គ្រួសារ​នៅ​ស្ទឹងត្រែង​អំពាវនាវ​ជា​ថ្មី​ឲ្យ​ជួយ​ស្វែង​រក​ពលការិនី​៣​នាក់​នៅ​ម៉ាឡេស៊ី

គ្រួសារ​ពលការិនី​ខ្មែរ​នៅ​ខេត្ត​ស្ទឹងត្រែង បាន​អះអាង​ថា ពួក​គេ​មិន​អាច​ទាក់ទង​សាច់ញាតិ​ចំនួន ៣​នាក់ ដែល​ធ្វើ​ការ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី បាន​ឡើយ ក្រោយ​ពី​ពួក​គាត់​បាន​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​រាជ​រដ្ឋាភិបាល​ឲ្យ​ជួយ​សង្គ្រោះ​ពលការិនី​ទាំង​នោះ​ពី​អំពើ​ហិង្សា រំលោភ​កិច្ច​សន្យា​ការងារ​របស់​ថៅកែ។

0:00 / 0:00

ស្ត្រី​ខ្មែរ​ទាំង​បី​នាក់​នោះ បាន​ចុះ​កិច្ច​សន្យា​ជាមួយ​ក្រុមហ៊ុន​នាំ​ពលករ​ទៅ​ប្រទេស​ម៉ាឡេស៊ី ចំនួន​ពីរ​ឆ្នាំ ប៉ុន្តែ​កិច្ច​សន្យា​ការងារ​ហួស​រយៈពេល​មួយ​ឆ្នាំ ហើយ​ថៅកែ​មិន​អនុញ្ញាត​ឲ្យ​ពលការិនី​ខ្មែរ​នេះ​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ​ឡើយ។

ប្រជាពលរដ្ឋ​រស់​នៅ​ខេត្ត​ស្ទឹងត្រែង នៅ​ថ្ងៃ​អង្គារ ទី​១៩ ខែ​វិច្ឆិកា អំពាវនាវ​ជា​ថ្មី​ទៀត​សុំ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​រាជ​រដ្ឋាភិបាល ជួយ​អន្តរាគមន៍​ស្វែង​រក​ពលការិនី​ខ្មែរ​ចំនួន​បី​នាក់​ដែល​បាត់​ដំណឹង​នៅ​ប្រទេស​ម៉ាឡេស៊ី។

ស្ត្រី​ឈ្មោះ ម៉ាន អុន រស់​នៅ​ភូមិ​ឆ្វាំង ឃុំ​សំអាង ស្រុក​ថាលាបរិវ៉ាត់ មាន​ប្រសាសន៍​បញ្ជាក់​ថា ក្មួយ​របស់​គាត់​ពីរ​នាក់​បាន​បាត់​ដំណឹង​តាំង​ឆ្នាំ​២០១១ បន្ទាប់​ពី​ចុះ​កិច្ច​សន្យា​ជាមួយ​ក្រុមហ៊ុន​នាំ​ពលករ​ឈ្មោះ អេ.ឌី.ភី (ADP) ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ម៉ាឡេស៊ី។ ចំណែក​កូន​ស្រី​របស់​គាត់ ក៏​ត្រូវ​ថៅកែ​ម៉ាឡេស៊ី ផ្តាច់​មិន​ឲ្យ​ទាក់ទង​ផ្តល់​ដំណឹង​អ្វី​មក​គាត់​ជា​ម្តាយ តាំង​ពី​ខែ​កក្កដា កន្លង​ទៅ បន្ទាប់​ពី​កូន​ស្រី​បាន​ទូរស័ព្ទ​ប្រាប់​ថា នាង​ត្រូវ​ថៅកែ​វាយ​គំរាម ដោយសារ​តែ​នាង​ទាមទារ​វិល​ត្រឡប់​មក​លំនៅឋាន​វិញ​ក្រោយ​ពេល​បញ្ចប់​កិច្ច​សន្យា។

អ្នកស្រី​បន្ត​ថា បាន​ដាក់​ពាក្យ​ប្ដឹង​សុំ​កិច្ច​អន្តរាគមន៍​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ច្រើន​ខែ​ហើយ ប៉ុន្តែ​មិន​ឃើញ​មាន​ដំណឹង​អ្វី​ពី​ពលការិនី​ទាំង​នោះ​នៅ​ឡើយ៖ «ក្រុមហ៊ុន​គេ​យក​ទៅ​ថា​តែ​ពីរ​ឆ្នាំ​ទេ មីង​ចប់​អាណត្តិ​មក​វិញ ហើយ​ធ្លាក់​បី​ឆ្នាំ​ក៏​មិន​ឃើញ ថា​បន្ត​អាណត្តិ ដល់​ពេល​ខ្ញុំ​ទូរស័ព្ទ​សួរ​វា​ទៅ ខ្ញុំ​មិន​ទាន់​ប្ដឹង​គេ​ថា​ខ្ញុំ​អត់​បាន​ត​អាណត្តិ​ទេ ថៅកែ​ទេ​លួច​ត​អាណត្តិ។ ពេល​នេះ​បាត់​ឈឹង​ទៅ»

ពលការិនី​ខ្មែរ​ទាំង​បី​នាក់​មាន​ឈ្មោះ នួន សុខជា ជិន អាន់ និង​ឈ្មោះ សា មករា បាន​ចុះ​កិច្ច​សន្យា​រយៈពេល ២​ឆ្នាំ​ពី​ដើម​ឆ្នាំ​២០១០ ទៅ​បម្រើ​ការងារ​តាម​ផ្ទះ ប៉ុន្តែ​កិច្ច​សន្យា​ការងារ​បាន​ហួស​កំណត់​មួយ​ឆ្នាំ​ហើយ។ បច្ចុប្បន្ន ក្រុមហ៊ុន​នាំ​ពលករ​បាន​បិទ​ការិយាល័យ ចំណែក​តំណាង​ក្រុមហ៊ុន​គេចវេស​មិន​ទទួល​ខុស​ត្រូវ​លើ​បញ្ហា​នេះ​ឡើយ។

មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក ខេត្ត​ស្ទឹងត្រែង លោក ហូ សំអុល មាន​ប្រសាសន៍​ទទួល​ស្គាល់​ថា សមាគម​លោក​បាន​អន្តរាគមន៍​ពាក្យ​ប្ដឹង​របស់​គ្រួសារ​ពលការិនី​ទាំង​បី​នាក់​ទៅ​ការិយាល័យ​ប៉ូលិស​ប្រឆាំង​ការ​ជួញ​ដូរ​នៃ​ស្នងការដ្ឋាន​ប៉ូលិស និង​បាន​ចាត់​ទុក​ករណី​នេះ​ជា​ករណី​តាម​ដាន​បន្ត​ទៀត។ លោក​អះអាង​ថា មន្ត្រី​នគរបាល​ជំនាញ​មិន​ទាន់​បាន​ផ្តល់​ដំណឹង​ស្ដីពី​ការ​ស្វែង​រក​ពលករ​ទាំង​នោះ​នៅ​ឡើយ៖ «ខ្ញុំ​នឹង​រៀប​គម្រោង ព្រោះ​ពួក​គាត់​ក៏​បាន​ទូរស័ព្ទ​មក​ខ្ញុំ​អ៊ីចឹង​ណា! ខ្ញុំ​ទុក​ពេល​ឲ្យ​កម្លាំង​ជួញ​ដូរ​នៅ​ខេត្ត​ហ្នឹង គាត់​ទាក់ទង​សិន។ បើ​សិន​ជា​លទ្ធផល​ក្នុង​រយៈពេល​ខែ​ហ្នឹង បើ​គាត់​គ្មាន​ទៀត ខ្ញុំ​នឹង​រាយការណ៍​ទៅ​ឲ្យ​ខាង​ជំនាញ​ខ្ញុំ​នៅ​លើ​ឲ្យ​គេ​ទាក់ទង​ទៅ​ខាង​រដ្ឋាភិបាល​អ៊ីចឹង​ដែរ»

ទាក់ទិន​ករណី​នេះ អនុ​ប្រធាន​ការិយាល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​នៃ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត​ស្ទឹងត្រែង លោក ភៀន ភើយ មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​បាន​ផ្ញើ​របាយការណ៍ និង​ពាក្យ​ប្ដឹង​របស់​គ្រួសារ​ពលការិនី​ទាំង​បី​ទៅ​អាជ្ញាធរ​ថ្នាក់​ជាតិ​រួច​ហើយ ដើម្បី​ចាត់​វិធាន​ការ​ស្រាវជ្រាវ​ករណី​នេះ។ លោក​បន្ត​ថា គ្រួសារ​ពលការិនី​ត្រូវ​ផ្តល់​ព័ត៌មាន​មក​ប៉ូលិស ប្រសិន​ទំនាក់ទំនង​ជាមួយ​ពលការិនី​ត្រូវ​កាត់​ផ្តាច់៖ «ខ្ញុំ​តាម​ដាន​យូរ​ហើយ​តាំង​ពី​ទទួល​ពាក្យ​បណ្ដឹង​មក ប៉ុន្តែ​ឥឡូវ​ខាង​លើ​គេ​មិន​ទាន់​បាន​ផ្តល់​ព័ត៌មាន​ឲ្យ​ផង។ ចង់​ឲ្យ​គាត់​មក​ធ្វើ​ម្តង​ទៀត ចង់​ដឹង​រឿងរ៉ាវ​ក្រោយ​មក​ទៀត ស្អែក​ឲ្យ​មក​ជួប​នៅ​កន្លែង​ដើម»

របាយការណ៍​ស្រាវជ្រាវ​របស់​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​នា​រយៈពេល ៦​ខែ​ដើម​ឆ្នាំ​២០១៣ នេះ មាន​បញ្ហា​ពលករ​ចំណាក​ស្រុក​ជាង ១​ពាន់​ករណី ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​ប្រទេស​ថៃ អាហ្វ្រិក​ខាង​ត្បូង ចិន និង​ប្រទេស​ម៉ាឡេស៊ី។

ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក មឿន តុលា កន្លង​ទៅ បាន​កត់​សម្គាល់​ថា បទ​ពិសោធន៍​ដែល​អង្គការ​លោក​រក​ឃើញ គឺ​ក្រសួង​ការ​បរទេស ក៏​មាន​កំហុស​មួយ​ចំណែក​ទាក់ទិន​ការ​បន្ត​ទិដ្ឋាការ​ដល់​ពលករ​នៅ​ប្រទេស​ម៉ាឡេស៊ី ដែល​អាច​នាំ​ឲ្យ​កើត​មាន​អំពើ​ពុក​រលួយ​ក្នុង​ការ​បន្ត​អាណត្តិ​ការងារ​របស់​ពលរដ្ឋ ដោយ​ពុំ​មាន​ការ​ឯកភាព​ពី​ពលករ និង​ក្រុម​គ្រួសារ ទើប​កើត​មាន​រឿង​បែប​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។