មេធាវី និងក្រុមពលករចាញ់បោកមេខ្យល់ក្រុមហ៊ុននាំពលករចេញទៅធ្វើការងារនៅក្រៅប្រទេសឈ្មោះ ចៃអិន អូសៀន អ៊ិនធើណេសិនណល (Giant Ocean International) ស្នើឲ្យតុលាការសាលាឧទ្ធរណ៍ ពន្លឿននីតិវិធី ឬកំណត់ពេលសវនាការលើសំណុំរឿងរបស់ពួកគាត់។
ការស្នើសុំនេះ បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ កាត់ក្ដីឲ្យក្រុមពលករឈ្នះ និងបង្គាប់ឲ្យម្ចាស់ក្រុមហ៊ុន បង់ប្រាក់សំណងជំងឺចិត្ត រួមនិងប្រាក់ឈ្នួលទៅឲ្យពលករជាង ១០០នាក់ ក្នុងម្នាក់ៗចំនួន ៥.០០០ដុល្លារ កាលពីអំឡុងខែមេសា ឆ្នាំ២០១៤។
ក្រុមគ្រួសារ និងពលករដែលភាគច្រើនមកពីខេត្តកំពង់ឆ្នាំង និងរាជធានីភ្នំពេញ ទន្ទឹងរង់ចាំយុត្តិធម៌ ឬប្រាក់សំណងខ្លះ ដើម្បីដោះស្រាយបញ្ហាជីវភាព ខណៈដែលពួកគាត់មួយចំនួនជួបបញ្ហាលំបាក និងអ្នកខ្លះនៅជាប់ស្នាមរបួសលើរាងកាយ ដោយសារតែការវាយធ្វើបាបពេលបំពេញការងារនៅលើទូកនេសាទក្រៅប្រទេស កាលពីអំឡុងឆ្នាំ២០១១ និងឆ្នាំ២០១២។
តំណាងដើមបណ្ដឹង និងជាពលករម្នាក់រស់នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង លោក យុន ល័ក្ខ មានប្រសាសន៍នៅថ្ងៃទី២១ ខែតុលា ថា អ្នកភូមិរបស់លោកពីរនាក់ក្នុងចំណោម ៧នាក់ បានរងរបួសដៃ និងក្បាល ដោយសារតែមេការទូកនេសាទវាយធ្វើបាប និងបង្ខំឲ្យធ្វើការងារស្ទើរពេញ ២៤ម៉ោងលើទូកនៅប្រទេសអាហ្វ្រិកខាងជើង កាលពីឆ្នាំ២០១១។ លោកថា រូបលោក និងពលករជាច្រើននាក់ទៀត បានចេញទៅធ្វើការក្រៅប្រទេសតាមរយៈក្រុមហ៊ុន ចៃអិន ហើយចាញ់បោកមេខ្យល់ដែលខ្លះមានរយៈពេលមួយឆ្នាំធ្វើការនៅលើទូកនេសាទ ប៉ុន្តែមិនទទួលបានប្រាក់ខែអ្វីទាំងអស់៖ «ខ្ញុំទៅធ្វើការនៅក្រៅប្រទេស គេធ្វើបាបមួយយប់ទល់ភ្លឺ អត់ចង់ឲ្យសម្រាកទេ រួចអត់បានប្រាក់ខែ។ អ្នកខ្លះគេធ្វើបាបជាងខ្ញុំអីទៀតណោះ គេធ្វើបាបដល់វាយមកវិញស្នាមក្បាលស្នាមអី។ សំណូមពរចង់ឲ្យខាងតុលាការហ្នឹង កាត់ក្ដីឲ្យលឿនរហ័សបានលុយធ្វើការរកស៊ីអីទៀត ព្រោះយូរខែណាស់ហើយ»។
ចំណែកមេធាវីរបស់សមាគមអាដហុក (Adhoc) ការពារសិទ្ធិឲ្យក្រុមពលករ គឺអ្នកស្រី ជា សុផល ថ្លែងបញ្ជាក់ថា កូនក្ដីរបស់អ្នកស្រីទាំង ១០០នាក់ បានសាទរចំពោះសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបង្គាប់ឲ្យភាគីក្រុមហ៊ុនសងប្រាក់ខែ និងប្រាក់សំណងជំងឺចិត្តដល់ពួកគាត់ បន្ទាប់ពីចាប់ប្រធានក្រុមហ៊ុនដាក់ពន្ធនាគារព្រៃស។ អ្នកស្រីបន្តថា ការទូទាត់ប្រាក់សំណង និងប្រាក់ខែជូនក្រុមពលករ មិនទាន់អាចធ្វើទៅរួចនៅឡើយ ដោយសារតែជនជាប់ចោទបានប្ដឹងទាស់ទៅសាលាឧទ្ធរណ៍៖ «ខ្ញុំគិតថាបើសិនជាសាលាឧទ្ធរណ៍ជួយពន្លឿននីតិវិធីរឿងការរំលោភសិទ្ធិពលករដោយក្រុមហ៊ុន ចៃអិន ហ្នឹង បានកាន់តែលឿន វាកាន់តែប្រសើរសម្រាប់ពលកររងគ្រោះទាំងគ្នាទន្ទឹងរង់ចាំ»។
វិទ្យុអាស៊ីសេរី មិនអាចស្វែងរកប្រភពទាក់ទងចៅក្រមសាលាឧទ្ធរណ៍ លោក ពូ ពៅស៊ុន ដែលកាន់សំណុំរឿងនេះ ដើម្បីសុំការអត្ថាធិប្បាយបានទេនៅថ្ងៃទី២១ ខែតុលា។
ប៉ុន្តែ ប្រធានសាលាឧទ្ធរណ៍ លោក យូ ប៊ុនឡេង ថ្លែងបញ្ជាក់យ៉ាងខ្លីថា រឿងទាំងអស់ដែលចូលមកដល់ដៃសាលាឧទ្ធរណ៍ ត្រូវបានចៅក្រមចាត់ការជាបន្ទាន់ ជាពិសេសទៅលើសំណុំរឿងមុនអង្គសេចក្ដី គឺលោកមានគោលការណ៍ច្បាស់មិនដែលទុកយូរនោះទេ។
ក្រុមហ៊ុន ចៃអិន អូសៀន អ៊ិនធើណេសិនណល ដែលមានទីតាំងនៅរាជធានីភ្នំពេញចំនួនពីរទីតាំង ត្រូវបិទទ្វារ។ ក្រុមហ៊ុននេះធ្លាប់បណ្ដុះបណ្ដាលភាសាបរទេសដល់ពលករក្នុងរយៈពេលខ្លី ដើម្បីបញ្ជូនទៅធ្វើការងារនៅប្រទេសថៃ កូរ៉េ និងប្រទេសជប៉ុន។ បច្ចុប្បន្ន ប្រធានក្រុមហ៊ុនជនជាតិចិន ម្នាក់ គឺអ្នកស្រី លីន លីជិន ហៅ លី យូស៊ីម ត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារចំនួន ១០ឆ្នាំ និងពិន័យជាប្រាក់តាមមាត្រា១០ នៃច្បាប់ជួញដូរមនុស្ស។
ទាក់ទងនឹងការផ្ដន្ទាទោសនេះ មេធាវីការពារសិទ្ធិឲ្យក្រុមពលករ អ្នកស្រី ជា សុផល ធ្លាប់ដាក់ពាក្យស្នើសុំឲ្យចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់បន្ថែមទៅលើប្ដីរបស់ អ្នកស្រី លីន លីជិន ឈ្មោះ ឡាវ សៀវប៊ីន ដែលកំពុងរស់នៅប្រទេសចិន ប៉ុន្តែចៅក្រមនៅតែសម្រេចមិនចោទប្រកាន់ រួចបញ្ជូនរឿងទៅជំនុំជម្រះតែម្ដង។ តាមការអះអាងរបស់ក្រុមពលករ គឺប្ដីរបស់គាត់បានចូលរួមយ៉ាងសកម្មដែរក្នុងរឿងបញ្ជូនពលករទៅក្រៅប្រទេសនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
