កម្មករ​ជាង​១០០​នាក់​ដួល​សន្លប់​នៅ​រោងចក្រ​ចំនួន​៦​ក្នុង​តំបន់​សេដ្ឋកិច្ច​សួន​វឌ្ឍនៈ​២

0:00 / 0:00

កម្មករ​ជាង ១០០​នាក់ ដែល​ភាគ​ច្រើន​ជា​ស្ត្រី​ធ្វើ​ការ​នៅ​ក្នុង​រោងចក្រ​ចំនួន​៦ ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​សួន​វឌ្ឍនៈ​២ នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៣ បាន​ដួល​សន្លប់​ជា​បន្តបន្ទាប់ នៅ​ថ្ងៃ​ទី​១៥ ខែ​សីហា។ ពួក​គេ​ត្រូវ​បាន​ភាគី​រោងចក្រ​បញ្ជូន​ទៅ​កាន់​មណ្ឌល​សុខភាព និង​គ្លីនិក​មួយ​ចំនួន​នៅ​ក្បែរ​នោះ ដើម្បី​ជួយ​សង្គ្រោះ។

នៅ​ល្ងាច​ថ្ងៃ​ទី​១៥ ខែ​សីហា ពេទ្យ​ការងារ​នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ កំពុង​ចុះ​ត្រួត​ពិនិត្យ ដើម្បី​ធ្វើ​ការ​សន្និដ្ឋាន​ចំពោះ​ការ​ដួល​សន្លប់​របស់​កម្មករ​ជាង ១០០​នាក់ នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​សួន​វឌ្ឍនៈ​២។

អនុ​ប្រធាន​នាយកដ្ឋាន​ពេទ្យ​ការងារ​នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក​វេជ្ជបណ្ឌិត ប៉ុក វណ្ណថាត ដែល​បាន​ចុះ​ទៅ​ដល់​តំបន់​សេដ្ឋកិច្ច​ពិសេស​នោះ មិន​ទាន់​អត្ថាធិប្បាយ​បាន​ទេ ជុំវិញ​មូលហេតុ​នៃ​ការ​ដួល​សន្លប់​នេះ។ លោក​អះអាង​ថា លោក​កំពុង​កោះ​ប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ និង​កំពុង​ត្រួត​ពិនិត្យ​អគារ​រោងចក្រ​ចំនួន ៧​អគារ និង​ពិនិត្យ​មើល​ប្រព័ន្ធ​ខ្យល់ អនាម័យ​សុវត្ថិភាព និង​លក្ខខណ្ឌ​ការងារ​ក្នុង​រោងចក្រ​ជា​មុន​សិន។

ទាក់ទង​បញ្ហា​នេះ អគ្គលេខាធិការ​រង​នៃ​សហជីព​សេរី​កម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទទួល​បន្ទុក​តំបន់​ផ្លូវ​ជាតិ​លេខ​៣ លោក ថន ថុល បាន​ឲ្យ​ដឹង​ថា មាន​រោងចក្រ​ដេរ​សម្លៀកបំពាក់​ចំនួន ៦​រោងចក្រ​ក្នុង​តំបន់​សួន​វឌ្ឍនៈ​ទី​២ ស្ថិត​នៅ​ភូមិ​ទឹកថ្លា សង្កាត់​ក្រាំងពង្រ ខណ្ឌ​ដង្កោ មាន​កម្មករ ១២៨​នាក់ បាន​ដួល​សន្លប់​ជា​បន្តបន្ទាប់។ រោងចក្រ​ទាំង​នោះ​ឈ្មោះ រោងចក្រ ញូថិច រោងចក្រ អាកាសេត មហា​ហ្គាមិន ដុងឌូ ប៊ុលតិច និង​រោងចក្រ​ផាភីលាន។

លោក ថន ថុល ថ្លែង​ថា រហូត​មក​ដល់​ពេល​នេះ ពុំ​មាន​ការ​រក​ឃើញ​ពី​មូលហេតុ​ណា​មួយ នាំ​ឲ្យ​ដួល​សន្លប់​នោះ​ឡើយ តែ​បើ​តាម​ការ​សាកសួរ​ពី​ក្រុម​កម្មករ​ខ្លះ បាន​និយាយ​ថា កម្មករ​រោងចក្រ​ញូថិច បាន​ដួល​សន្លប់​មុន​គេ រួច​កម្មករ​រោងចក្រ​ក្បែរៗ​នោះ​បាន​ឃើញ​ខ្លះ​ក៏​ទន់​ដៃ​ជើង​ដួល​សន្លប់​ជា​បន្តបន្ទាប់៖ «យើង​អត់​ទាន់​សន្និដ្ឋាន​បាន​ទេ ពីព្រោះ​អី​ខាង​បណ្ដាញ​យើង​ក៏​មិន​អាច​ចូល​ទៅ​ក្នុង​រោងចក្រ​គេ​ហ្នឹង​បាន​ដែរ ព្រោះ​វា​ស្ថិត​នៅ​ក្នុង​សួន​របស់​គេ។ យើង​ពិបាក​ទៅ​ស៊ើប​អង្កេត​អំពី​បញ្ហា​ទាំងអស់​ហ្នឹង។ ឥឡូវ​យើង​កំពុង​តែ​ទំនាក់ទំនង​ជាមួយ​បងប្អូន​កម្មករ​ទាំងអស់​ហ្នឹង ទៅ​ចាំ​មើល​ថ្ងៃ​ស្អែក​ទៀត យើង​ដឹង​លទ្ធផល​យ៉ាង​ណា។ ការ​ដួល​សន្លប់​ហ្នឹង ប្រហែល​មក​ពី​រោងចក្រ​វា​អត់​សូវ​មាន​បរិស្ថាន​ល្អ ហើយ​អាកាសធាតុ​ប៉ុន្មាន​ថ្ងៃ​នេះ​ក្ដៅ​ផង អ៊ីចឹង​បណ្ដាល​ឲ្យ​បងប្អូន​កម្មករ​គាត់​មាន​ការ​ដួល​សន្លប់»

កម្មករ​ដែល​ដួល​សន្លប់​ទាំង​នោះ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ពងទឹក មណ្ឌល​សុខភាព​អន្លង់​រមៀត និង​គ្លីនិក​មួយ​ចំនួន​ទៀត ក៏ប៉ុន្តែ​ពុំ​មាន​កម្មករ​ណា​ម្នាក់​រងគ្រោះ​ធ្ងន់ធ្ងរ​ឡើយ។ ពួក​គេ​បាន​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។