ពលករ​នៅ​ខេត្ត​កំពង់ធំ​ទាមទារ​សំណង​ពី​ក្រុមហ៊ុន​នាំ​ពលករ​ទៅ​ធ្វើ​ការ​នៅ​ថៃ

0:00 / 0:00

ប្រជាពលរដ្ឋ​នៅ​ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ ស្នើសុំ​ឲ្យ​ក្រុមហ៊ុន​នាំ​ពលករ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ មួយ​ឈ្មោះ ចប​អេស៊ា (Job Asia) ឲ្យ​សង​ប្រាក់​ដែល​ពួក​គេ​បង់​ឲ្យ​ក្រុមហ៊ុន​មក​វិញ​ខ្លះ។ ការ​ស្នើសុំ​នេះ បន្ទាប់​ពី​ក្រុមហ៊ុន​បាន​នាំ​ពួក​គាត់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ប៉ុន្តែ​ជា​ប្រភេទ​ការងារ​លំបាក​ដែល​មិន​អាច​ទ្រាំទ្រ​បាន។ យ៉ាង​ណា តំណាង​ក្រុមហ៊ុន​បញ្ជាក់​ថា ខាង​ក្រុមហ៊ុន​បាន​ដោះស្រាយ​ជាមួយ​ពលរដ្ឋ​ទាំង​នោះ​រួច​រាល់​ហើយ ដោយ​មាន​ទាំង​កិច្ច​ព្រមព្រៀង​តាម​លក្ខណៈ​ច្បាប់​ទៀត​ផង។

ពលរដ្ឋ ៥​នាក់ សម្រេច​នាំ​គ្នា​សុំ​កិច្ច​អន្តរាគមន៍​ពី​អង្គការ​លីកាដូ (Licadho) ខេត្ត​កំពង់ធំ ដើម្បី​ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​របស់​ពួក​គាត់ ដោយ​ទាមទារ​ឲ្យ​ក្រុមហ៊ុន​នាំ​ពលករ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ មួយ​នេះ ផ្តល់​ជា​សំណង​ខ្លះ​ដល់​ពួក​គាត់។

ពលរដ្ឋ​ទាំង​នោះ​បញ្ជាក់​ថា ពួក​គាត់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ មិន​បាន​ទទួល​ប្រាក់​ខែ​ឡើយ ដោយសារ​ថៅកែ​នៅ​ប្រទេស​ថៃ មិន​បើក​ឲ្យ ក្រោម​ហេតុផល​ថា ពួក​គាត់​រត់​ចោល​ការងារ។

ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម ៥​នាក់ រស់នៅ​ភូមិ​តាប្រុក ឃុំ​ឈូកខ្សាច់ លោក មាស សុខនី មាន​ប្រសាសន៍​ថា ដំបូង​ឡើយ​ក្រុមហ៊ុន​បញ្ជូន​ពួក​គាត់​ទៅ​ធ្វើ​ការ​នៅ​រោងចក្រ​ផលិត​កែវ។ លោក​ធ្វើ​ការ​បាន​ពីរ​ថ្ងៃ ខាង​ថៅកែ​រោងចក្រ​នេះ​ប្រាប់​ថា លិខិត​ឆ្លង​ដែន​របស់​ពួក​គាត់​មាន​សុពលភាព ២​សប្ដាហ៍ ដែល​មិន​អាច​ធ្វើ​ការងារ​បន្ត​ទៀត​បាន​ទេ ទើប​ខាង​រោងចក្រ​តម្រូវ​ឲ្យ​ពួក​គាត់​មក​បន្ត​លិខិត​ឆ្លង​ដែន​ជា​មុន។ ថៅកែ​ថៃ ប្រាប់​ថា បញ្ជូន​ពួក​គាត់​មក​បន្ត​លិខិត​ឆ្លង​ដែន​នៅ​ស្រុក​ខ្មែរ ប៉ុន្តែ​មិន​អ៊ីចឹង​ទេ គឺ​គេ​នាំ​ពលករ​ទាំង​នោះ​ទៅ​ធ្វើ​ការ​នៅ​រោងចក្រ​ចំណី​សត្វ ដែល​ធ្វើ​ឲ្យ​ពលករ​មិន​អាច​ទ្រាំទ្រ​បាន ម្យ៉ាង​ក្រុមហ៊ុន​ចំណី​សត្វ​នោះ​មិន​បាន​បើក​ប្រាក់​ខែ​ក្នុង​ខែ​ចាស់​ជូន​ពួក​គាត់ ទើប​ធ្វើ​ឲ្យ​ពលករ​មិន​មាន​ប្រាក់​សម្រាប់​ចាយ​វាយ។ ចុង​ក្រោយ លោក​ក៏​សម្រេច​ចិត្ត​ចេញ​ឲ្យ​តម្រួត​ថៃ ចាប់​ខ្លួន ដើម្បី​បញ្ជូន​ពួក​គាត់​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ៖ «ហើយ​ខ្ញុំ​ក៏​បាន​ទាក់ទង​ជាមួយ​ភ្នាក់ងារ​នាំ​ខ្ញុំ​ទៅ ហើយ​ប្រធាន​ក្រុមហ៊ុន​ឆ្លើយ​វិញ​ថា កុសល ឯង​មិន​បាច់​រវីរវល់​ជាមួយ​ពលករ​អស់​ទាំង​ហ្នឹង​ទេ ពួក​គេ​ចង់​ទៅ​ណា​ក៏​ទៅៗ»

ពលរដ្ឋ​ទាំង​នោះ​បាន​ចំណាយ​ប្រាក់​ម្នាក់ៗ​ជិត ១​លាន​រៀល​ឲ្យ​ក្រុមហ៊ុន ថ្លៃ​ធ្វើ​លិខិត​ឆ្លង​ដែន រួម​នឹង​ថ្លៃ​ធ្វើ​ដំណើរ​ផ្សេងៗ ហើយ​ក្រុមហ៊ុន ចប​អេស៊ា បញ្ជូន​ពួក​គេ​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៥។ ពលរដ្ឋ​ទាំង​នោះ ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ បាន​ប្រមាណ ១០​ថ្ងៃ ហើយ​តម្រួត​ថៃ ចាប់​ខ្លួន​បញ្ជូន​មក​ស្រុក​ខ្មែរ​វិញ​កាល​ពី​ថ្ងៃ​ទី​៨ មិថុនា។

ពលរដ្ឋ​មួយ​រូប​ទៀត លោក សន ឆុំ មាន​ប្រសាសន៍​ថា លោក​មិន​បាន​ទាមទារ​អ្វី​ក្រៅ​ពី​ប្រាក់​ដើម​របស់​ខ្លួន​នោះ​ទេ ព្រោះ​ប្រាក់​នោះ គឺ​គ្រួសារ​លោក​បាន​ចង​ការប្រាក់​គេ​ទៅ​បង់​ឲ្យ​ក្រុមហ៊ុន។ ពួក​គាត់​ទាមទារ​ពី​ក្រុមហ៊ុន​ម្នាក់​ជាង ១​លាន​រៀល​ត្រឡប់​មក​វិញ។

ទាក់ទង​បញ្ហា​នេះ អ្នក​ផ្ដល់​ព័ត៌មាន​ឲ្យ​ក្រុមហ៊ុន ចប​អេស៊ា សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​លើក​ឡើង​ថា ទាំង​នេះ​ជា​កំហុស​របស់​ពលករ​ទៅ​វិញ​ទេ ព្រោះ​ក្រុមហ៊ុន​បាន​បញ្ជូន​ពួក​គាត់​ធ្វើ​ការ​ត្រឹមត្រូវ​ហើយ ប៉ុន្តែ​ពួក​គេ​នាំ​គ្នា​រត់​ចោល​ការងារ។ លើស​ពី​នេះ​ទៀត ខាង​ក្រុមហ៊ុន​បាន​ទូទាត់​ប្រាក់​ខ្លះ​ឲ្យ​ពលករ​ទាំង​នោះ ព្រម​ទាំង​ប្រគល់​លិខិត​ឆ្លង​ដែន​ឲ្យ​ពួក​គាត់ និង​បាន​ធ្វើ​ជា​លិខិត​ព្រមព្រៀង​ជាមួយ​ពលករ​ទាំង​នោះ​ទៅ​តាម​ផ្លូវ​ច្បាប់​យ៉ាង​ត្រឹមត្រូវ​ទៀត​ផង។ លោក​ថែម​ទាំង​ព្រមាន​ចាត់​វិធានការ​ចំពោះ​ពលករ​ទាំង​នោះ​ទៅ​តាម​ផ្លូវ​ច្បាប់ ប្រសិន​បើ​ពួក​គាត់​នៅ​តែ​បន្ត​ចោទ​ក្រុមហ៊ុន​ត​ទៅ​ទៀត៖ «ខ្ញុំ​ធ្វើ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​ថៃ ថា​បើ​ពលករ​រត់ ក្រុមហ៊ុន​ខ្មែរ​ត្រូវ​សង​ក្រុមហ៊ុន​ថៃ ព្រោះ​យើង​ត្រូវ​កិច្ចសន្យា​ការងារ​ជាមួយ​គ្នា ហើយ​ពលករ​មុន​បញ្ជូន​ទៅ ត្រូវ​ធ្វើ​កិច្ចសន្យា​ដូច​គ្នា បើ​សិន​អត់​ការងារ​ធ្វើ ក្រុមហ៊ុន​នឹង​សង ក៏ប៉ុន្តែ​ពលករ​មាន​ការងារ​ធ្វើ​ហើយ គាត់​មិន​ធ្វើ គាត់​នឹង​សង​ក្រុមហ៊ុន​វិញ»

កិច្ច​ព្រមព្រៀង​របស់​ពលករ​ធ្វើ​ឡើង​ជាមួយ​ក្រុមហ៊ុន​កាល​ពី​ថ្ងៃ​ទី​១៥ មិថុនា គឺ​ព្រម​ទទួល​យក​ការ​ទូទាត់​ជា​ប្រាក់​មួយ​ចំនួន ព្រម​ទាំង​ដក​យក​លិខិត​ឆ្លង​ដែន​មក​វិញ និង​សន្យា​ថា​មិន​ធ្វើ​ការ​ទាមទារ​អ្វី​ទៀត​នោះ​ទេ។ ប្រភព​ពី​ខាង​ក្រុមហ៊ុន​ដដែល​លើក​ឡើង​ថា ប្រសិន​បើ​ពលរដ្ឋ​ទាំង​នោះ​មិន​សុខ​ចិត្ត​ទេ ពួក​គាត់​អាច​ទៅ​ជួប​ជាមួយ​តំណាង​ក្រុមហ៊ុន​បាន​គ្រប់​ពេលវេលា។

យ៉ាង​ណា ពលរដ្ឋ​ទាំង​នោះ​ឲ្យ​ដឹង​ថា មូលហេតុ​ពួក​គាត់​យល់ព្រម​ធ្វើ​កិច្ចសន្យា​កាលណោះ ព្រោះ​ខាង​ក្រុមហ៊ុន​អះអាង​ថា នឹង​យក​លិខិត​ឆ្លង​ដែន​របស់​ពួក​គេ​ទៅ​វ៉ៃ​ត្រា​ពី​អាជ្ញាធរ​នៅ​តាម​ព្រំដែន ដើម្បី​អាច​មាន​សុពលភាព​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ បន្ត​ទៀត ប៉ុន្តែ​លិខិត​ឆ្លង​ដែន​ទាំង​នោះ​មិន​បាន​យក​ទៅ​វ៉ៃ​ត្រា​នោះ​ទេ ដែល​ធ្វើ​ឲ្យ​លិខិត​ឆ្លង​ដែន​របស់​ពួក​គាត់​ផុត​សុពលភាព មិន​អាច​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ ដោយ​ស្រប​ច្បាប់​បន្ត​ទៀត​បាន។

ទាក់ទង​បញ្ហា​នេះ មន្ត្រី​អង្កេត​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) ខេត្ត​កំពង់ធំ លោក ឈួម រុណ មាន​ប្រសាសន៍​ថា ក្រោយ​ពេល​ទទួល​ពាក្យ​បណ្ដឹង​ពី​ពលរដ្ឋ​រងគ្រោះ​ទាំង​នោះ ខាង​លោក​នឹង​ដាក់​លិខិត​អន្តរាគមន៍​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ឲ្យ​ពិនិត្យ​ក្រុមហ៊ុន​នាំ​ពលករ​មួយ​នេះ។ លើស​ពី​នេះ លោក​ចង់​ឲ្យ​ក្រសួង​ពាក់ព័ន្ធ ត្រួត​ពិនិត្យ​ចំពោះ​ក្រុមហ៊ុន​នាំ​ពលករ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ទាំងអស់ ដើម្បី​ឲ្យ​ពួក​គេ​បំពេញ​ការងារ​របស់​ខ្លួន​ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ ជៀសវាង​បោកប្រាស់​ប្រជាពលរដ្ឋ និង​នាំ​ពលរដ្ឋ​ទៅ​ទម្លាក់​ចោល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។