កម្មការិនីរោងចក្រ ឃីងហ្វឺស២ ដែលមានទីតាំងនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល ប្រមាណ ៨០នាក់ បានដួលសន្លប់នៅក្នុងរោងចក្រ បន្ទាប់ពីមានអាការៈឆ្អល់តឹងពោះ និងក្អួតចង្អោរ។
កម្មការិនី ម៉ាត់ ម៉ៅ ដែលបានដួលសន្លប់ និងត្រូវដឹកទៅសង្គ្រោះនៅមន្ទីរព្យាបាលបែកចាន មានប្រសាសន៍ថា នាងបានចាប់ផ្ដើមវិលមុខ ឈឺពោះក្អួត និងរាក បន្ទាប់ពីបានចាប់ផ្ដើមការងារបានបន្តិច។ ម៉ាត់ ម៉ៅ បន្តថា នាងត្រូវគ្រូពេទ្យប្រាប់អោយទៅផ្ទះវិញ បន្ទាប់ពីបានដាក់សេរ៉ូម។
«សំឡេង»
កម្មការិនីម្នាក់ទៀតឈ្មោះ ស្រី វ៉ិត បានអោយដឹងដែរថា នាងបានឃើញកម្មករដួលសន្លប់បន្តបន្ទាប់គ្នា ក្នុងនោះភាគច្រើនមានអាការៈវិលមុខ និងតឹងឆ្អល់ពោះ។ បើតាម ស្រី វ៉ិត បញ្ហានេះបានកើតឡើងក្នុងរោងចក្រនេះតាំងពីថ្ងៃទី២០ ខែវិច្ឆិកា ប៉ុន្តែពុំធ្ងន់ធ្ងររហូតដល់មានអ្នកដួលសន្លប់ឡើយ។
«សំឡេង»
ក្រុមមន្ត្រីនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចុះទៅត្រួតពនិត្យស្ថានភាពក្នុងរោងចក្រនៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា។
អនុប្រធាននាយកដ្ឋានពេទ្យការងារនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោកវេជ្ជបណ្ឌិត ប៉ុក វណ្ណថាត មានប្រសាសន៍ថា ក្រសួងបានរកឃើញថា រោងចក្រពុំបានអនុវត្តត្រឹមត្រូវតាមច្បាប់ ទើបនាំអោយមានករណីដួលសន្លប់នេះកើតឡើង។
«សំឡេង»
វិទ្យុអាស៊ីសេរី នៅពុំអាចសុំការបញ្ជាក់ពីរដ្ឋបាលរោងចក្រ ឃីងហ្វឺស ចំពោះចំណាត់ការរបស់មន្ត្រីក្រសួងនេះនៅឡើយ នៅល្ងាចថ្ងៃទី២១ ខែវិច្ឆិកា។
«សំឡេង»
យ៉ាងណា បើតាមមន្ត្រីពេទ្យការងារអោយដឹងថា ភាគីរោងចក្របានព្រមព្រៀងថា នឹងអនុវត្តតាមការណែនាំរបស់ក្រសួង។
របាយការណ៍របស់អង្គការអន្តរជាតិខាងការងារ បានបង្ហាញថា នៅក្នុងឆ្នាំ២០១២ កន្លងទៅ មានកម្មករប្រមាណ ១ពាន់នាក់ បានដួលសន្លប់ ហើយមូលហេតុចម្បង គឺស្ថានភាពសុវត្ថិភាពសុខភាពក្នុងរោងចក្រ និងប្រាក់ខែទាប ដែលបង្ខំអោយកម្មកររស់នៅក្នុងស្ថានភាពពុំមានអាហារគ្រប់គ្រាន់ និងធ្វើការលើសកម្រិត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
