កម្មករ​រោងចក្រ​៥​នាក់​ស្លាប់​និង​ជិត​៧០​នាក់​រង​របួស​ក្នុង​ហេតុការណ៍​ក្រឡាប់​ឡាន

ដោយ ថា កិត្យា
2016-01-12
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
រថយន្ត​ដឹក​កម្មករ​ដែល​ក្រឡាប់​ដោយសារ​ការ​បើក​ជែង​គ្នា​នៅ​លើ​ផ្លូវ​ជាតិ​លេខ​៤១ ត្រង់​ចំណុច​មុខ​វត្ត​ស្រះស្រង់ ស្ថិត​ក្នុង​ឃុំ​រកាកោះ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ កាល​ពី​ព្រឹក​​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០១៦។
រថយន្ត​ដឹក​កម្មករ​ដែល​ក្រឡាប់​ដោយសារ​ការ​បើក​ជែង​គ្នា​នៅ​លើ​ផ្លូវ​ជាតិ​លេខ​៤១ ត្រង់​ចំណុច​មុខ​វត្ត​ស្រះស្រង់ ស្ថិត​ក្នុង​ឃុំ​រកាកោះ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ កាល​ពី​ព្រឹក​​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០១៦។
RFA/Phann Yasy

កម្មករ​រោងចក្រ ៥​នាក់​ស្លាប់ និង​ជិត ៧០​នាក់​ផ្សេង​ទៀត​រង​របួស​ធ្ងន់​ស្រាល ក្នុង​ហេតុការណ៍​ក្រឡាប់​រថយន្ត​ដឹក​ពួកគាត់​ទៅ​ធ្វើ​ការ​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែ​មករា។ ទាក់ទិន​នឹង​រឿង​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើត​ឡើង​ក្នុង​ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ នេះ អាជ្ញាធរ​កំពុង​បន្ត​នីតិវិធី​ស្វែង​រក​ចាប់​ខ្លួន​អ្នក​បើកបរ ខណៈ​ដែល​សហជីព និង​អង្គការ​សង្គម​ស៊ីវិល​កំពុង​តាមដាន និង​ត្រៀម​ទាមទារ​សំណង និង​អត្ថប្រយោជន៍​ផ្សេងៗ​សម្រាប់​គ្រួសារ​កម្មករ​រងគ្រោះ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​បណ្ដាល​ឲ្យ​កម្មករ​រោងចក្រ នូវ ខប ( NOW CORP) ចំនួន ៥​នាក់​ស្លាប់ និង ៦៨​នាក់​ផ្សេង​ទៀត​រង​របួស​ធ្ងន់​ស្រាល​នេះ បាន​កើត​ឡើង​នៅ​លើ​ផ្លូវ​ជាតិ​លេខ​៤១ ត្រង់​ចំណុច​មុខ​វត្ត​ស្រះស្រង់ ស្ថិត​ក្នុង​ភូមិ​ជៃតាគួន ឃុំ​រកាកោះ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ។

​កម្មករិនី ឈឹង សាវ ជា​សាក្សី​ដែល​ឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក​ឲ្យ​ដឹង​ថា ហេតុការណ៍​នេះ​បាន​កើត​ឡើង​ដោយសារ​អ្នក​បើកបរ​រថយន្ត​ដឹក​កម្មករ​មួយ​គ្រឿង​ឈ្មោះ រ៉ា មន ព្យាយាម​បើក​ជែង​រថយន្ត​ដឹក​កម្មករ​របស់​គាត់​ក្នុង​ទិស​ដៅ​ស្រប​គ្នា​លើ​ផ្លូវ​ជាតិ​លេខ​៤១ ដើម្បី​ទៅ​ធ្វើ​ការ​នៅ​រោងចក្រ នូវ ខប ស្ថិត​នៅ​ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល៖ «ឡាន​គ្រោះថ្នាក់​នេះ​វា​បើក​មក​ពី​ក្រោយ ហើយ​វា​វ៉ា​ទៅ​មុខ ប៉ុន្តែ​មាន​ឡាន​អា​បែន​អា​វែង​មួយ​នៅ​ពី​មុខ។ ដល់​អ៊ីចឹង តៃកុង​ឡាន​វា​លោត​ចេញ​បាត់​ទៅ ហើយ​ពេល​អត់​តៃកុង​ឡាន វា​រេ​ក្រឡាប់​តែ​ម្តង»

​ពេល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ភ្លាមៗ អ្នក​បើកបរ​រថយន្ត​ដឹក​កម្មករ​ទាំង​ពីរ បាន​រត់​គេច​ខ្លួន ហើយ​ចំណែក​កម្មករ​រង​របួស​ធ្ងន់​ត្រូវ​បាន​រថយន្ត​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត រី​ឯ​អ្នក​របួស​ស្រាល កំពុង​សម្រាក​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ​មួយ​ចំនួន​ក្នុង​ខេត្ត​កំពង់ស្ពឺ។

អធិការរង​ស្រុក​គងពិសី ទទួល​បន្ទុក​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់ លោក សុខ សុផល មាន​ប្រសាសន៍​ថា អាជ្ញាធរ​កំពុង​សហការ​គ្នា​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ដើម្បី​ស្វែង​រក​ចាប់​ខ្លួន​អ្នក​បើកឡាន​បង្ក​ហេតុ​យក​មក​ផ្ដន្ទាទោស។ លោក​បញ្ជាក់​ថា នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​មាន​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​ច្រើន​រហូត​ជិត ៧០​នាក់ នៅ​ឆ្នាំ​២០១៦៖ «ខាង​សមត្ថកិច្ច​ខ្ញុំ​កំពុង​ខិតខំ​ស្រាវជ្រាវ​តៃកុង​ឡាន​ដែល​បង្ក​គ្រោះថ្នាក់ ដើម្បី​ឲ្យ​ទទួល​ខុស​ត្រូវ​ចំពោះ​បញ្ហា​ដែល​កើត​ឡើង»

លោក កាន សុខុម ជា​សាច់ញាតិ​កម្មការិនី​រង​គ្រោះ​ឈ្មោះ ណុប លីម ដែល​ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុ រៀប​រាប់​ថា គ្រួសារ​ជនរងគ្រោះ​កំពុង​ជួប​វិបត្តិ​ផ្លូវ​ចិត្ត និង​វិបត្តិ​សេដ្ឋកិច្ច​គ្រួសារ ព្រោះ​ថា គាត់​បាន​បន្សល់ទុក​កូន​តូចៗ​បី​នាក់ និង​ប្ដី​គ្មាន​មុខ​របរ​អ្វី​ផ្សេង​ក្រៅ​ពី​ឡើង​ត្នោត៖ «សូម​ជួយ​រក​យុត្តិធម៌​ផង​ដើម្បី​កុំ​ឲ្យ​ក្មេង​នោះ វា​រស់នៅ​កំព្រា​វេទនា​ពិបាក​អី​អ៊ីចឹង​ពេល​អត់​ម្តាយ»

​ស្ថានភាព​គ្រួសារ​របស់​ជនរងគ្រោះ​ផ្សេង​ទៀត ក៏​មិន​ខុស​គ្នា​ប៉ុន្មាន​ឡើយ ពោល​គឺ​ពួកគេ​កំពុង​រស់​នៅ​ក្នុង​ស្ថានភាព​តោកយ៉ាក ដោយ​ខ្លះ​ជាប់​បំណុល​ធនាគារ​ទៀត​ផង។

ក្នុង​មាត្រា ៨៥ នៃ​ច្បាប់​ចរាចរណ៍​ថ្មី​បាន​ចែង​ថា អ្នក​បើកបរ​ដែល​បង្ក​អោយ​មាន​អ្នក​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នឹង​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ឆ្នាំ ទៅ ៣​ឆ្នាំ និង​ពិន័យ​ពី ៤​លាន ទៅ ១៥​លាន​រៀល។ ទោស​នេះ​នឹង​ត្រូវ​ផ្ដន្ទាទោស​ពី ២​ឆ្នាំ ទៅ ៥​ឆ្នាំ ពិន័យ​ពី ១០​លាន​រៀល ដល់ ២៥​លាន​រៀល ប្រសិនបើ​បណ្ដាល​អោយ​មាន​អ្នក​ស្លាប់​ច្រើន​នាក់ ឬ​ករណី​ផ្សេងៗ​មួយ​ចំនួន​ទៀត។

​មន្ត្រី​កម្មវិធី​នៃ​មជ្ឈមណ្ឌល​សាមគ្គីភាព អ្នកស្រី សូ សុម៉ាល័យ ដែល​តាមដាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ លើក​ឡើង​ថា តាម​ផ្លូវ​ច្បាប់ ប្រសិនបើ​កម្មករ-​កម្មការិនី ជួប​គ្រោះថ្នាក់​អំឡុង​ពេល​ពួកគាត់​ទៅ​បំពេញ​ការងារ​នោះ គឺ​របប​បេឡា​ជាតិ​សន្តិសុខ​សង្គម ដែល​ហៅ​កាត់​ថា ប.ស.ស ជា​អ្នក​ទទួល​ខុស​ត្រូវ។ ដូច្នេះ អ្នកស្រី​ក៏​ជំរុញ​ឲ្យ​មន្ត្រី ប.ស.ស ជួយ​យក​ចិត្ត​ទុក​ដាក់​ផ្ដល់​អត្ថប្រយោជន៍​ផ្សេងៗ ជូន​កម្មករ​ដែល​ស្លាប់ និង​រង​របួស​ឲ្យ​បាន​លឿន និង​ទៀងទាត់៖ «នៅ​ពេល​កម្មករ​ស្លាប់ គឺ ប.ស.ស មាន​តួនាទី​ទទួល​ខុស​ត្រូវ​ផ្តល់​អត្ថប្រយោជន៍ ៧០​ភាគរយ​នៃ​ប្រាក់​ខែ​ម្តាយ​ស្លាប់​នោះ ឲ្យ​កូន​គាត់​រហូត​ដល់​អាយុ ២១​ឆ្នាំ ប្រសិន​បើ​កូន​គាត់​ចូល​សាលា​រៀន ប៉ុន្តែ​បើ​អត់​រៀន បាន​ត្រឹម​អាយុ ១៨​ឆ្នាំ។ ហើយ​ប្ដី​របស់​គាត់​ក៏​ទទួល​បាន​អត្ថប្រយោជន៍​ដូច​គ្នា ប៉ុន្តែ​បើ​គាត់​យក​ប្រពន្ធ​ថ្មី​នោះ គឺ​មិន​ទទួល​បាន​ទៀត​ឡើយ។ សម្រាប់​កម្មករ​រង​របួស​នោះ គឺ ប.ស.ស មាន​តួនាទី​ព្យាបាល និង​ទទួល​ខុស​ត្រូវ​ទៅ​លើ​ការ​ចំណាយ»

​ដោយ​ឡែក ក្រោយ​គ្រោះថ្នាក់​ចរាចរណ៍​ភ្លាម ក្រសួង​ការងារ ក៏​បាន​ចេញ​សេចក្ដី​ប្រកាស​ចូលរួម​រំលែក​ទុក្ខ និង​បញ្ជូន​គណៈប្រតិភូ​ជាន់​ខ្ពស់​ចុះ​សួរ​សុខ​ទុក្ខ និង​ដោះស្រាយ​ទុក្ខ​លំបាក​របស់​កម្មករ-​កម្មការិនី និង​ក្រុម​គ្រួសារ ទៅ​តាម​គោលការណ៍​របប​សន្តិសុខ​សង្គម។

កម្មការិនី​រោងចក្រ នូវ ខប ដែល​ស្លាប់​ទាំង ៥​នាក់​នោះ មាន​ឈ្មោះ ស៊ីម ខុម ណុប លីម ស្រីប៉ិច អ៊ីវ សុខមុំ និង​ឈ្មោះ ផាត់ សុខច័ន្ទ។ ពួកគេ​រស់​នៅ​ស្រុក​គងពិសី និង​ស្រុក​បរសេដ្ឋ ខែត្រ​កំពង់ស្ពឺ។

អាជ្ញាធរ​ក៏​អំពាវនាវ​ឲ្យ​អ្នក​បើកបរ​បរ​ទាំង​ឡាយ​ត្រូវ​គោរព​ច្បាប់​ចរាចរណ៍  ជាពិសេស​អ្នក​បើក​ឡាន​ដឹក​កម្មករ ត្រូវ​ឈប់​ផ្ទុក​មនុស្ស​ប្រជ្រៀត​គ្នា​ត​ទៅ​ទៀត។

អគ្គស្នងការ​នគរបាល​ជាតិ លើក​ឡើង​ថា បន្ទាប់​ពី​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី ត្រូវ​បាន​ដាក់​ឲ្យ​អនុវត្ត​នោះ​មក អត្រា​គ្រោះថ្នាក់​ចរាចរណ៍​បាន​ថយ​ចុះ​ប្រមាណ ១៩​ភាគរយ។ ប៉ុន្តែ​មន្ត្រី​សង្គម​ស៊ីវិល​ធ្វើ​ការ​ទាក់ទង​ចរាចរណ៍​លើក​ឡើង​ថា ការ​ថយ​ចុះ​នេះ​នៅ​តែ​ជា​ចំនួន​តិចតួច​នៅ​ឡើយ និង​ជំរុញ​ឲ្យ​សមត្ថកិច្ច​ត្រូវ​រឹត​បន្តឹង​មូលហេតុ​សំខាន់ៗ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​បន្ត​ទៀត ក្នុង​នោះ​មាន​បើកបរ​លើស​ល្បឿន​កំណត់ និង​វ៉ា​ជែង​គ្នា​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (6)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

, សង្គមកម្ពុជា គ្រោះថ្នាក់ចរាចរ ដោយសារ ប្រជាពលរដ្ឋ មន្ត្រីរាជការ ខ្លះ គាត់មិនបាន រៀនច្បាប់ចរាចរ គ្មានការយល់ដឹង អ្នកខ្លះទៀត ខ្ជឹលមើលពត៏មាន សន្តិសុខសង្គម ងាយនឹង ជួប គ្រោះថ្នាក់ចរាចរ ដោយស្វ័យប្រវត្ត !
, អ្នកដែលគាត់មើលពត៏មាន សន្តិសុខសង្គម គ្រោះថ្នាក់ចរាចរ គាត់យល់ដឹងពី មូលហេតុគ្រោះថ្នាក់ ធ្វើអោយគាត់រួចផុត ពីគ្រោះថ្នាក់ បានជាច្រើន !

Jan 12, 2016 10:09 PM

អ្នក​អាន​អនាមិក

ខ្លោចផ្សាណាស់ខ្មែរអើយ នេះហើយបេះដូងខ្មែរ នេះហើយមោទនៈ​ភាពជាតិខ្មែរ នេះហើយគុណភាពអាលឺម៉ង់ គិតទៅគ្រោះថ្នាក់ចរាចរ​នេះក្បាលរឹងណាស់ អត់ស្តាប់អនុសាសសម្តេចយើងសោះ ដែលថា ថ្ងៃនេះថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរ ដែលវាអត់ទៅរួចនោះ កុំថា​ឡើយត្រឹមមានពាកមី ឳពាកមីទៀតក៏ទុបអត់ចប់ដែរ ដ៏រាប់ណា​មនុស្សគ្មានសុជីវធរទេនោះ ព្រោះអីពាកមីវាគ្រាន់តែជាក្រដាស់ ច្បាប់​វាគ្រាន់តែជាក្រាំងប៉ុណ្ណឹងទេ បើមនុស្សនៅតែយល់ថាស្រា​ល្អដូច​រាល់​ថ្ងៃ ដ៏រាបណាមនុស្សយកអារម្មណ៌ថាអញឡូយមកបើកបរនោះ ឳអនុ​សាសទៀតក៏ទប់គ្រោះថ្នាក់ចរាចរនេះមិនចប់ដែរ អាលាប់ខ្ញុំបាទមាន​ទស្សន​ពីរ​​សម្រាប់អ្នកគឺ ទី១ ស្រលាញ់ទ្រព្យស្អប់គ្រឿងស្រវ៉ឹង ទី២ ស្រលាញ់ជីវិតគេចចេញពីគ្រឿងស្រវ៉ឹង ប្រហែលជាទប់បានតិចៗ សាកមើលៗទានក្រែងគ្រាន់បើ។

Jan 12, 2016 08:57 PM

អ្នកអានអនាមិក

ពី ចំការមន ភ្នំពេញ

គួរតែអ្នកនយោបាយ ដែលកុំពុងតែជ្រួលជ្រើមក្នុងបញ្ហាច្បាប់ចរាចរ បើកភ្នែកមើលរឿងរថយន្តនិងការបើកបររថយន្តដឺកកម្មករទៅនិងមកពីធ្វើការផង។ កម្មករនិងកម្មការិនី​ជួយសេដ្ឋកិច្ចជាតិរាប់ទសវត្សរ៍កន្លងមកហើយ គួរដឹងគុណពួកគាត់ផង។

Jan 12, 2016 06:39 PM

អ្នក​អាន​អនាមិក

I am so sad to see this kind of accident happens and repeat again and again to the poor factories workers in Cambodia.Where is the safety of driving rule on roads in Cambodia? Cambodian people themselves not only the government alone,should care and see more about human life condition. All those factories workers are not animal,the truck is in poor conditions look at the size of the small truck and over load with 70-to-80 peoples ,also the poor driver jump out for his own life alone and let the truck run without driver.Everything is so poor in Cambodia.Is this What's Cambodia of Wonder!!!! Wake up poor Cambodians you have right to choose,be out of the poor condition or no act and choose to stay poor.

Jan 12, 2016 03:21 PM

evil man curse u

Stop do holiday or national holiday to prevent more cars deadly accident and wait until fascist dictator HunSen fails of the cliff and a new khmer govn't can restore a new one .Every holiday off were always curse khmer pple deaths and suffered .Like every time of holiday is not the best day for reunion families or friend to injoy for their day off after long months or year working go to see their loved ones at home...but some of them had turned national deadly strategy on along way back home and turn the best time to be mourning their lost loved ones by holiday spirit "sad strategic " .HunSen is an evil man of cursing and be aware...

Jan 12, 2016 11:49 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល