កម្មករកាត់ដេរនៃរោងចក្រ អេស.អេស.ស៊ី (SSC) ជាង ២០នាក់សន្លប់ នៅព្រឹកថ្ងៃទី៣ ធ្នូ។
កម្មការិនីមួយរូប ឈ្មោះ ផាន ចន្នី ឲ្យដឹងតាមទូរស័ព្ទថា មូលហេតុដែលនាំឲ្យមានកម្មករសន្លប់នេះ គឺដោយសារភ័យនឹងហេតុការណ៍ទុស្សេខ្សែភ្លើងក្នុងរោងចក្រ៖ «មុនដំបូងដាច់ភ្លើងរដ្ឋ រួចហើយដាក់ភ្លើងរោងចក្រ ទុស្សេខ្សែភ្លើង កម្មកររត់ចេញ។ នៅពេលចូលវិញ ដេរបានប្រហែលជា ២ខោ វាឆេះទៀត រត់ចេញទៀ។ រត់ចេញ ៣ដងបានសន្លប់ ២១នាក់។ រត់យករួចខ្លួន គ្នាច្រើនរត់ជាន់គ្នា»។
កម្មការិនីដដែលបញ្ជាក់ថា រោងចក្រ អេស.អេស.ស៊ី នេះ កាត់ដេរខោខូវប៊យ ហើយស្ថិតនៅភូមិព្រៃជ័យ ឃុំបឹងត្រាញ់ ស្រុកសំរោង ខេត្តតាកែវ គឺជិតស្ពានស្លាគូ។ រោងចក្រនេះទើបតែបើកបាន ២ខែទេ ហើយមានកម្មករជិត ១ពាន់នាក់។ រហូតមកដល់ល្ងាចថ្ងៃទី៣ អ្នកសន្លប់ខ្លះបានដឹងខ្លួនឡើងវិញហើយ ហើយខ្លះទៀតកំពុងនៅព្យាបាលនៅឡើយ។ រីឯកម្មករផ្សេងទៀតត្រឡប់ទៅផ្ទះវិញ ព្រោះមិនទាន់ហ៊ានចូលទៅក្នុងរោងចក្រនៅឡើយ។
ដោយឡែក កម្មករកាត់ដេរនៅរោងចក្រ នូវ ខប (Now Corp) ជាង ១ពាន់នាក់ នៅឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល បិទផ្លូវជាតិលេខ៤ មួយម៉ោង នៅព្រឹកថ្ងៃទី៣ ធ្នូ ក្នុងកូដកម្មទាមទារលក្ខខណ្ឌការងារប្រសើរ។
មន្ត្រីសហព័ន្ធសហជីពមិត្តភាពកម្មករ លោក ហេង សារឿន ដែលជួយកម្មករទាំងនោះថ្លែងថា កម្មករធ្វើកូដកម្មរយៈពេល ៣ថ្ងៃមកហើយ រឿងទាមទារលក្ខខណ្ឌការងារប្រសើរ។
ក្រុមកម្មករយល់ព្រមបើកផ្លូវវិញនៅពេលដែលសមត្ថកិច្ច ចេញមកសម្របសម្រួលថា នឹងមានការចរចាជាមួយថៅកែរោងចក្រនៅថ្ងៃទី៤ ធ្នូ។ លោក ហេង សារឿន ថ្លែងថា កម្មករនឹងនៅបន្តកូដកម្មរហូតមានដំណោះស្រាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
