ពលរដ្ឋ​នៅ​ខេត្ត​កំពត​ចោទ​ក្រុមហ៊ុន​ជ្រើសរើស​ពលករ​ថា​មិន​ទទួល​​ខុស​ត្រូវ

0:00 / 0:00

ប្រជាពលរដ្ឋ​នៅ​ស្រុក​កំពង់ត្រាច ខេត្ត​កំពត ចោទ​ក្រុមហ៊ុន​ជ្រើសរើស​ពលករ​ទៅ​ធ្វើការ​ក្រៅ​ប្រទេស ឈ្មោះ ចប អេស៊ា (Job Asia) ថា យក​លុយ​របស់​ពួក​គាត់​ហើយ តែ​មិន​ទ​ទូល​ខុស​ត្រូវ។

ការ​ចោទ​ប្រកាន់​នេះ ធ្វើ​ឡើង​នៅ​បន្ទាប់​ពី​ក្រុមហ៊ុន​មិន​បាន​ផ្ដល់​លុយ​ជូន​ពួកគាត់​វិញ​តាម​ការ​សន្យា​ក្រោយ​ពី​មិន​បាន​នាំ​ពួកគាត់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ។

ប្រជាពលរដ្ឋ​ចំនួន ៧​នាក់ រស់​នៅ​ក្នុង​ភូមិ​ស្វាយផ្អែម ឃុំ​បឹងសាលាខាងត្បូង ស្រុក​កំពង់ត្រាច ខេត្ត​កំពត បន្ត​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ជ្រើសរើស​ពលករ ចប អេស៊ា ផ្ដល់​ប្រាក់​ដែល​ពួកគាត់​បង់​កន្លង​ទៅ​ដើម្បី​ជា​ថ្នូរ​បាន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ នោះ ឲ្យ​បង្វិល​ជួន​ពួកគាត់​វិញ បន្ទាប់ពី​ក្រុមហ៊ុន​មិន​អាច​បំពេញ​តាម​ការ​សន្យា។

តំណាង​ឲ្យ​ពលករ អ្នកស្រី សោ ម៉ាច អះអាង​ថា តំណាង​ក្រុមហ៊ុន ចប អេស៊ា ភូត​កុហក​ពួកគាត់​រហូត ដោយ​គេចវេះ​មិន​ចង់​ដោះស្រាយ​ជួន​ពួកគាត់​ឡើយ។ អ្នកស្រី​បញ្ជាក់​ថា ពួកគាត់​មិន​ចង់​ទៅ​ប្រទេស​ថៃ តាម​រយៈ​ក្រុមហ៊ុន​នាំ​ពលករ​មួយ​នេះ​ទៀត​នោះ​ទេ ហើយ​សុំ​តែ​ប្រាក់​គ្រប់​ចំនួន​ដែល​ពួក​គាត់ បាន​បង់​ជួន​ទៅ​ក្រុមហ៊ុន​មក​វិញ​តែប៉ុណ្ណោះ។

អ្នកស្រី សោ ម៉ាច៖ «កាល​មុន​គាត់​ទូរស័ព្ទ​មក​ហើយ​ថា អត់​អី​ទេ ចាំ​គាត់​ដោះស្រាយ​អោយ​វិញ លុយ​ប៉ុណ្ណឹង​មិន​ធំ​ទេ ធំ​លើ​កិត្តិយស។ ឥឡូវ​ទូរស័ព្ទ​ទៅ​វិញ គាត់​អត់​ដែល​លើក​ទេ ហើយ​អោយ​កូនចៅ​គាត់​លើក ហើយ​កូនចៅ​នោះ ថា​លុយ​បង់​ហើយ​មិន​អាច​ដក​វិញ​បាន​ទេ ព្រោះ​គេ​ធ្វើ​ប៉ាសស្ព័រ អស់​ហើយ»

​តំណាង​ឲ្យ​ពលករ​ដដែល​រៀប​រាប់​ថា ចាប់​តាំង​ពី​ខែ​កុម្ភៈ ដើម​ឆ្នាំ​មក មេខ្យល់​ឈ្មោះ ណុប ផាន់ណា និង​ឈ្មោះ សុំ រ៉េន ដែល​ជា​ទីភ្នាក់ងារ​របស់​ក្រុមហ៊ុន យ៉ប អេស៊ា បាន​ល្បួង​លួងលោម​នាំ​ពួកគាត់​ទៅ​ធ្វើ​ការ​នៅ​រោងចក្រ​សាច់​មាន់ ក្នុង​ប្រទេស​ថៃ ដោយ​ស្រប​ច្បាប់ តាមរយៈ​ក្រុមហ៊ុន យ៉ប អេស៊ា តែ​តម្រូវ​អោយ​បង់លុយ​ជាមុន​ចំនួន ២៥០​ដុល្លារ​ក្នុង​មនុស្ស​ម្នាក់។ លុះ​ក្រោយ​មក​ទៀត ឈ្មោះ ណុប ផាន់ណា ដែល​មាន​ស្រុក​កំណើត​នៅ​ភូមិ​ព្រែកអំពិល ឃុំ​កោះតូច ស្រុក​កំពត ហើយ​បច្ចុប្បន្ន​មាន​ប្រពន្ធ​កូន​រស់​នៅ​ភូមិ​ស្វាយផ្អែម ស្រុក​កំពត់ត្រាច ដែរ​នោះ បាន​បំផុស​បំផុល​ថា ក្រុមហ៊ុន ចប អេស៊ា មាន​ការងារ​ថ្មី គឺ​ខាង​ដំឡើង​ម៉ូតូ អាច​ទទួល​បាន​ប្រាក់​ខែ​ខ្ពស់ ដោយ​តម្រូវ​អោយ​បង់​ប្រាក់ ២០០​ដុល្លារ ទៅ ៣៥០​ដុល្លារ​បន្ថែម​ទៀត ហើយ​សន្យា​ថា បញ្ជូន​ពួកគាត់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ នៅ​ថ្ងៃ​ទី​៣ ខែ​ឧសភា ឆ្នាំ​២០១៥ រួច​ក៏​បន្ត​អូន​បន្លាយ​រហូត​មក​ទល់​ពេល​នេះ គ្មាន​បាន​លទ្ធផល​អ្វី។

​ឆ្លើយ​តប​ចំពោះ​បញ្ហា​នេះ តំណាង​ក្រុមហ៊ុន​ឲ្យ​ក្រុមហ៊ុន ចប អេស៊ា សន្យា​ជា​ថ្មី​ថា នឹង​ដោះស្រាយ​ជូន​ពួកគាត់​វិញ ចំពោះ​តែ​អ្នក​ណា​ដែល​មាន​វិក្កយបត្រ​ត្រឹមត្រូវ តែ​អ្នក​ណា​មិន​មាន​វិក្កយបត្រ គឺ​មិន​ទទួល​ខុស​ត្រូវ​ឡើយ៖ «រឿង​លុយ ២៥០ ទៅ ៣៥០​ដុល្លារ​ហ្នឹង គឺ​ក្រុមហ៊ុន​អត់​ដឹង​ទេ ហើយ​អ្នក​ដែល​យក​ឈ្មោះ​ក្រុមហ៊ុន​ទៅ​បោក​គេ​នោះ គឺ​ក្រុមហ៊ុន​កំពុង​តាម​ចាប់»

​យ៉ាង​ណា​ក៏ដោយ ក្រុម​ជនរងគ្រោះ​ទាំង​នោះ​អះអាង​ថា អ្នក​ដែល​ប្រមូល​លុយ​ពី​ដៃ​ពួកគាត់ ដោយ​ខ្លះ​ឲ្យ​វិក្កយបត្រ និង​មិន​ឲ្យ​វិក្កយបត្រ​បង់​ប្រាក់​ពី​ក្រុមហ៊ុន ចប អេស៊ា នោះ គឺ​ជា​មនុស្ស​តែមួយ​ឈ្មោះ ណុប ផាន់ណា។ ពួកគាត់​ទាមទារ​អោយ​ក្រុមហ៊ុន​តាម​ចាប់ ណុប ផាន់ណា និង​ឈ្មោះ សុំ រ៉េន នោះ ទៅ​សាកសួរ​រឿង​នេះ៖ «សួរ​ពីរ​នាក់​ហ្នឹង​មើល៍ ថា​លុយ​នៅ​លើ​អ្នក​ណា​ឲ្យ​ពិត​ប្រាកដ ហើយ​នៅ​តែ​ឆ្លើយ​ថា មិន​ដឹង​ដាក់​គ្នា​អ៊ីចឹង»

​ទាក់ទិន​បញ្ហា​នេះ មន្ត្រី​ស៊ើប​អង្កេត​បទ​រំលោភ​សិទ្ធិ និង​ករណី​ដីធ្លី​ប្រចាំ​ខេត្ត​កំពត នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ហេង ភារៈ មាន​ប្រសាសន៍​ថា ប្រសិនបើ​រឿង​នេះ​ពិត​ដូច​ការ​អះអាង​របស់​ប្រជាពលរដ្ឋ​មែន នោះ​គឺ​ជា​ករណី​ឆបោក ដូច្នេះ​ជន​ជា​មេខ្យល់ និង​ថៅកែ​ក្រុមហ៊ុន ចប អេស៊ា អាច​មាន​ពិរុទ្ធ ឬ​ទោស​ដូច​គ្នា៖ «ប្រសិន​បើ​នាយក​ក្រុមហ៊ុន គិត​ថា ខ្លួន​ស្អាតស្អំ ក្រុមហ៊ុន​មិន​បាន​ឆបោក​ប្រជាពលរដ្ឋ​ទេ អ៊ីចឹង​នាយក​ក្រុមហ៊ុន គួរតែ​ប្ដឹង​ចំពោះ​បុគ្គល​យក​ឈ្មោះ​ក្រុមហ៊ុន​របស់​ខ្លួន​នោះ ដើម្បី​យក​ប្រាក់​មក​សង​ប្រជាពលរដ្ឋ​វិញ។ បើ​គាត់​មិន​មាន​វិធានការ​បែប​ហ្នឹង​ទេ គឺ​ពលរដ្ឋ​អាច​ប្ដឹង​ពី​ផ្សំគំនិត»

ប្រជាពលរដ្ឋ​រងគ្រោះ​ទាំង​នោះ​រៀបរាប់​ថា ក្នុង​ចំណោម​ពួកគាត់ មាន​អ្នក​ខ្លះ​សម្រេច​ចិត្ត​ទៅ​ខ្ចី​ប្រាក់​ពី​ធនាគារ ដោយ​ដាក់​ប្លង់​ផ្ទះ និង​ប្លង់ដី ដើម្បី​យក​ប្រាក់​បង់​ឲ្យ​ក្រុមហ៊ុន និង​គ្មាន​លិខិត​ស្នាម​បញ្ជាក់​ត្រឹមត្រូវ​ឡើយ ក្នុង​ក្ដី​រំពឹង​ថា នឹង​បាន​ការងារ​ធ្វើ អាច​មាន​ជីវភាព​ប្រសើរ​ជាង​មុន បន្ទាប់​ពី​ពួកគេ​ពុំ​អាច​រក​ការងារ​ធ្វើ​បាន​នៅ​ក្នុង​ប្រទេស។ សព្វ​ថ្ងៃ​នេះ មាន​អ្នក​ខ្លះ​ទៅ​ធ្វើ​ការ​សំណង់​នៅ​ខេត្ត​ផ្សេងៗ និង​ធ្វើការ​រោងចក្រ ដើម្បី​បាន​លុយ​បង់​ការប្រាក់​ទៅ​ម្ចាស់​បំណុល។

អង្គការ​សង្គម​ស៊ីវិល​លើក​ឡើង​ថា រឿង​ករណី​ឆបោក​នៅ​ខេត្ត​កំពត នេះ គ្រាន់​តែ​ជា​ឧទាហរណ៍​ដ៏​តូច​មួយ​ប៉ុណ្ណោះ ក្នុង​ចំណោម​ករណី​ឆបោក​ធំៗ ជា​ច្រើន​ទៀត ដែល​កើត​មាន​ឡើង​ក្នុង​ប្រទេស​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។