តំណាងកម្មករកម្មការិនីរោងចក្រ លី ឡុង លោក ឃិន សុខន បានថ្លែងនៅព្រឹកថ្ងៃទី១០ ខែតុលា ថា ក្រុមកម្មករនឹងបន្តដុតកង់ឡានធ្វើកូដកម្ម ឬអាចឈានដល់ការធ្វើបាតុកម្មទៀតផង ប្រសិនបើរោងចក្រមិនបានផ្ដល់ដំណោះស្រាយជូនកម្មករ៖ «ប្រសិនបើមានកិច្ចព្រមព្រៀងមួយ បងប្អូនកម្មករយើងអត់បាច់មកដុតកង់ឡាន អត់បាច់មកឈរនៅមុខរោងចក្រហ្នឹងទេ។ គាត់ទៅសម្រាន្តនៅផ្ទះហើយ ពីថ្ងៃទី៨ បានទៅដោះស្រាយគ្នាមួយសាហើយ ដោះស្រាយគាត់អត់ដោះទេ គេថាកម្មករចាប់បង្ខំគាត់ទទួលអ្វីដាក់បន្ទុកលើគាត់ ប៉ុន្តែគាត់មិនអនុវត្តច្បាប់ខ្លួនឯង ឲ្យគេដាក់បន្ទុកយ៉ាងម៉េច»។
លោកបញ្ជាក់ថា ការធ្វើកូដកម្មរបស់កម្មករមកដល់ថ្ងៃទី៣ នេះ គឺចង់ឲ្យភាគីនិយោជកធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរ ដើម្បីធានាបានថា ភាគីរោងចក្រ ឬតំណាងភាគីនិយោជក ពិតជាមិនគេចកែ និងត្រូវចូលខ្លួនទៅដោះស្រាយតាមការកោះអញ្ជើញរបស់មន្ទីរការងារខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី១២ ខែតុលា។
ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំង លោក ពៅ ស៊ីថា បញ្ជាក់ថា លោកបានចេញលិខិតអញ្ជើញមួយច្បាប់ទៅកាន់ភាគីនិយោជក ហើយភាគីនិយោជកបញ្ជាក់ថា គេនឹងចូលមកដោះស្រាយតាមការអញ្ជើញ។ ក្នុងករណីដែលភាគីរោងចក្រមិនព្រមចូលមកដោះស្រាយ មន្ទីរនឹងមាននីតិវិធីបន្តទៀត ហើយការដោះស្រាយត្រូវរ៉ូវគ្នាកម្រិតណានោះ គឺអាស្រ័យទៅលើភាគីនិយោជក និងកម្មករ៖ «ដោះស្រាយវិវាទកាលណាមកដល់ ខ្ញុំដោះស្រាយ បើដោះស្រាយសះជាខ្លះ ឬក៏មិនសះជា យើងអត់មានសិទ្ធិកាត់សេចក្ដីថា អ្នកណាខុស អ្នកណាត្រូវទេ ព្រោះការងារការផ្សះផ្សាវិវាទ យើងគ្រាន់តែសម្របសម្រួលឲ្យគូភាគីទាំងពីរត្រូវគ្នា ដោយយើងឈរលើគោលការណ៍ច្បាប់។ បើសិនជាមិនត្រូវគ្នា យើងបញ្ជូនទៅក្រុមប្រឹក្សាអាជ្ញាកណ្ដាល»។

វិទ្យុអាស៊ីសេរី មិនអាចទាក់ទងប្រធានរដ្ឋបាលរោងចក្រ លី ឡុង លោក ស្រី សឿន ដើម្បីសុំការអត្ថាធិប្បាយបន្ថែមជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី១០ ខែតុលា ក៏ប៉ុន្តែ លោកធ្លាប់បញ្ជាក់ប្រាប់វិទ្យុអាស៊ីសេរី នៅព្រឹកថ្ងៃទី៨ ខែតុលា ថា ភាគីរោងចក្រមិនចង់ឲ្យបង្កើតសហជីពនោះទេ ដោយខ្លាចកើតមានបាតុភាពអ្វីកើតឡើងក្នុងរោងចក្រទៅថ្ងៃក្រោយ។ ចំពោះការបញ្ឈប់ ឬកាត់ប្រាក់ខែដែលកម្មករលើកឡើងនោះ គឺដោយសារតែកម្មករឈប់ច្រើនដង និងខ្លះរវល់និយាយទូរស័ព្ទ មិនប្រឹងប្រែងធ្វើការងារ។
សំណើដោះស្រាយទាំង ១៤ចំណុច របស់កម្មករមានជាអាទិ៍ ទី១ ក្រុមហ៊ុនមិនត្រូវរើសអើងសហជីព និងត្រូវទទួលយកថ្នាក់ដឹកនាំសហជីពចំនួន ៥នាក់ ដែលក្រុមហ៊ុនបានបញ្ឈប់ឲ្យចូលទៅធ្វើការដូចដើមវិញ។ ទី២ ការធ្វើការថែមម៉ោង គឺត្រូវផ្អែកលើគោលការណ៍ស្ម័គ្រចិត្តរបស់កម្មករ។ ទី៣ កម្មការិនីដែលមានផ្ទៃពោះ ត្រូវចេញមុនម៉ោង ១៥នាទី ជារៀងរាល់ថ្ងៃជាដើម។
ទោះជាយ៉ាងណា សំណើរបស់កម្មករទាំង ១៤ចំណុច ត្រូវបានភាគីនិយោជកច្រានចោលម្ដងរួចមកហើយ កាលពីរសៀលថ្ងៃទី៨ ខែតុលា នៅក្នុងជំនួបដោះស្រាយវិវាទរវាងរោងចក្រ លី ឡុង និងតំណាងក្រុមកម្មករនៅមន្ទីរការងារខេត្តកំពង់ឆ្នាំង។
ការធ្វើកូដកម្មរបស់កម្មករកម្មការិនីរោងចក្រ លី ឡុង ស្ថិតនៅភូមិសន្ទូច ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានកើតឡើងតាំងពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៣។ មកដល់ថ្ងៃទី៩ និងទី១០ ខែតុលា ក្រុមកម្មករបានឈានដល់ដុតកង់ឡាន និងសរសេរបដាជាច្រើនផ្ទាំង ដើម្បីឈរតវ៉ានៅខាងមុខរោងចក្រ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
