តំណាងកម្មករថ្លែងនៅរសៀលថ្ងៃទី១៦ ធ្នូ ថា ក្រុមកម្មករមកពី ២៧រោងចក្រ រួមមានរោងចក្រផលិតកង់ រោងចក្រផលិតពូក រោងចក្រផលិតអំពូលភ្លើង រោងចក្រធ្វើតុក្កតា រោងចក្រកាត់ដេរ និងកម្មកររោងចក្រផលិតស្បែកជើង ជាដើម។ ពួកគេធ្វើកូដកម្មដោយឈរតវ៉ានៅខាងមុខតំបន់សេដ្ឋកិច្ចពិសេស តាមបណ្ដោយផ្លូវជាតិលេខ១ ហើយការធ្វើកូដកម្មព្រមៗគ្នាដូចនេះ ដោយសារភាគីក្រុមហ៊ុនមិនបានដំឡើងប្រាក់ខែឲ្យពួកគេតាមកាលកំណត់។
លោក អ៊ុត ភត្រា បញ្ជាក់បន្ថែមថា ក្រុមកម្មករផលិតកង់ស្មាតថេក ជាអ្នកផ្ដើមផ្ទុះកំហឹងទាមទារមុនគេ ដោយខឹងសម្បារក្រុមហ៊ុនមួយនេះមិនបានកែលំអលក្ខខណ្ឌការងារ ដែលភាគីក្រុមហ៊ុនបានសន្យាយល់ព្រមជាមួយកម្មករនាពេលកន្លងមក។ លក្ខខណ្ឌការងារដែលក្រុមកម្មករទាមទារ មានដូចជា ស្នើឲ្យក្រុមហ៊ុនបើកប្រាក់ខែនៅថ្ងៃធ្វើការងារ ដក លោក ជិន ប៉ាវ ចេញពីតំណែងមន្ត្រីការងាររបស់រោងចក្រ ឲ្យក្រុមហ៊ុនរៀបចំកែលំអម៉ាស៊ីនបឺតកម្ដៅ ផ្ដល់ប្រាក់លើកទឹកចិត្តកម្មករ ៥ដុល្លារក្នុងមួយខែ ឲ្យក្រុមហ៊ុនបញ្ឈប់កិច្ចសន្យារយៈពេលខ្លី និងប្រាក់បន្ថែមម៉ោងថ្ងៃឈប់សម្រាក និងថ្ងៃសៅរ៍ អាទិត្យ ឲ្យបានទ្វេដង ជាដើម។
លោក អ៊ុត ភត្រា បន្តថា ក្រុមកម្មករធ្វើកូដកម្មបន្តរាលដាលពីរោងចក្រផលិតកង់ ឆ្លងទៅបណ្ដាលរោងចក្រនានា រហូតទល់ម៉ោងប្រមាណជិត ៥រសៀល ទើបកម្មកររំសាយត្រឡប់ទៅផ្ទះវិញ៖ «ពីមុនហ្នឹង កូដកម្មមួយសា ហើយរោងចក្រអត់អនុវត្តអា ១៣ចំណុចពីមុន គឺនៅដដែល។ អ៊ីចឹង កម្មករគាត់ទាមទារឲ្យក្រុមហ៊ុនហ្នឹងអនុវត្ត។ ក្រោយពីចរចាហើយហ្នឹង យើងក៏បានជួបចរចាបន្តៗទៀត ក្រុមហ៊ុនធ្វើអត់បាន។ គោលបំណងសំខាន់ គឺរឿងថ្នាំពេទ្យបន្ទប់ទឹកដំបូង»។
ទាក់ទងនឹងបញ្ហាកម្មករធ្វើកូដកម្មនេះ អនុប្រធានមន្ទីរការងារខេត្តស្វាយរៀង លោក អ៊ូ សុខឿន មានប្រសាសន៍ថា ក្រុមកម្មករធ្វើកូដកម្មបង្កឡើងដោយសារមានក្រុមកម្មករមួយក្រុម បានលួចគប់ទៅលើដំបូលរោងចក្រក្បែរខាងរបស់ខ្លួន បង្កឲ្យកម្មករក្នុងរោងចក្រមានការភ្ញាក់ផ្អើល ហើយបានចេញមកខាងក្រៅ។ លោកបន្តថា ដោយឃើញស្ថានភាពបែបនេះ ទើបថៅកែរោងចក្របានសម្រេចចិត្តបិទរោងចក្រឲ្យកម្មករឈប់សម្រាកមួយថ្ងៃត្រឡប់ទៅផ្ទះតែម្ដង៖ «នៅមេនហាតធេន ហ្នឹង វាមាន ២០រោងចក្រ ដែលកំពុងដំណើរការ ប៉ុន្តែគិតត្រឹមម៉ោង៣ នេះ ឲ្យសម្រាកដល់ទៅ ១៦រោងចក្រហើយ។ នៅសល់តែ ៤រោងចក្រទេដែលនៅធ្វើការ។ ដោយឡែក តាយសេង មាន ១៦រោងចក្រ គឺថា ១០រោងចក្រឲ្យសម្រាកដែរ។ ដោយឡែកពីរឿងមូលហេតុហ្នឹងរហូតដល់ពេលនេះ ខ្ញុំមិនមានអីជាក់លាក់ថា បងប្អូនទាមទារអីទេ ក្ដាប់មូលហេតុមិនទាន់បានទេ ទាល់តែស្អែកនេះបាន ហើយធ្វើការប្រជុំជាមួយគណៈកម្មការដោះស្រាយកូដកម្មបាតុកម្មថ្នាក់ខេត្តហ្នឹង»។
យ៉ាងណាក៏ដោយ ក្រុមកម្មករអះអាងថា ពួកគេធ្វើកូដកម្ម គឺដើម្បីទាមទារដំឡើងប្រាក់ខែ និងកែលំអលក្ខខណ្ឌការងារ ដើម្បីរស់នៅសមរម្យឲ្យសមស្របតាមសេដ្ឋកិច្ចសព្វថ្ងៃ។ ក្រុមកម្មករ ឲ្យដឹងថា នៅយប់ថ្ងៃដដែលនេះ មានក្រុមអាជ្ញាធរមូលដ្ឋានបានចុះទៅរារាំងកម្មករតាមផ្ទះ ដោយមិនឲ្យពួកគេចេញទៅធ្វើកូដកម្មបន្តនៅថ្ងៃបន្ទាប់នោះឡើយ។ ទោះជាយ៉ាងនេះ ក្រុមកម្មករបញ្ជាក់ថា ពួកគេនឹងបន្តធ្វើកូដកម្មទាមទារព្រមគ្នា នៅថ្ងៃទី១៧ ទៀត គឺបន្តទាមទារលុះណាតែក្រុមហ៊ុនដោះស្រាយសមរម្យ ទើបក្រុមកម្មករបញ្ឈប់ការតវ៉ា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។