កម្មករ​រោងចក្រ​នៅ​កំពង់ចាម​ហែ​ក្បួន​ទៅ​មន្ទីរ​ការងារ​សុំ​ឲ្យ​តំណាង​ចូល​ធ្វើ​ការ

កម្មករ​រោងចក្រ​ជាច្រើន​រយ​នាក់​នៅ​ខេត្ត​កំពង់ចាម នៅ​ព្រឹក​ថ្ងៃ​ទី​១៥ មករា សម្រេច​ចិត្ត​នាំ​គ្នា​ដើរ​មក​មន្ទីរ​ការងារ​ខេត្ត ប៉ុន្តែ​មន្ទីរ​ការងារ មិន​ព្រម​ជួប​ជាមួយ​តំណាង​កម្មករ​ដើម្បី​​ដោះស្រាយ​បញ្ហា​ដែល​កើត​មាន​កន្លង​មក ជា​ហេតុ​ធ្វើ​ឱ្យ​តំណាង​មន្ត្រី​សហជីព​យល់​ថា ជា​រឿង​ដែល​មិន​ត្រឹមត្រូវ​នោះ​ទេ ដែល​មន្ទីរ​យក​លេស​រឿង​កម្មករ​ដង្ហែ​ក្បួន ដើម្បី​បង្អាក់​ការ​ជួប​ប្រជុំ​នោះ។

0:00 / 0:00

ក្រោយ​ពេល​ដែល​ខាង​មន្ទីរ​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ខេត្ត​កំពង់ចាម បាន​ចេញ​លិខិត​អញ្ជើញ​ទៅ​ដល់​ភាគី​ទាំង​ពីរ ទាំង​ភាគី​រោងចក្រ និង​ភាគី​តំណាង​សហជីព ដើម្បី​ទៅ​ធ្វើ​ការ​សម្រប​សម្រួល​បញ្ចប់​នូវ​បញ្ហា​កន្លង​ទៅ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ មករា។ ប៉ុន្តែ ការ​ណាត់​ជួប​ត្រូវ​បាន​លុប​ចោល​ទៅ​វិញ បន្ទាប់​ពី​ក្រុម​កម្មករ​ជាច្រើន​រយ​នាក់​នៅ​រោងចក្រ មេតថេក ខេមបូឌា (Medtecs Cambodia Co Ltd) បាន​នាំ​គ្នា​ដង្ហែ​ក្បួន​មក​មន្ទីរ​ការងារ ដើម្បី​បង្ហាញ​ពី​ភាព​មិន​ត្រឹមត្រូវ​ដែល​ភាគី​រោងចក្រ​ធ្វើ​មក​លើ​តំណាង​របស់​ពួក​គាត់។

អនុ​ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា នៅ​រោងចក្រ មេតថេក ខេមបូឌា អ្នកស្រី កឹម ស្រីអូន បាន​ឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៥ មករា នៅ​ពេល​ដែល​អ្នកស្រី​បាន​ជួប​ជាមួយ​កម្មករ​នៅ​មុខ​រោងចក្រ តែ​ត្រូវ​ខាង​ថៅកែ​រោងចក្រ​មក​រក​រឿង​អ្នកស្រី ទើប​ធ្វើ​ឱ្យ​កម្មករ​នាំ​គ្នា​ដង្ហែ​ក្បួន​មក​មន្ទីរ​ការងារ​ខេត្ត ដើម្បី​ប្ដឹង​ចំពោះ​ករណី​នេះ និង​ករណី​ផ្សេង​ទៀត ស្រប​ពេល​ដែល​ខាង​មន្ទីរ​ការងារ បាន​ចេញ​លិខិត​អញ្ជើញ​នូវ​ភាគី​ទាំង​ពីរ គឺ​ភាគី​រោងចក្រ និង​ភាគី​តំណាង​កម្មករ ចូល​ទៅ​ដោះស្រាយ​នោះ។

អ្នកស្រី កឹម ស្រីអូន៖ «ចា៎! ព្រឹក​មិញ​ហ្នឹង​ពួក​គាត់​មក​ជួប​ជុំ​មុខ​រោងចក្រ​ហ្នឹង ពួក​គាត់​ឱ្យ​ពួក​ខ្ញុំ​មក​មើល​ពួក​គាត់ ដើម្បី​លើក​ទឹក​ចិត្ត។ ហើយ​ខ្ញុំ​ក៏​មក​ដល់​ទៅ ចិន ហ្នឹង​ចេញ​មក​ថត​ខ្ញុំ​បួន​ប្រាំ​ប៉ុស្តិ៍ ហើយ​ខ្ញុំ​ក៏​ទាញ​ទូរស័ព្ទ​ថត​វិញ ដល់​ថត​វិញ​ទៅ គាត់​ក្របួចក​អាវ​ខ្ញុំ​ទាញ​ចូល​ក្នុង​រោងចក្រ​ហ្នឹង ហើយ​កម្មករ​ឃើញ​អ៊ីចឹង​ទៅ ក៏​នាំ​គ្នា​ផ្អើល​មក​អ៊ូ​ទៅ»

បន្ទាប់​ពី​កម្មករ​ជាច្រើន​រយ​នាក់​បាន​ទៅ​ជួប​ជុំ​គ្នា​នៅ​មុខ​មន្ទីរ​ការងារ នោះ ការ​ជួប​ប្រជុំ​រវាង​ភាគី​ទាំង​ពីរ ត្រូវ​បាន​លុប​ចោល​ទៅ​វិញ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ មករា។ លោក សល គឹមសាន មន្ត្រី​សម្ព័ន្ធ​សហជីព​កម្ពុជា តំណាង អ្នកស្រី យ៉ាង សុភ័ណ្ឌ ដើម្បី​ចូល​រួម​ប្រជុំ​ជាមួយ​ភាគី​រោងចក្រ យល់​ថា ការ​លុប​ចោល​នូវ​កិច្ច​ប្រជុំ​ភ្លាមៗ​ដោយ​គ្មាន​លិខិត​ស្នាម​ត្រឹមត្រូវ​តាម​បែប​បទ​រដ្ឋបាល ដោយ​យក​លេស​កម្មករ​ដែល​មក​ជួប​ជុំ​នោះ គឺ​ជា​រឿង​មិន​អាច​ទទួល​យក​បាន​នោះ​ទេ៖ «តែ​ឥឡូវ ខាង​ក្រុមហ៊ុន! អូស! ខាង​មន្ទីរ គេ​ថា​គេ​អត់​ដោះស្រាយ ដោយសារ​គេ​ថា​កម្មករ​មក​មុខ​ហ្នឹង លេស​ខាង​មន្ទីរ​ដោយ​ថា​លើក​ទ័ព​លើក​អី​មក​អ៊ីចឹង។ ដូច​បិទ​គំនាប​ខាង​មន្ទីរ​អ៊ីចឹង។ ប៉ុន្តែ ខ្ញុំ​ចង់​ឱ្យ​គាត់​ឆ្លើយ​ចេញ​ជា​លិខិត​មក ហើយ​មួយ​ទៀត អ៊ីចឹង​ទេ យើង​អញ្ជើញ​គាត់​ទៅ​ដោះស្រាយ​នៅ​រោងចក្រ​វិញ​ទៅ ខ្ញុំ​នឹង​នាំ​កម្មករ​ទៅ​វិញ»

លោក​បន្ត​ថា ខាង​លោក​នឹង​ទំនាក់​ទំនង​ទៅ​ថ្នាក់​លើ​ផ្នែក​សម្ព័ន្ធ​សហជីព​ត​ទៅ​ទៀត ចំពោះ​ការ​ខក​ខាន​ក្នុង​ការ​ជួប​ប្រជុំ​គ្នា ដើម្បី​រក​វិធី​ដោះស្រាយ​បញ្ហា​នេះ។

ឆ្លើយ​តប​ចំពោះ​ការ​លុប​ចោល​នូវ​កិច្ច​ប្រជុំ ដោយសារ​មាន​កម្មករ​នោះ ប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ លោក ឆេង ហ៊ាង បាន​មាន​ប្រសាសន៍​ថា ខាង​លោក​មិន​អាច​ធ្វើ​ការ​បាន​នោះ​ទេ ដោយសារ​តែ​មាន​កម្មករ​ជាច្រើន​បាន​ហែ​ក្បួន​មក​ជួប​ជុំ​គ្នា​នៅ​មុខ​មន្ទីរ​នោះ៖ «មិន​មែន​មិន​អនុញ្ញាត​ទេ។ យើង​បាន​ទទួល​លិខិត​គាត់​ឱ្យ​មន្ទីរ​ជួយ​ធ្វើ​អន្តរាគមន៍ ហើយ​មន្ទីរ​បាន​ធ្វើ​លិខិត​អញ្ជើញ​គាត់​តាម​ស្នើ​តាម​សំណើ​របស់​គាត់​ហើយៗ​ស្រាប់​តែ​ដល់​ថ្ងៃ​ណាត់​ធ្វើ​ការ ស្រាប់​តែ​គាត់​នាំ​គ្នា​ហែ​ក្បួន​អី​ណា កម្មករ​ពេញ​ទឹក​ពេញ​ដី យើង​ធ្វើ​ការ​ម៉េច​នឹង​កើត»

លោក​បន្ត​ថា ករណី​បន្ទាន់ ខាង​លោក​មិន​អាច​ចេញ​លិខិត​ដើម្បី​ជម្រាប​ជូន​តំណាង​សហជីព​បាន​ទេ ជុំវិញ​ការ​លុប​ចោល​កិច្ច​ប្រជុំ ហើយ​ខាង​មន្ទីរ​ក៏​បាន​ចេញ​លិខិត​អញ្ជើញ​ភាគី​ទាំង​ពីរ​ម្តង​ទៀត​រួច​ហើយ ដើម្បី​មក​ប្រជុំ​គ្នា​ដោះស្រាយ​ជា​ថ្មី​វិញ នៅ​ថ្ងៃ​ទី​១៦ មករា។

របៀបវារៈ​ដែល​ខាង​តំណាង​សម្ព័ន្ធ​សហជីព​កម្ពុជា នឹង​ត្រូវ​លើក​ទៅ​ប្រជុំ​នៅ​មន្ទីរ​ការងារ នោះ គឺ​មាន​ពីរ​ចំណុច។ ទី​មួយ សុំ​ឱ្យ​ខាង​ភាគី​រោងចក្រ​យល់​ព្រម​ឱ្យ​តំណាង​សហជីព​បាន​ចូល​ធ្វើ​ការ​ដូច​ធម្មតា និង​ចំណុច​ទី​ពីរ តម្រូវ​ឱ្យ​ភាគី​រោងចក្រ​ដក​ពាក្យ​បណ្ដឹង​ដែល​រោងចក្រ​បាន​ប្ដឹង​ទៅ​តំណាង​សហជីព ពី​បទ​ញុះញង់​កម្មករ​ឱ្យ​ធ្វើ​បាតុកម្ម​កាល​ពី​ពេល​កន្លង​ទៅ​ចេញ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។