កម្មករបម្រើការងារនៅក្នុងរោងចក្រស្បែកជើង ជូហួយ (JUHUI) ជាច្រើនពាន់នាក់ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម នាំគ្នាដើរចេញពីកន្លែងការងាររៀងៗខ្លួន បន្ទាប់ពីសំណើសុំចរចាលក្ខខណ្ឌការងាររបស់ពួកគាត់ ត្រូវខាងតំណាងក្រុមហ៊ុនពន្យារពេល។ ចំណែកភាគីរោងចក្របញ្ជាក់ថា បញ្ហានេះត្រូវបញ្ចប់តាមនីតិវិធីរួចរាល់ហើយ ហើយកម្មករនៅតែតវ៉ា ប៉ុន្តែខាងភាគីរោងចក្រនៅតែបើកផ្លូវចរចាជាមួយពួកគាត់រហូត។
កម្មកររោងចក្រ ជូហួយ ទាំងអស់ដែលមានប្រមាណជា ៦ពាន់នាក់ បាននាំគ្នាដើរចេញពីរោងចក្រភ្លាមៗ កាលពីថ្ងៃទី១២ កញ្ញា បន្ទាប់ពីពួកគេបំពេញការងារបានមួយព្រឹក។ ការដើរចេញនោះ ក្រោយពេលដែលកម្មករដឹងថា ម៉ោងដែលពួកគាត់ស្នើសុំចរចាជាមួយភាគីរោងចក្រនៅម៉ោង ១រសៀល ត្រូវពន្យារពេលទៅម៉ោង ៣រសៀល ប៉ុន្តែកម្មករយល់ថា នេះគ្រាន់តែជាលេសឱ្យពួកគាត់លើកឥវ៉ាន់ដាក់កុងតឺន័រឱ្យហើយ បន្ទាប់មកក៏គ្មានការចរចាទៀត។
អនុប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ប្រចាំរោងចក្រ ជូហួយ អ្នកស្រី ម៉ុន សារ៉ែម ឱ្យដឹងថា ប្រតិកម្មនេះកើតឡើងបន្ទាប់ពីក្រុមកម្មករទាំងអស់ បាននាំគ្នាធ្វើកូដកម្មជាច្រើនលើកច្រើនសា ប៉ុន្តែខាងភាគីរោងចក្រនៅតែមិនអាចស្វែងរកការដោះស្រាយណាមួយជូនពួកគាត់បាន។ លើសពីនេះ កម្មករយល់ថា ខាងភាគីរោងចក្រតែងតែគេចវេសក្នុងការដោះស្រាយជូនពួកគាត់ ហើយចេះតែពន្យារពេលក្នុងការចរចាជាមួយកម្មកររហូតមក៖ «ប៉ុន្តែថ្ងៃហើយ ធ្វើកូដកម្មដោយមិនមានដំណោះស្រាយ។ ទីពីរក្តី បង្គាប់ពីតុលាការមក គេចប់ត្រឹមថ្ងៃម្សិលមិញ គេឱ្យចប់ត្រឹម ៤៨ម៉ោង ត្រូវតែចូល។ ឥឡូវពួកគាត់ចូលហើយ ហើយការចរចាថ្ងៃនេះ ពួកខាងខ្ញុំស្នើម៉ោងរសៀល បែរជាខាងក្រុមហ៊ុនចរចាម៉ោងបី។ ដល់អ៊ីចឹងៗ ខាងកម្មករគាត់បាក់ទឹកចិត្ត គាត់លែងជឿហើយ»។
អ្នកស្រីបន្ថែមថា លក្ខខណ្ឌការងារជាង ១០ចំណុច ដែលកម្មករទាមទារនោះ គឺមិនមែនហួសហេតុពេកនោះទេ ពីព្រោះរោងចក្រផ្សេង គឺគេមានប្រាក់លើកទឹកចិត្តកម្មករមានប្រាក់បាយ មានប្រាក់ធ្វើដំណើរ ជាដើម ប៉ុន្តែរោងចក្រ ជូហួយ វិញ គឺមិនមានឡើយ។ អ្នកស្រីបញ្ជាក់ថា កម្មករបានអត់ធ្មត់ជាច្រើនលើកច្រើនសាមកហើយ ប៉ុន្តែភាគីក្រុមហ៊ុនទៅវិញទេ ដែលតែងតែបោកប្រាស់កម្មករ មិនព្រមចរចារកដំណោះស្រាយនោះ។
ទាក់ទងបញ្ហានេះ ប្រធានផ្នែករដ្ឋបាលក្នុងរោងចក្រ ជូហួយ លោក តេង សម្បត្តិ លើកឡើងថា មូលហេតុនៃការលើកម៉ោងចរចា គឺដោយសារតែថៅកែរោងចក្រមិនមានពេលទំនេរនៅម៉ោង ១រសៀល គឺពួកគេទំនេរនៅម៉ោង ៣រសៀល។ លោកបន្តថា ខាងរោងចក្របានដោះស្រាយបញ្ហានេះតាមផ្លូវច្បាប់រួចរាល់ហើយ ប៉ុន្តែខាងកម្មករទៅវិញទេ នៅតែស្នើសុំឱ្យភាគីរោងចក្រធ្វើការចរចាទៀត។
លោក តេង សម្បត្តិ៖ «តាមផ្លូវច្បាប់ ដូចជាចប់សព្វគ្រប់អស់ហើយ ប៉ុន្តែពួកគាត់នៅតែយកចំណុចពិភាក្សាថ្មីៗៗរហូត មកដាក់ក្នុងការពិភាក្សា។ លើកមុនដប់ចំណុច លើកក្រោយទៀត ១៦ចំណុច លើកក្រោយនេះឡើង ១៨ចំណុច។ អ៊ីចឹងគាត់ចេះតែលើកយកចំណុចមកដាក់រហូត ដើម្បីពិភាក្សា។ តែខាងរោងចក្រជួបសភាពបែបហ្នឹង តែខាងរោងចក្រនៅតែបើកទ្វារចរចាជាមួយគាត់ដែរ ពីព្រោះរឿងនេះមិនមែនជារឿងថ្មីទេបងប្រាថ្នា! គឺជារឿងចាស់ដែលខាងក្រុមហ៊ុនបានដោះស្រាយចប់សព្វគ្រប់នៅក្រុមប្រឹក្សាអាជ្ញាកណ្ដាលហើយ ហើយក្រុមប្រឹក្សាអាជ្ញាកណ្ដាល ក៏បានបដិសេធសំណើរបស់គាត់ហ្នឹងហើយដែរហើយ»។
ត្បិតតែខាងភាគីរោងចក្រអះអាងថា នៅតែបើកទ្វារចរចាជាមួយខាងតំណាងកម្មករក៏ដោយ ប៉ុន្តែប្រធានរដ្ឋបាលដដែល មិនទាន់អាចជម្រាបជូនបានថា តើខាងថៅកែរោងចក្រ នឹងមានការសម្របសម្រួល ឬយល់ព្រមចំពោះការទាមទាររបស់កម្មករយ៉ាងណាទេ ពីព្រោះថៅកែទាំងនោះកំពុងប្រជុំពិភាក្សាគ្នាលើបញ្ហានេះ។
ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកំពង់ចាម លោក ចេង ហ៊ាង មានប្រសាសន៍ថា លោកមិនទាន់ទទួលព័ត៌មាននេះនៅឡើយទេ។ ម្យ៉ាងទៀត រឿងនេះក៏បានផុតដែនសមត្ថកិច្ចខាងមន្ទីរហើយដែរ ពីព្រោះភាគីកម្មករបានជ្រើសរើសយកវិធីធ្វើកូដកម្ម រីឯខាងភាគីរោងចក្រ ជ្រើសរើសយកប្រព័ន្ធតុលាការ។ ដូចនេះ លោកមិនអាចជម្រាបជូនថា ត្រូវសម្របសម្រួលយ៉ាងណាឡើយ?
ដោយឡែកការពន្យារពេលក្នុងការចរចារកដំណោះស្រាយជាមួយកម្មករ ថានឹងត្រូវធ្វើឡើងនៅម៉ោង ៣រសៀលនោះ គឺត្រូវបានខកខានវិញ ដោយភាគីរោងចក្ររំសាយកិច្ចចរចា។ តែយ៉ាងណា ខាងតំណាងកម្មករអះអាងថា នឹងអាចមានកូដកម្មបន្តទៀត គ្រាន់តែពួកគាត់មិនទាន់កំណត់ពេលវេលាជាក់លាក់ប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
