កម្មករ​ជា​ច្រើន​នាក់​នៅ​​រោងចក្រ​២​បន្ត​ដួល​សន្លប់

0:00 / 0:00

កម្មករ​រោងចក្រ​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ បាន​បន្ត​ដួល​សន្លប់​ជា​បន្តបន្ទាប់​ក្នុង​ពេល​កំពុង​បំពេញ​ការងារ ក្នុង​រយៈពេល​ពីរ​ថ្ងៃ​ជាប់ៗ​គ្នា គឺ​ចាប់​ពី​ថ្ងៃ​ទី​២ និង​ថ្ងៃ​ទី​៣ មេសា។ ការ​ដួល​សន្លប់​នេះ ពុំ​ទាន់​មាន​ការ​បញ្ជាក់​ពី​មូលហេតុ​ពិត​ប្រាកដ​ពី​មន្ត្រី​ជំនាញ ឬ​ភាគី​ដែល​មាន​ភារកិច្ច​ទទួល​ខុស​ត្រូវ​ក្នុង​រឿង​នេះ​នៅ​ឡើយ។

កម្មករ​ជាច្រើន​នាក់​នៃ​រោងចក្រ​ចំនួន​ពីរ គឺ​រោងចក្រ សេន ចូវ និង​រោងចក្រ ដាគ្វាន ជា​សាខា​ជាមួយ​គ្នា ស្ថិត​នៅ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ នៅ​បន្ត​ដួល​សន្លប់​ចូល​ដល់​ថ្ងៃ​ទី​ពីរ​ហើយ​គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍ ទី​៣ មេសា។

កម្មករ និង​អ្នក​ដែល​ឃើញ​ហេតុការណ៍​នេះ​ផ្ទាល់​បាន​ប៉ាន់​ប្រមាណ​ថា កម្មករ​ដែល​សន្លប់​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​នេះ​មាន​ប្រមាណ ៣០០​នាក់ ក្នុង​នោះ​មាន​អ្នក​សន្លប់​ថ្មី និង​អ្នក​សន្លប់​លើក​ទី​ពីរ។ កម្មករ​ទាំង​នោះ​ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ។

ក្រុម​កម្មករ​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​២ មេសា ចាប់​ផ្ដើម​មាន​បញ្ហា​នៅ​ម៉ោង ១២​ថ្ងៃ​ត្រង់ ហើយ​លើក​ទី​២ នៅ​ថ្ងៃ​ទី​៣ មេសា ចាប់​ផ្ដើម​ពី​ពេល​ចូល​ធ្វើ​ការ​ម៉ោង​ជិត ៨​ព្រឹក ពេល​ចូល​ធ្វើ​ការ​បាន​មួយ​សន្ទុះ។ កម្មករ​ដែល​សន្លប់​នោះ សុទ្ធតែ​ស្ត្រី​ទាំងអស់ ហើយ​ភាគ​ច្រើន​ពុំ​បាន​ដឹង​ពី​មូលហេតុ​ច្បាស់​លាស់​ទេ។

កម្មការិនី​ម្នាក់​ឈ្មោះ ធី គន្ធា ធ្វើ​ការ​នៅ​រោងចក្រ សេន ចូវ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​សម្រាក​ព្យាបាល​ឯករាជ្យ នៅ​សង្កាត់​ចោមចៅ បាន​ឲ្យ​ដឹង​ក្រោយ​ពី​សន្លប់​នោះ​ថា បើ​តាម​នាង​គិត ករណី​នេះ​អាច​មក​ពី​បញ្ហា​ទឹក​បរិភោគ​ក្នុង​រោងចក្រ​នោះ៖ «ព្រោះ​អី​គេ​គ្រប់​គ្នា​សង្ស័យ​ទឹក​ដូច​ខ្ញុំ​ដែរ​ហ្នឹង។ ហេតុ​អី​មាន​ការ​សង្ស័យ​លើ​ទឹក? ព្រោះ​អី​ហូប​ទឹក​ទៅ​កូរ​ពោះ​គ្រូក​អ៊ីចឹង​ទៅ កូរ​ពោះ​អ៊ីចឹង​ទៅ ខ្ញុំ​ទៅ​បន្ទប់​ទឹក ទៅ​បន្ទប់​ទឹក​បទ​ជើង​អត់​ចេញ ហើយ​ចង់​ក្អួត ដល់​ពេល​ចង់​ក្អួត​អ៊ីចឹង​ទៅ ក្អួត​អត់​ចេញ ខ្ញុំ​មក​កន្លែង​វិញ ខ្ញុំ​ហូប​ទឹក​ហ្នឹង​ទៀត តែ​អត់​ដឹង​ថា​បញ្ហា​អី​ទេ ដល់​ពេល​ហូប​ទឹក​ហ្នឹង​ទៀត​ទៅ កូរ​ពោះ​ទៀត ហើយ​ចង់​ក្អួត​ទន់​ដៃ​ទន់​ជើង​ដួល​តែ​ម្តង»

កម្មករ​ខ្លះ​ទៀត​បាន​អះអាង​ថា គេ​មិន​បាន​បរិភោគ​ទឹក​ក្នុង​រោងចក្រ​នោះ​ទេ តែ​ក៏​មាន​អាការៈ​ចុក​ពោះ​ក្អួត ថប់​ដង្ហើម តឹង​ទ្រូង ហើយ​ចុង​ក្រោយ​ក៏​សន្លប់​ដូច​គ្នា​ដែរ។

ចំណែក​កម្មការិនី​ម្នាក់​ទៀត​ឈ្មោះ ស៊ូ រា ធ្វើ​ការ​នៅ​រោងចក្រ ​ដាគ្វាន ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​ដូច​គ្នា​ដែរ​នោះ ក៏​បាន​សង្ស័យ​ទៅ​លើ​បញ្ហា​ទឹក​ក្នុង​រោងចក្រ ជា​ជាង​ចំណី​អាហារ។ ស៊ូ រា បញ្ជាក់​ថា ប្រមាណ​ជា​បី​ថ្ងៃ​មុន​នេះ ពួក​គេ​មាន​អាការៈ​ក្តៅ​ក្នុង​ពោះ ខ្លះ​អួល​ត្រង់​ចុង​ដង្ហើម ពេល​គេ​ផឹក​ទឹក​ក្នុង​រោងចក្រ​នោះ ប៉ុន្តែ​ទើប​ចុក​ពោះ​ខ្លាំង និង​ក្អួត​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​ជាប់ៗ​គ្នា​នេះ ហើយ​មាន​គ្នា​កាន់​តែ​ច្រើន​ឡើងៗ៖ «មុន​ដំបូង ខ្ញុំ​អត់​អី​ទេ តែ​ខ្ញុំ​ហូប​ទឹក​នៅ​កាដុង​ខ្ញុំ​ដង​មក​ថ្មី​មក​ហូប​ថ្នាំ ពេល​ហូប​ថ្នាំ ខ្ញុំ​ទន់​ដៃ​ទន់​ជើង​ក្អួត ដល់​ពេល​ក្អួត​ទៅ​ខ្ញុំ​លែង​ហូប​តែ​ម្តង​ទៅ»

នាង​បញ្ជាក់​ទៀត​ថា អ្នក​ដែល​បរិភោគ​ទឹក​ក្តៅ​ដូច​ជា​មិន​មាន​បញ្ហា​អ្វី​ទេ។

ទាក់ទង​បញ្ហា​នេះ គ្រូពេទ្យ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដែល​ទទួល​ព្យាបាល​កម្មការិនី​សន្លប់ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣ មេសា ថា មក​ដល់​ពេល​នេះ អ្នក​ជំងឺ​ទើប​នឹង​បាន​ពិនិត្យ​មើល​ឈាម ហើយ​លទ្ធផល​បឋម​ភាគ​ច្រើន​ឃើញ​មាន​ចុះ​ជាតិ​ស្ករ ឈាម​ស​ឡើង ខ្សោយ​កម្លាំង ខ្វះ​ជាតិ​កាល់ស្យូម​ក្នុង​ខ្លួន ជាដើម។ ចំពោះ​មូលហេតុ​វិញ លោក​មិន​អាច​សន្និដ្ឋាន​បាន​ភ្លាមៗ​ឲ្យ​ច្បាស់​លាស់​នោះ​ទេ ហើយ​ជុំវិញ​បញ្ហា​នេះ​ដែរ លោក​ថា​អាច​មាន​កត្តា​រួម​ផ្សំ​ជាច្រើន ដែល​នាំ​ឲ្យ​កម្មករ​សន្លប់ ដូច​ជា បញ្ហា​អាកាសធាតុ អនាម័យ​ទឹក ការ​ហូប​ចុក បរិយាកាស​កន្លែង​ធ្វើ​ការ ឬ​កន្លែង​រស់​នៅ និង​ការ​ភ័យ​ស្លន់ស្លោ​ត​គ្នា ជាដើម៖ «ហេតុ​អី​បាន​ជា​គាត់​ថប់​ណែន​ទ្រូង អ្នក​ខ្លះ​ពិបាក​ដក​ដង្ហើម យំ​ស្រែក​ប្រកាច់ អ្នក​ខ្លះ​មាន​ប្រកាច់​កាច់​ដៃ​កាច់​ជើង អា​ហ្នឹង​ហើយ​ជា​រឿង​ដក​ដង្ហើម​អត់​គ្រប់ បាន​ន័យ​ថា យក​ខ្យល់​អុកស៊ីហ្សែន ទៅ​ចិញ្ចឹម​អត់​គ្រប់ រួម​ទាំងអស់​ហ្នឹង​មក គេ​ហៅ​ថា​នៅ​ក្នុង​ឌីសូន័រ បាន​ន័យ​ថា ត្រូប​អេឡិចត្រូនិក បើ​និយាយ​បារាំង គឺ​វិបត្តិ​នៃ​សារធាតុ​ខនិក»

វិទ្យុ​អាស៊ីសេរី ពុំ​ទាន់​អាច​ស្វែង​រក​ការ​ពន្យល់​ឆ្លើយ​តប​ពី​តំណាង​ខាង​ថៅកែ​រោងចក្រ និង​មន្ត្រី​ក្រសួង​ការងារ ជុំវិញ​ការ​ដួល​សន្លប់​កម្មករ និង​វិធាន​ការ​ដោះស្រាយ​យ៉ាង​ណា​នៅ​ឡើយ នៅ​ថ្ងៃ​ទី​៣ មេសា។

ស្ថានភាព​ប្រហែល​គ្នា​នេះ​ដែរ កម្មករ​រោងចក្រ​ចំនួន​២ គឺ​រោងចក្រ ញូវវ៉ាយ (New Wide) មាន​ចំនួន ៤៦​នាក់ និង​រោងចក្រ ប៊ឺរី អាប់ភែរ៉ិល (Bery Apparel) ២​នាក់​ផ្សេង​ទៀត ស្ថិត​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ កាល​ពី​ថ្ងៃ​ទី​២ មេសា ក៏​បាន​ដួល​សន្លប់​ដូច​គ្នា​ដែរ។ គ្រូពេទ្យ​បាន​ប្រាប់​ថា កម្មករ​ទាំង​នោះ​មាន​អាការៈ​ហេវ​ហត់ ទន់​ខ្សោយ​ខាង​ផ្នែក​ស្មារតី។ ចំណែក​មន្ត្រី​អង្គការ​ដែល​ឃ្លាំ​មើល​បញ្ហា​សិទ្ធិ​ការងារ បាន​ស្នើសុំ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ចុះ​សិក្សា និង​ស្វែង​រក​មូលហេតុ​ដែល​ធ្វើ​ឲ្យ​កម្មករ​ដួល​សន្លប់​បែប​នេះ​ឲ្យ​បាន​ច្បាស់ និង​ចាត់​វិធាន​ការ​ដោះស្រាយ​ឲ្យ​បាន​សមស្រប៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។