កម្មករ​នៅ​កំពង់ឆ្នាំង​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ទទួល​យក​តំណាង​៣​នាក់​ចូល​ធ្វើ​ការ​វិញ

0:00 / 0:00

កម្មករ​កម្មការិនី​រោងចក្រ​កាត់​ដេរ ប្លូម ហ្វៀល (Bloom field) សរុប​ប្រមាណ ១​ពាន់​នាក់ នៅ​ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង នាំ​គ្នា​ធ្វើ​បាតុកម្ម​ទាមទារ​លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ និង​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ទទួល​យក​តំណាង​កម្មករ​ចំនួន ៣​រូប​ចូល​ធ្វើ​ការ​វិញ។

ក្រុម​កម្មករ និង​តំណាង​សហព័ន្ធ​សហជីព​សំឡេង​យុវជន​ខ្មែរ ប្រចាំ​រោងចក្រ ប្លូម ហ្វៀល បាន​ដាក់​ឧបករណ៍​បំពង​សំឡេង​ស្រែក​តវ៉ា​នៅ​ខាង​មុខ​រោងចក្រ តាំង​ពី​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២៤ ខែ​មិថុនា ដើម្បី​ឲ្យ​ក្រុមហ៊ុន​គោរព​លក្ខខណ្ឌ​ការងារ​ចំនួន ១៥​ចំណុច។ នៅ​ក្នុង​ចំណុច​ទាមទារ​ទាំង​នោះ តម្រូវ​ឲ្យ​ក្រុមហ៊ុន​បញ្ឈប់​បុគ្គលិក​ជនជាតិ​ចិន ម្នាក់ និង​សុំ​ឲ្យ​ទទួល​យក​តំណាង​សហជីព​ចំនួន ៣​រូប គឺ​មាន​ទី​១ ឈ្មោះ ប្រាក់ ចាន់ ទី​២ ឈ្មោះ ម៉ាត់ អ៊ែល និង​ទី​៣ ឈ្មោះ លី សា ចូល​ធ្វើ​ការ​វិញ​ដោយ​ផ្ដល់​ប្រាក់​ខែ និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​នៅ​អំឡុង​ពេល​ដែល​បញ្ឈប់​នោះ។

អគ្គលេខាធិការ​នៃ​សហព័ន្ធ​សហជីព​សំឡេង​យុវជន​ខ្មែរ លោក អន សាខន មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​មាន​ការ​រើសអើង​សហជីព ដោយ​បញ្ឈប់​តំណាង​របស់​លោក​ចំនួន ៣​នាក់​ជា​បន្តបន្ទាប់ តាំង​ពី​ថ្ងៃ​ទី​១៧ ខែ​មិថុនា ដោយ​គ្មាន​ហេតុផល​អ្វី​សោះ។ រីឯ​ចំណុច​ទាមទារ​ឲ្យ​ដក​បុគ្គលិក​ជនជាតិ​ចិន ចេញ និង​ចំណុច​ទាមទារ​របស់​កម្មករ​មួយ​ចំនួន​ទៀត លោក​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ ប៉ុន្តែ​គោល​ជំហរ​របស់​កម្មករ ប្ដេជ្ញា​ថា​នឹង​បន្ត​ការ​តវ៉ា​របស់​ខ្លួន​រហូត​ដល់​មាន​ដំណោះស្រាយ៖ «មន្ទីរ​ការងារ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​កំពង់ឆ្នាំង ហ្នឹង បាន​ហៅ​តំណាង​ចូល​ដោះស្រាយ បន្ទាប់​ពី​យើង​រៀបចំ​ក្រុម​ការងារ​ចូល​ដោះស្រាយ ស្រាប់​តែ​សន្តិសុខ​បិទ​ទ្វារ​មិន​ឲ្យ​ចូល។ អ៊ីចឹង​ដល់​ថា​អាកាសធាតុ​វា​ក្ដៅ ហើយ​មេឃ​រក​កល​នឹង​ភ្លៀង​ផង បង​ប្អូន​កម្មករ​គាត់​សម្រេច​ចិត្ត​បំបែក​ទៅ​ផ្ទះ ហើយ​រង់ចាំ​លទ្ធផល​នៅ​ថ្ងៃ​ស្អែក​ត​ទៅ​ទៀត។ កម្មករ​ដែល​នៅ​ខាង​ក្រៅ​ទាំងអស់​ថ្ងៃ​ហ្នឹង គឺ​សម្រេច​ចិត្ត​ទាំងអស់​គ្នា​អ៊ីចឹង ថា​គាត់​មិន​ចូល​ធ្វើ​ការ​ទេ បើ​ដរាប​ណា​គ្មាន​ដំណោះស្រាយ»

ក្រុម​កម្មករ​អះអាង​ថា រដ្ឋបាល​រោងចក្រ​បាន​បញ្ឈប់​តំណាង​សហជីព និង​កម្មករ​មិន​រើស​មុខ​ជាច្រើន​នាក់ ដោយ​គ្មាន​ហេតុផល​ច្បាស់​លាស់។ ចំពោះ​កម្មករ​ដែល​កំពុង​បម្រើ​ការងារ​នៅ​ក្នុង​រោងចក្រ​វិញ ត្រូវ​បាន​បុគ្គលិក​ចិន ស្ដី​បន្ទោស និង​រឹតត្បិត ដូចជា ការ​តវ៉ា​បញ្ហា​បាត់​ប្រាក់​បៀវត្សរ៍​ប្រចាំ​ខែ ជាដើម។

អនុប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ខេត្ត​កំពង់ឆ្នាំង លោក សោម ស៊ីណាត ដែល​បាន​ចុះ​ទៅ​សម្រប​សម្រួល​លើ​បញ្ហា​នេះ បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ឡើយ ដោយ​លោក​ប្រាប់​ថា មិន​ទាន់​ដឹង​ច្បាស់​អំពី​គោល​បំណង​នៃ​ការ​ទាមទារ​របស់​កម្មករ​នោះ​ទេ។

ប៉ុន្តែ មន្ត្រី​រដ្ឋបាល​រោងចក្រ ប្លូម ហ្វៀល កញ្ញា ឡុង ណាវី ថ្លែង​បញ្ជាក់​ថា ខាង​ភាគី​ក្រុមហ៊ុន​បាន​ដឹង​នូវ​ចំណុច​ទាមទារ​របស់​កម្មករ និង​រង់ចាំ​ការ​ចរចា​ជាមួយ​តំណាង​កម្មករ ប៉ុន្តែ​មិន​ឃើញ​ចូល​ទៅ​ចរចា​ក្នុង​រោងចក្រ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​មិថុនា។ កញ្ញា​បដិសេធ​រាល់​ការ​ចោទ​ប្រកាន់​របស់​កម្មករ និង​ពន្យល់​ថា ការ​បញ្ឈប់​ការងារ​កម្មករ គឺ​ធ្វើ​តែ​ទៅ​លើ​កម្មករ​ណា​ដែល​បញ្ចប់​កិច្ចសន្យា​ការងារ​សាកល្បង​ប៉ុណ្ណោះ៖ «កាល​ពី​ព្រឹក​មិញ ខាង​មន្ទីរ​គាត់​អញ្ជើញ​មក ហើយ​គាត់​ហ្នឹង​ក៏​រង់ចាំ​សហព័ន្ធ​ដែល​ចូល​មក​ជួប​ហ្នឹង ហើយ​អត់​ឃើញ​ចូល​មក»

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ ក្រុម​កម្មករ និង​តំណាង​សហជីព​មាន​គ្នា​ប្រហែល ១០​នាក់ បម្រុង​ចូល​ទៅ​ជួប​ចរចា​ជាមួយ​ភាគី​ក្រុមហ៊ុន បន្ទាប់​ពី​មាន​មន្ត្រី​នៃ​មន្ទីរ​ការងារ​ចេញ​មុខ​មក​ឲ្យ​កម្មករ​ជ្រើស​រើស​តំណាង​របស់​ខ្លួន​ចូល​ទៅ​ចរចា ប៉ុន្តែ​ត្រូវ​សន្តិសុខ​យាម​មាត់​ទ្វារ​រោងចក្រ​ហាម​ឃាត់​មិន​ឲ្យ​ចូល។ បន្ទាប់​ពី​នោះ​មក ក្រុម​កម្មករ​សម្រេច​ចិត្ត​រំសាយ​ការ​តវ៉ា​របស់​ខ្លួន​នៅ​ម៉ោង​ប្រហែល​ជា ១១​ព្រឹក និង​មាន​គម្រោង​ជួប​ជុំ​គ្នា​តវ៉ា​ជា​ថ្មី​ទៀត​នៅ​ថ្ងៃ​ទី​២៥ ខែ​មិថុនា។

ដោយ​ឡែក​នៅ​ថ្ងៃ​ទី​២៤ មិថុនា នេះ​ដែរ កម្មករ​កម្មការិនី​ជាង ២០០​នាក់ នៅ​រោងចក្រ អឹម.វ៉េ (M.V) ស្ថិត​នៅ​ក្រុង​កំពង់ឆ្នាំង បាន​បន្ត​ការ​ធ្វើ​កូដកម្ម​របស់​ខ្លួន​ក្នុង​រោងចក្រ​ឈាន​ចូល​ដល់​ថ្ងៃ​ទី​២​ហើយ គិត​ពី​ថ្ងៃ​ទី​២៣ មិថុនា មក។

ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​រោងចក្រ អឹម.វ៉េ អ្នកស្រី នួន សំអុល បញ្ជាក់​ថា គោល​បំណង​នៃ​ការ​ធ្វើ​កូដកម្ម​នេះ គឺ​ដើម្បី​ឲ្យ​ក្រុមហ៊ុន​បើក​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ បន្ថែម​លើ​ប្រាក់​ខែ​ដែល​បាន​បើក​ជូន​បុគ្គលិក​ជនជាតិ​ចិន ម្នាក់ ដែល​បាន​បណ្ដេញ​ចេញ​ពី​ការងារ។ ក្រុម​កម្មករ​មិន​បាន​ដឹង​អំពី​មូលហេតុ​ពិត​ប្រាកដ​នៃ​ការ​បញ្ឈប់​បុគ្គលិក​ជនជាតិ​ចិន នោះ​ទេ ប៉ុន្តែ​ដោយ​ឃើញ​បុគ្គលិក​រូប​នេះ​ចេះ​គោរព​ស្រឡាញ់​កម្មករ​ខ្មែរ និង​យល់​ដឹង​អំពី​ទុក្ខ​ធុរៈ​ការងារ ទើប​ក្រុម​កម្មករ​មាន​ការ​គាំទ្រ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។