កម្មករជាច្រើនពាន់នាក់នៃរោងចក្រស្បែងជើងមួយឈ្មោះ ជូហួយ (JUHUI FOOTWEAR) ដែលមានទីតាំងនៅឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម នាំគ្នាធ្វើកូដកម្មនៅមុខរោងចក្រ និងនៅតាមផ្ទះដោយមិនព្រមធ្វើការ ដើម្បីទាមទារលក្ខខណ្ឌការងារមួយចំនួន។
លក្ខខណ្ឌដែលកម្មករទាមទារនោះរួមមាន សុំកុំឱ្យភាគីរោងចក្រកាត់បំណាច់ឆ្នាំរបស់ពួកគាត់នៅកំឡុងពេលដែលកម្មករឈប់សម្រាក និងកាត់លុយពេលកម្មករឈប់សម្រាកនៅពេលចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី១៧ មេសា រហូតដល់ថ្ងៃទី២៥ មេសា សុំដំឡើងប្រាក់បាយ សុំឱ្យភាគីរោងចក្រអនុវត្តប្រាក់គោលចំនួន ១០០ដុល្លាដូចការប្រកាសរបស់ក្រសួង សុំកុំឱ្យមានការកាត់ប្រាក់ខែក្រោមហេតុផលបង់ពន្ធជូនរដ្ឋ ដោយមិនមានភាពច្បាស់លាស់ និងសុំឱ្យមានកន្លែងសម្រាប់ចតដាក់រថយន្តដឹកកម្មករ ជាដើម។
អនុប្រធានសហជីពសហព័ន្ធខ្មែរនៅក្នុងរោងចក្រ លោក អ៊ុន ឧត្តម បានឱ្យដឹងថា កម្មករបាននាំគ្នាធ្វើកូដកម្មមិនចូលធ្វើការជាច្រើនថ្ងៃមកហើយ ដើម្បីទាមទារលក្ខខណ្ឌទាំងនេះ ប៉ុន្តែនៅមិនទាន់មានដំណោះស្រាយ។
លោក អ៊ុន ឧត្តម៖ «ប្រសិនបើមិនមានដំណោះស្រាយ កម្មករប្រហែលជានៅតវ៉ានៅទីនេះរហូត លុះត្រាមានដំណោះស្រាយ ខាងភាគីខាងរោងចក្រមកដោះស្រាយជាមួយអ្នកធ្វើកូដកម្មនេះបង។ កម្មករគាត់ទាមទារអ្វីខ្លះទៅ? គាត់ទាមទារ និយាយទៅគាត់ទាមទារលុយកុំឱ្យកាត់លុយចាប់ពីរយៈពេលចាប់ពីថ្ងៃទី១៨ រហូតមកដល់ថ្ងៃទី២៥ នេះ កុំឱ្យមានការកាត់លុយទាំងអស់ណា៎! គួបផ្សំនឹងការទាមទារលុយដទៃៗ»។
នៅថ្ងៃទី២៥ មេសា នេះ ខាងមន្ទីរការងារខេត្តកំពង់ចាម បានកោះហៅតំណាងកម្មករចូលប្រជុំដោះស្រាយបញ្ហាជាមួយខាងភាគីរោងចក្រនៅសាលាស្រុកជើងព្រៃ ប៉ុន្តែតំណាងកម្មករម្នាក់ គឺលោក ចន ស្រេង បញ្ជាក់ថា ជំនួបនោះ ខាងភាគីរោងចក្របានបដិសេធនូវរាល់សំណើរបស់កម្មករ។
កម្មកររោងចក្រស្បែកជើង ជូហួយ មានកម្មករចំនួនប្រមាណជាង ៧ពាន់នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
