ពលករ​ខ្មែរ​៣​នាក់​ដែល​ស្លាប់​និង​របួស​ដោយ​បាក់​អគារ​នៅ​ថៃ​ទទួល​បាន​សំណង

ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៥ សីហា ថា ពលករ​ខ្មែរ ៣​នាក់ ដែល​បាន​ស្លាប់ និង​ម្នាក់​រង​របួស​ក្នុង​គ្រោះ​ថ្នាក់​បាក់​អគារ នៅ​ខេត្ត​ប៉ាធុម ថានី (Pathum Thani) ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី​១១ ខែ​សីហា កន្លង​ទៅ​នោះ ត្រូវ​បាន​ស្ថានទូត​កម្ពុជា ប្រចាំ​ប្រទេស​ថៃ អះអាង​ថា គ្រួសារ​ពួក​គេ​ទទួល​បាន​សំណង​មួយ​ចំនួន​ហើយ។

គ្រួសារ​អ្នក​ស្លាប់​ម្នាក់ ទទួល​បាន​សំណង​ចំនួន ៦​ម៉ឺន ៥​ពាន់​បាត ដែល​ស្មើ​ប្រមាណ ១.៨០០​ដុល្លារ​អាមេរិក និង​អ្នក​របួស​ម្នាក់ ទទួល​បាន​ចំនួន ៥​ម៉ឺន​បាត ស្មើ​ប្រមាណ ១.៤០០​ដុល្លារ​អាមេរិក ហើយ​សម្រាប់​អ្នក​រង​របួស គឺ​ត្រូវ​បាន​មូលនិធិ​សង្គម​នៅ​ប្រទេស​ថៃ ជា​អ្នក​ចេញ​ថ្លៃ​ព្យាបាល​ទាំងអស់។

ក្រសួង​ការ​បរទេស​កម្ពុជា ឲ្យ​ដឹង​បន្ត​ថា ស្ថានទូត​កម្ពុជា ប្រចាំ​ប្រទេស​ថៃ កំពុង​ធ្វើ​ការ​ជាមួយ​មេធាវី ដើម្បី​ដាក់​ពាក្យ​បណ្ដឹង​ទាមទារ​សំណង​បន្ថែម​ជូន​គ្រួសារ​សព និង​អ្នក​រង​របួស ហើយ​ថា សព​ពលករ​ខ្មែរ ៣​នាក់ ត្រូវ​បាន​យក​ចេញ​ពី​អគារ​គំនរ​បាក់​បែក​អស់​ហើយ ហើយ​ត្រូវ​បាន​គ្រួសារ​សម្រេច​បូជា​នៅ​ទីនោះ រួច​យក​ធាតុ​ត្រឡប់​មក​ស្រុក​កំណើត​វិញ។

មួយ​រយៈពេល​ចុង​ក្រោយ​នេះ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ទៅ​ស្វែងរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ មួយ​ចំនួន​បាន​បាត់បង់​ជីវិត​នៅ​ទីនោះ ដោយសារ​គ្រោះ​ថ្នាក់​ក្នុង​ពេល​បំពេញ​ការងារ គ្រោះថ្នាក់​ចរាចរណ៍ ឬ​ត្រូវ​ទាហាន​ថៃ បាញ់​សម្លាប់ ពេល​ឆ្លង​ដែន​ខុស​ច្បាប់ ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។