កម្មការិនី និងជាតំណាងកម្មករកម្មការិនីរោងចក្រ លី ឡុង អ្នកស្រី កៅ ស្រីមុំ មានប្រសាសន៍ថា ម្ចាស់រោងចក្របានគាបសង្កត់ និងបង្ខំឲ្យកម្មករថែមម៉ោងជាយូរមកហើយ ពុំមានកម្មករណាហ៊ានងើបឡើងតវ៉ាឡើយ ដោយកាលនោះកម្មករនៅមានចំនួនតិច ក៏ប៉ុន្តែ បច្ចុប្បន្នមានកម្មករកម្មការិនីកាន់តែច្រើនឡើង បានចូលមកបម្រើការងារក្នុងរោងចក្រនេះ ហើយមិនពេញចិត្តចំពោះលក្ខខណ្ឌការងារ ក៏នាំគ្នាធ្វើកូដកម្មតែម្ដង៖ «ខ្ញុំចង់ឲ្យដំឡើងប្រាក់ខែឲ្យកម្មករ ហើយកុំឲ្យគាបសង្កត់កម្មករពេក។ ទី២ គឺខ្ញុំចង់ឲ្យរោងចក្រហ្នឹងពេលគ្នា (កម្មករ) អត់ថែមម៉ោង កុំបញ្ឈប់គ្នាអត់មូលហេតុ ហើយកុំដាច់លុយព្រីម។ ទី៣ គឺថារោងចក្រហ្នឹងលុយដាក់ក្នុងឯកសារដាក់ ៧០ ទៅ ៧៥ ពេលបើកឲ្យគ្នាតែ ៦៥ ទេ»។
បន្ថែមលើនេះ កម្មការិនី អ៊ូ ចន្ថា បានបញ្ជាក់ថា គាត់បានចូលធ្វើការងារនៅក្នុងរោងចក្រនេះជាច្រើនខែមកហើយ ក៏ប៉ុន្តែប្រាក់បៀវត្សដែលបងស្រីទទួលបានតែ ៦៥ដុល្លារប៉ុណ្ណោះក្នុង១ខែ ហើយគេតម្រូវឲ្យកម្មករទាំងអស់ថែមម៉ោងពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ មិនដែលសម្រាកឡើយ៖ «ពួកខ្ញុំទាមទារឲ្យមានសហជីព គេអត់ព្រមដូចថាកម្មករណាចង់ធ្វើជាតំណាងសហជីពអ៊ីចឹង វាអត់ព្រម វាដកកម្មករហ្នឹងចេញ ម្សិលមិញវាដកចេញឡើង ១០នាក់»។
ក្រុមកម្មករមិនបានបញ្ជាក់ច្បាស់អំពីលក្ខខណ្ឌការងារចំនួនប៉ុន្មានចំណុច ដែលខ្លួនកំពុងតែទាមទារនោះទេ ដោយសារតែនៅក្នុងរោងចក្រនោះមិនទាន់បង្កើតឲ្យមានសហជីពនៅឡើយ។
ឆ្លើយតបនឹងបញ្ហានេះ ប្រធានរដ្ឋបាលរោងចក្រ លី ឡុង លោក ស្រី សឿន មានប្រសាសន៍ថា រោងចក្របានបើកដំណើរការរយៈពេល ៥ខែមកហើយ ហើយបច្ចុប្បន្នមានកម្មករកម្មការិនីសរុប ៣៣០នាក់។ លោកបន្តថា កម្មករកម្មការិនីណាដែលមិនព្រមចូលធ្វើការ គឺក្រុមហ៊ុនមិនគិតប្រាក់ឈ្នួលឲ្យនោះទេ ហើយដំណោះស្រាយជាក់លាក់ជុំវិញបញ្ហានេះយ៉ាងណានោះ លោកមិនទាន់ដឹងនៅឡើយទេ៖ «ព្រឹកមិញ គឺក្រសួងការងារក៏ចុះមកដែរ ហើយដល់អីចឹងរោងចក្រកំពុងពិភាក្សាគ្នារោងចក្រហ្នឹង បើនៅតាមបណ្ដាញរបស់វា គឺបើបង្កើតសហជីព គឺការងារច្របូកច្របល់ ព្រោះអីបណ្ដាញពីភ្នំពេញមក គឺរោងចក្រនៅភ្នំពេញ ក៏អត់មានសហជីពដែរ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទង លោក ឃិន សុខន ដែលជាតំណាងរបស់ក្រុមកម្មករចូលទៅដោះស្រាយបញ្ហានេះនៅមន្ទីរការងារខេត្តកំពង់ឆ្នាំង បានទេនៅល្ងាចថ្ងៃទី៨ ខែតុលា។
ទោះជាយ៉ាងណា ប្រធានសហព័ន្ធសហជីពកម្មករកម្ពុជា លោក សោម អូន ថ្លែងថា គ្រប់ក្រុមហ៊ុន ឬសហគ្រាសទាំងអស់ មិនអាចហាមឃាត់មិនឲ្យកម្មករបង្កើតសហជីពនៅកន្លែងធ្វើការរបស់ខ្លួនបាននោះទេ ពីព្រោះវាផ្ទុយទៅនឹងច្បាប់ការងារដែលទទួលស្គាល់ដោយអនុសញ្ញាអន្តរជាតិ៖ «អ៊ីចឹង បើសិនជាអត់មានសហជីព ខ្ញុំគិតថា ក្រុមហ៊ុនខ្លះគាត់មិនអាចអនុវត្ដច្បាប់បានល្អទេ ការបង្ខំថែមម៉ោង បើកប្រាក់ឈ្នួលអីផ្សេង ខ្ញុំគិតថាវាមិនបានល្អទេ»។
ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំង លោក ពៅ ស៊ីថា បញ្ជាក់ថា ក្រុមកម្មករមិនបានធ្វើសំណើនៃការទាមទារ ថាមានប៉ុន្មានចំណុចឲ្យច្បាស់លាស់មកខាងលោកជួយដោះស្រាយនោះទេ ស្រាប់តែនាំគ្នាធ្វើកូដកម្មតែម្ដង៖ «មិនទាន់បាននិយាយគ្នា គ្រាន់តែបាននិយាយតាមទូរស័ព្ទថាវាមានរឿងអ៊ីចឹង បើមានរឿងអ៊ីចឹង យើងចាំដោះស្រាយគ្នា ណាត់ថ្ងៃគ្នា រួចភ្ជុំហើយមេៗមិនទាន់បានណាត់ថ្ងៃផង មិនដឹងជារឿងអីបានជាធ្វើកូដកម្មទៅ»។
ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំង បញ្ជាក់ថា នៅទូទាំងខេត្តកំពង់ឆ្នាំង មានរោងចក្រ និងសហគ្រាសចំនួន១១ ដែលត្រូវការកម្លាំងពលកម្មសរុបជាង ២ម៉ឺននាក់ ហើយគិតជាប្រាក់ឈ្នួលក្នុងមួយខែមានជាង ២លានដុល្លារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
