លះ​សម្រេច​ធ្វើ​លិខិត​ឆ្លង​ដែន ក្នុង​​តម្លៃ​ថ្លៃ ជា​ហូរហែ​ក្នុង​​មួយ​ថ្ងៃៗ​នៅ​​ពេល​​នេះ។ ទន្ទឹម​នឹង​​នេះ រដ្ឋាភិបាល​ថៃ នៅ​តែ​បន្ត​​បញ្ជូន​​ពលករ​​ខ្មែរ​ខុស​ច្បាប់​រាប់រាយ​នាក់​​នៅ​ឡើយ​ត្រឡប់​មក​កម្ពុជា​វិញ។

បញ្ហា​នេះ ត្រូវ​បាន​អ្នក​សម្របសម្រួល​សមាគម​អាដហុក ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ចន្ទគា ចាត់​ទុក​ថា រឿង​ដែល​ថៃ ចាប់​បញ្ជូន​ពលករ​កម្ពុជា ត្រឡប់​មកវិញ​ជា​ហូរហែ​នេះ វា​ក្លាយ​ជា​រឿង​សាមញ្ញ​ទៅ​ហើយ​នៅ​ពេល​នេះ។ លោក​យល់​ឃើញ​ថា រឿង​ដែល​ចំណែក​បំផុត​នោះ នៅ​ត្រង់​​ថា ដោយសារ​កម្ពុជា ពុំ​មាន​ទីផ្សារ​ការងារ​ឲ្យ​មនុស្ស​ធ្វើ​បាន នេះ​គឺ​ជា​ហេតុ​ផល​ដែល​ជំរុញ​ឲ្យ​ពលរដ្ឋ​សម្រេច​ចិត្ត​ចាកចេញ​ទាំង​ប្រថុយប្រថាន​ដោយ​ខុស​ច្បាប់​ទៅ​​ក្រៅ​ប្រទេស​ដើម្បី​រស់ ហើយ​ត្រូវ​បាន​អាជ្ញាធរ​ថៃ រក​ឃើញ​ថា មាន​កំហុស រួច​ចាប់​បញ្ជូន​មក​វិញ។

លោក ស៊ុំ ចន្ទគា៖ «ការ​កើត​ឡើង​មិន​មែន​កើត​ក្នុង​ពេល​បញ្ជូន​ពលករ​ខុស​ច្បាប់ ហើយ​មក​ដល់​ស្រុក​ខ្មែរ​ហើយ​វា​អស់​ហើយ អស់​ពលករ​ទេ។ វា​កើត​ឡើង​រឿយៗ ជា​ធម្មតា​រាល់ថ្ងៃ​អ៊ីចឹង​ទៅ​ណា។ មិន​មាន​អ្វី​ចម្លែក​ទេ ប៉ុន្តែ​អ្វី​ដែល​ប្លែក​ត្រង់​ថា ខ្មែរ​យើង​ពឹង​ពាក់​ម្ល៉េះ​ទៅ​លើ​បរទេស ទាក់ទង​ទៅ​លើ​ពលករ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ។ អ៊ីចឹង​ហើយ​យើង​ឃើញ​ថា សេដ្ឋកិច្ច​ខ្លួន​វា​តើ​ត្រូវ​ធ្វើ​យ៉ាង​ម៉េច ដើម្បី​សេដ្ឋកិច្ច​បាន​រីកចម្រើន​លើ​ការងារ​នៅ​​ប្រទេស​គេ ឬ​ក៏​ត្រូវ​ការ​​អភិវឌ្ឍន៍​មួយ​កន្លែង​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង»

អង្គការ​សង្គម​ស៊ីវិល ក្នុង​ស្រុក​ហៅ​ការ​បង្កើត​មធ្យោបាយ​នានា​តាម​ផ្លូវ​ច្បាប់ ដើម្បី​ឲ្យ​ពលករ​បាន​ចេញ​​ក្រៅ​នេះ​ថា មិន​ខុស​អ្វី​ពី​ការ​ព្យាយាម​ជួញដូរ​កម្លាំង​ពលករ​ឡើយ។ លោក ស៊ុំ ចន្ទគា ចាត់​ទុក​ថា វិធី​ដែល​ល្អ​ប្រសើរ រដ្ឋាភិបាល​គប្បី​ពង្រឹង​សមត្ថភាព​បង្កើត​ទីផ្សារ​​ការងារ​ក្នុង​ស្រុក​វិញ​ទើប​ជា​ដំណោះស្រាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។