កម្មករ​រោងចក្រ​ផាញ​ហ្គ្រេត​ទទួល​បាន​ប្រាក់​បុរេ​ប្រទាន​ពី​រដ្ឋាភិបាល

កម្មករ​កម្មការិនី​នៅ​រោងចក្រ ផាញ ហ្គ្រេត ខេមបូឌា (Pine Great Cambodia) មាន​ទីតាំង​នៅ​ក្នុង​សង្កាត់​បឹងទំពុន ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ បាន​ទទួល​ប្រាក់​បុរេ​ប្រទាន​ពី​រដ្ឋាភិបាល​កម្ពុជា។

0:00 / 0:00

កម្មករ​កម្មការិនី​ក្នុង​រោងចក្រ ផាញ ហ្គ្រេត ជាង ៧០០​នាក់ នៅ​ថ្ងៃ​ទី២៥ កក្កដា បាន​ទទួល​ប្រាក់​បុរេ​ប្រទាន​ពី​រដ្ឋាភិបាល​កម្ពុជា បន្ទាប់​ពី​រោងចក្រ​នេះ​មាន​បញ្ហា​ទាក់ទង​នឹង​ការ​បើក​ប្រាក់​បៀវត្ស​ជូន​កម្មករ​នៅ​ដើម​ខែ​មិថុនា កន្លង​ទៅ។

អនុ​ប្រធាន​សហជីព​តំណាង​កម្មករ​ក្នុង​រោចក្រ ផាញ ហ្គ្រេត អ្នកស្រី កែវ សុខុម មាន​ប្រសាសន៍​ថា វា​ជា​ការ​ល្អ​នៅ​ពេល​ដែល​កម្មករ​ទទួល​ប្រាក់​បុរេ​ប្រទាន ដែល​អាច​ជួយ​ដល់​ក្រុម​កម្មករ​ខណៈ​ពេល​ដែល​ការ​បោះឆ្នោត​ខិត​ជិត​មក​ដល់៖ «ទើប​មក​ដល់​ឥឡូវ​ហ្នឹង ទើប​តែ​ដោះស្រាយ​បាន ជិត​បោះឆ្នោត​ហ្នឹង ទើប​តែ​បាន​សម្ដេច​តេជោ គាត់​បុរេ​ប្រទាន​ឲ្យ​មក​កម្មករ​បើក​លុយ​ដើម្បី​ទៅ​បោះឆ្នោត»

ទាក់ទង​នឹង​រឿង​នេះ​ដែរ ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ជា មុនី សាទរ​ចំពោះ​ការ​ទទួល​បាន​ប្រាក់​បុរេ​ប្រទាន​ដល់​ក្រុម​កម្មករ។ លោក​ថ្លែង​ថា រដ្ឋាភិបាល​មាន​តួនាទី​ដោះស្រាយ​រាល់​បញ្ហា​ជូន​កម្មករ នៅ​ពេល​ដែល​មិន​មាន​បើក​ប្រាក់​បៀវត្ស​ជូន​កម្មករ ដោយសារ​ក្រុមហ៊ុន​បិទ​ទ្វារ ឬ​ក៏​ក្ស័យ​ធុន​ជាដើម៖ «ការ​ពិត បុរេ​ប្រទាន​មាន​ន័យ​ថា គឺ​ជា​ប្រាក់​ដែល​កម្ចី។ អ៊ីចឹង​មាន​ន័យ​ថា ស្ថាប័ន​មួយ​ទៅ​កម្ចី អាច​ជា​ក្រសួង​ការងារ ឬ​មួយ​ក៏​អាច​ជា​ក្រសួង​សង្គម​កិច្ច ខ្ចី​ប្រាក់​ពី​ប្រភព​ណា​មួយ ពី​រតនាគារ​ជាតិ ក៏បាន ពី​ក្រសួង​ហិរញ្ញវត្ថុ ក៏​បាន ដើម្បី​យក​មក​បើក​ឲ្យ​កម្មករ​កម្មការិនី។ អ៊ីចឹង ប្រាក់​ទាំងអស់​សុទ្ធសឹងតែ​ជា​ប្រាក់​របស់​រដ្ឋ និង​កញ្ចប់​ថវិកា​ជាតិ។ អ៊ីចឹង ការ​ដែល​ខ្ចី​យក​មក​បើក​សិន ទាល់​ក្រោយ​មក គេ​នឹង​អាច​ធ្វើ​ការ​ឡាយឡុង​សហគ្រាស​នោះ ដើម្បី​រក​ប្រាក់​បង្វិល​សង​ឲ្យ​រតនាគារ​ជាតិ ឬ​ក៏​សង​រដ្ឋ​វិញ។ អ៊ីចឹង ប្រាក់​នេះ​មិន​មាន​ន័យ​ថា ប្រាក់​បុគ្គល​ណា​មួយ​ដែល​យក​មក​បើក​ឲ្យ​កម្មករ​ដូច​ការ​លើក​ឡើង​នោះ​ទេ​បាទ»

សេចក្តី​ជូន​ដំណឹង​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី២៣ កក្កដា បាន​ឲ្យ​ដឹង​ថា ប្រាក់​បុរេ​ប្រទាន​ចំនួន ៦០.៥០០​ដុល្លារ នឹង​ត្រូវ​បើក​ជូន​ក្រុម​កម្មករ​កម្មការិនី​នៅ​រោងចក្រ ផាញ ហ្គ្រេដ ខេមបូឌា នៅ​ថ្ងៃ​ទី២៥ កក្កដា ឆ្នាំ​២០១៣៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។