កម្មករ​រោងចក្រ​ប៊ីយូធីហ៊្វូល​វីនដូ​នៅ​ក្រុង​បាវិត​ព្រម​ចូល​ធ្វើ​ការ​បណ្ដោះអាសន្ន

0:00 / 0:00

កម្មករ​រោងចក្រ ប៊ីយូធីហ៊្វូល វីនដូ (Beautiful Window Cambodia Co., Ltd.) ស្ថិត​ក្នុង​ក្រុង​បាវិត យល់​ព្រម​ចូល​ធ្វើ​ការ​វិញ​បណ្ដោះអាសន្ន ដោយ​រង់ចាំ​ស្តាប់​ដំណោះស្រាយ​ពី​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល។ ទន្ទឹម​នឹង​នេះ ខាង​ភាគី​ក្រុមហ៊ុន​ស្វាគមន៍​ចំពោះ​ការ​វិល​ត្រឡប់​ចូល​ធ្វើ​ការ​វិញ បន្ទាប់​ពី​ធ្វើ​កូដកម្ម​អស់​ពេល​ជាង​មួយ​សប្ដាហ៍​កន្លង​មក។

តំណាង​ឲ្យ​កម្មករ​រោងចក្រ ប៊ីយូធីហ៊្វូល វីនដូ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស សានតុង​សាន់សែល (SHANDONG SUNSHEL) ស្ថិត​ក្នុង​ក្រុង​បាវិត ខេត្ត​ស្វាយរៀង លោក ជិន ស៊ីនឿន មាន​ប្រសាសន៍​ថា កម្មករ​ទាំងអស់​នឹង​ផ្អាក​ធ្វើ​កូដកម្ម​ទាមទារ​អត្ថប្រយោជន៍​ចំនួន ១១​ចំណុច ដោយ​យល់​ព្រម​ចូល​ធ្វើ​ការ​បណ្ដោះអាសន្ន​សិន ចាប់​ពី​ថ្ងៃ​ទី​២៤ ខែ​សីហា។

តំណាង​កម្មករ​រោងចក្រ​រូប​នេះ​បញ្ជាក់​ថា មូលហេតុ​ដែល​ពួក​គាត់​វិល​ត្រឡប់​ចូល​ធ្វើ​ការ​សិន​នេះ បន្ទាប់​ពី​សំណុំ​រឿង​វិវាទ​ការងារ​ដែល​បាន​កើត​ឡើង​ជាង​មួយ​សប្ដាហ៍​ទៅ​ហើយ​នោះ បាន​ធ្លាក់​ដល់​ដៃ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល ដែល​ទទួល​ភារកិច្ច​ជា​អ្នក​ដោះស្រាយ៖ «ប្រហែលជា​ចូល​ធ្វើ​ការ​សិន ចាំ​មើល​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល គេ​ប្រជុំ និង​ប្រកាស​លទ្ធផល​ថ្ងៃ​ណា​អី ចាំ​យើង​ធ្វើ​ការ​តវ៉ា​ទៀត»

វិវាទ​ការងារ​នៅ​រោងចក្រ ប៊ីយូធីហ៊្វូល វីនដូ បាន​ផ្ទុះ​ឡើង​កាន់​តែ​ខ្លាំង ក្រោយ​ពី​ភាគី​និយោជក​មិន​ព្រម​អង្គុយ​ជជែក​ដោះស្រាយ​ដោយ​សន្តិវិធី​ជាមួយ​ក្រុម​កម្មករ​រោងចក្រ បើ​ទោះ​បី​ជា​ពួក​គេ​បាន​ដាក់​លិខិត​សុំ​ជជែក​ដោះស្រាយ​ជាច្រើន​លើក​យ៉ាង​ណា​ក្តី។

បើ​ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ប្រធាន​រដ្ឋបាល​រោងចក្រ ប៊ីយូធីហ៊្វូល វីនដូ លោក ឆៃ វិរៈឧត្តម មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​ស្វាគមន៍​ចំពោះ​ការ​វិល​ត្រឡប់​ចូល​ធ្វើ​ការ​របស់​បង​ប្អូន​កម្មករ និង​ស្នើ​ឲ្យ​ពួក​គេ​ពិនិត្យ​ពិចារណា​ឡើង​វិញ ចំពោះ​អ្វី​ដែល​ក្រុមហ៊ុន​បាន​ធ្វើ​កន្លង​មក​ពាក់ព័ន្ធ​នឹង​ការ​ទាមទារ​នោះ ដោយ​កុំ​លុះ​តាម​ការ​ញុះញង់​របស់​សហជីព៖ «ប្រសិន​បើ​ថា​ក្រុមហ៊ុន​មិន​ធ្វើ សូម​លើក​ចំណុច​ណា​មួយ​យក​មក​និយាយ​ក៏​បាន​ដែរ ហើយ​ពួក​ខ្ញុំ​ក៏​បាន​បកស្រាយ​ច្រើន​ដង​ហើយ។ ឧទាហរណ៍​ថា ចំណុច​ខ្លះ​ដែល​ពួក​យើង​មិន​អាច​ដោះស្រាយ​បាន​ភ្លាមៗ ក៏​យើង​ពន្យល់​ថា កំពុង​ពិចារណា និង​ដោះស្រាយ។ ហើយ​ឥឡូវ​នេះ វិវាទ​ការងារ​នេះ​បញ្ជូន​ទៅ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល​ហើយ យើង​ចាំ​មើល​គាត់​ពិនិត្យ​ទៅ​ថា​មាន​បញ្ហា ឬ​មិន​មាន​បញ្ហា គឺ​ជា​ការ​សម្រេច​ចិត្ត​របស់​ពួក​គាត់»

អត្ថប្រយោជន៍​ចំនួន ១១​ចំណុច​ដែល​កម្មករ​ចង់​បាន​នោះ​រួម​មាន ទាមទារ​ផ្ដល់​ប្រាក់​រង្វាន់​ដល់​កម្មករ​ដែល​ធ្វើ​ការ​លើស​ចំនួន ហើយ​រក្សា​ប្រាក់​ឈ្នួល និង​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត​នៅ​ដដែល ក្រុមហ៊ុន​ត្រូវ​ជួយ​សម្រួល​ឲ្យ​មាន​ខ្យល់​អាកាស​ក្នុង​រោងចក្រ បង្កើត​កន្លែង​ប្ដូរ​លុយ បន្ទប់​ទឹក​ត្រូវ​ធានា​ឲ្យ​មាន​អនាម័យ ត្រូវ​មាន​ពេទ្យ​ប្រចាំ​ការ​នៅ​ម៉ោង​ធ្វើ​ការ និង​បណ្ដេញ​ជនជាតិ​ចិន ពីរ​នាក់​ពី​រោងចក្រ​ជាដើម។

ទាក់ទិន​បញ្ហា​នេះ ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា ក៏​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​នៅ​ខេត្ត​ស្វាយរៀង ជួយ​សម្រប​សម្រួល​ធ្វើ​យ៉ាង​ណា​ឲ្យ​វិវាទ​ការងារ​នេះ​ឆាប់​ចប់ ព្រោះ​ការ​ទាមទារ​របស់​កម្មករ​នោះ គឺ​ស្រប​នឹង​ច្បាប់ ហើយ​សហជីព​របស់​លោក​ពុំ​បាន​ធ្វើ​ការ​ញុះញង់​ដូច​ការ​ចោទ​នោះ​ឡើយ។

យ៉ាង​ណា​ក៏ដោយ​ចុះ គ្រប់​ភាគី​ទាំងអស់​កំពុង​តែ​ចាំ​អុត​មើល​ថា តើ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល នឹង​សម្រេច​យ៉ាង​ណា​ចំពោះ​វិវាទ​ការងារ​មួយ​នេះ ហើយ​ភាគី​ទាំងអស់​ក៏​មិន​ទាន់​បញ្ជាក់​ជំហរ​ទទួល​យក​បាន ឬ​មិន​បាន​យ៉ាង​ណា​នោះ​ដែរ។ តែ​ក្រុម​កម្មករ​ថា បើ​អ្វី​ដែល​ពួក​គេ​ទាមទារ​មិន​បាន​សម្រេច​ទេ​នោះ សកម្មភាព​ស្រែក​តវ៉ា​នឹង​ផ្ទុះ​ឡើង​ជា​ថ្មី​ម្តង​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។