កម្មករ​រោងចក្រ​អែស.យាន់​តវ៉ា​មុខ​ពន្ធនាគារ​ខេត្ត​កំពង់ស្ពឺ​ឲ្យ​ដោះ​លែង​ប្រធាន​សហជីព

កម្មករ​រោងចក្រ​កាត់​ដេរ​នៃ​រោងចក្រ​កាត់​ដេរ អែស.យាន់ (S-Yuan) រាប់​រយ​នាក់ បាន​លើក​គ្នា​ទៅ​តវ៉ា​ដល់​មុខ​ពន្ធនាគារ​ខេត្ត​កំពង់ស្ពឺ ហើយ​ទាមទារ​ឱ្យ​ដោះ​លែង​ប្រធាន​សហជីព​ប្រចាំ​រោងចក្រ​មួយ​រូប ឈ្មោះ ខុន ផល្លា។

តំណាង​សហព័ន្ធ​សហជីព​កម្ពុជា អ្នកស្រី យ៉ាង សុភ័ណ ដែល​ស្ថិត​នៅ​មុខ​ពន្ធនាគារ​នោះ​ថ្លែង​ថា ខាង​តុលាការ​ខេត្ត​កំពង់ស្ពឺ បាន​សន្យា​ដោះ​លែង លោក ខុន ផល្លា នៅ​រសៀល​ម៉ោង​២ ក៏ប៉ុន្តែ​រហូត​មក​ដល់​ល្ងាច​ទៅ​ហើយ នៅ​តែ​មិន​បាន​ដោះ​លែង​ទៀត៖ «តាម​ខ្ញុំ​សាកសួរ​មន្ត្រី​ពន្ធនាគារ​ទៅ គាត់​ថា រង់ចាំ​ដោះ​លែង​ដែរ ឱ្យ​តែ​មាន​លិខិត​ស្នាម​អី​មក​ដល់​ដៃ​គាត់ៗ​នឹង​ដោះ​លែង ខុន ផល្លា ភ្លាម។ គាត់​រង់ចាំ​លិខិត​ចេញ​ពី​ចៅក្រម ចេញ​ពី​ព្រះរាជ​អាជ្ញា។ មក​ដល់​ពេល​ហ្នឹង យើង​សាកសួរ​គាត់​ទៅ គាត់​ថា អត់​បាន​ទទួល​លិខិត​ហ្នឹង​ពី​តុលាការ​ខេត្ត​កំពង់ស្ពឺ នៅ​ឡើយ​ទេ។ ប៉ុន្តែ​ខ្ញុំ​បាន​ធ្វើ​លិខិត​ធានា​គាត់​ឱ្យ​នៅ​ក្រៅ​ឃុំ​អី​រួច​រាល់​ហើយ​តាំង​ពី​ម្សិលមិញ។ ខ្ញុំ​មាន​មេធាវី​មក​ធានា​ត្រឹមត្រូវ ប៉ុន្តែ​យើង​ឃើញ​ថា មិន​ទាន់​មាន​ការ​ដោះ​លែង​នៅ​ឡើយ»

លេខា​របស់​ប្រធាន​តុលាការ​ខេត្ត​កំពង់ស្ពឺ លោក ស៊ុំ អំណត់ មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​បាន​ឃើញ​សេចក្ដី​សម្រេច​របស់​ប្រធាន​តុលាការ​យ៉ាង​ណា​ទេ ហើយ​ម្យ៉ាង​ទៀត ដោយសារ​តែ​ចរន្ត​អគ្គិសនី​ដាច់​ផង លោក​មិន​អាច​វាយ​លិខិត​អ្វី​ចេញ​បាន​ទេ នៅ​ថ្ងៃ​ទី​២៣ មេសា នេះ។

អ្នកស្រី យ៉ាង សុភ័ណ បញ្ជាក់​ថា ប្រធាន​សហជីព​ឈ្មោះ ខុន ផល្លា ត្រូវ​បាន​ចាប់​ឃុំ​ក្នុង​ពន្ធនាគារ កាល​ពី​អំឡុង​ថ្ងៃ​ទី​១០ មេសា បន្ទាប់​ពី​លោក​ចូល​ខ្លួន​ជា​សាក្សី​ដើម្បី​បំភ្លឺ​ក្នុង​រឿង​បង្ក​របួស​ស្នាម​មួយ។ អ្នកស្រី​បន្ត​ថា កម្មករ​នឹង​នាំ​គ្នា​ធ្វើ​កូដកម្ម ហើយ​តវ៉ា​នៅ​មុខ​ពន្ធនាគារ​ខេត្ត​ទៀត រហូត​ទាល់​តែ​តុលាការ​ដោះ​លែង​ប្រធាន​សហជីព​ឈ្មោះ ខុន ផល្លា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។