កម្មករនៅរោងចក្រ ធាន ធាន នៅឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល នៅតែទទូចសុំឱ្យរដ្ឋាភិបាលពន្លឿនកិច្ចអន្តរាគមន៍ជួយបើកប្រាក់ឈ្នួលដល់ពួកគាត់ បន្ទាប់ពីថៅកែរត់ចោលយូរមកហើយ។ មន្ត្រីការងារខេត្តបញ្ជាក់ថា បញ្ហានេះ គឺនៅរង់ចាំការសម្រេចពីតុលាការ។
កម្មករជិត ៣០នាក់ នៅរោងចក្រ ធាន ធាន ប្រមូលផ្ដុំគ្នានៅមុខរោងចក្រ នៅព្រឹកថ្ងៃទី២៤ ខែមករា ដើម្បីទាមទារឱ្យមានការដោះស្រាយ ទូទាត់ប្រាក់ខែដល់ពួកគាត់ ដែលថៅកែរត់ចោលជិត ៦ខែមកហើយ។
ស្ត្រីអ្នកដាំបាយនៅរោងចក្រ ធាន ធាន មួយរូបឈ្មោះ ច្រុល ម៉េន ត្អូញត្អែរថា ពួកលោកស្រីរង់ចាំដំណោះស្រាយច្រើនខែហើយ៖ «យើងខ្ញុំតែងតែអំពាវនាវទៅដល់តុលាការជួយដោះស្រាយ ព្រះរាជអាជ្ញាអីគាត់អត់មានដោះស្រាយឱ្យពួកយើងខ្ញុំបានចេញទេ។ ពួកខ្ញុំសុទ្ធតែជាអ្នកទីទាល់ក្រ ហើយបានមកធ្វើការនេះ។ ឥឡូវខ្ញុំមានតែម្រាមដៃដប់ ខ្ញុំលើកប្រណមទៅដល់សម្ដេចនាយករដ្ឋមន្ត្រី សូមជួយពួកខ្ញុំដើម្បីលៃយ៉ាងម៉េចជំរុញទៅខាងតុលាការឱ្យចេញដោះស្រាយគ្រឿងម៉ាស៊ីនពួកខ្ញុំ ព្រោះសម្ភារៈរបស់កម្មករយើងខ្ញុំមានទាំងអស់ អាចដោះស្រាយឱ្យពួកខ្ញុំបានហើយ។ ពួកខ្ញុំតែ ១៦៤នាក់ទេ»។
ប្រធានសហព័ន្ធសហជីពសាមគ្គីឯករាជ្យ និងប្រជាធិបតេយ្យ លោក យ៉ង់ ផាន្នី ថ្លែងបញ្ជាក់ថា រោងចក្រ ធាន ធាន បិទទ្វាចាប់តាំងពីខែសីហា ឆ្នាំ២០១៥ ដោយដោយសារថៅកែរត់ចោល និងមិនមានអ្នកទទួលខុសត្រូវចំពោះការបើកប្រាក់ខែជូនកម្មករ៖ «ព្រឹកមិញហ្នឹង គាត់បានជួបជុំគ្នាធ្វើជាវីដេអូឃ្លិប ដើម្បីសំណូមពរសល់នាយករដ្ឋមន្ត្រី ឱ្យអន្តរាគមន៍ពន្លឿនរឿងហ្នឹង ដោយសារតែឥឡូវវា ៥ ឬ ៦ខែហើយ។ និយាយទៅរោងចក្រហ្នឹងមានលក្ខណៈ សាប់ ខន់ត្រាក់ (Sub-contractor) លក្ខណៈតូច និយាយទៅវាជួលគេ។ កម្មករតែ ១៦៤នាក់ទេ។ គាត់អត់បានបើកប្រាក់ហ្នឹង តាំងពីខែ ៧។ អានេះវាអត់ស្ថិតនៅក្នុងសមាគមនិយោជកផង វាអត់ចូលជាសមាជិក វាដូចជាបើកលួចលាក់អ៊ីចឹង»។
ទាក់ទងនឹងបញ្ហានេះ ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកណ្ដាល លោក ថុល លាង មានប្រសាសន៍ថា ករណីរោងចក្រ ធាន ធាន ដែលថៅកែរត់ចោលកម្មករនេះ បានបញ្ជូនដល់ដៃសមត្ថកិច្ចតុលាការខេត្តកណ្ដាលហើយ៖ «សំខាន់យើងបង្កើតគណៈកម្មការកត់ត្រាទ្រព្យសម្បត្តិហ្នឹងហើយ ដើម្បីដាក់ដេញថ្លៃជាសាធារណៈដើម្បីយកថវិកាមកសងដល់កម្មករនិយោជិក ដែលគាត់អត់បានទទួលប្រាក់ឈ្នួលកន្លងមក។ យើងរង់ចាំនីតិវិធីរបស់តុលាការខេត្តសិន»។
លោកបញ្ជាក់បន្ថែមថា រហូតមកដល់ពេលនេះ តុលាការខេត្តកណ្ដាល បានចេញដីការក្សាការពារទ្រព្យសម្បត្តិនៅសេសសល់រោងចក្រនេះ ប៉ុន្តែនៅមិនទាន់សម្រេចលក់ឡាយឡុងយកលុយទូទាត់ប្រាក់ខែកម្មករនៅឡើយទេ។
ប្រធានសហព័ន្ធសហជីពសាមគ្គីឯករាជ្យ និងប្រជាធិបតេយ្យ លោក យ៉ង់ ផាន្នី ឱ្យដឹងថា កម្មករចំនួន ១៦៤នាក់ បានធ្វើការនៅក្នុងរោងចក្រ ធាន ធាន រយៈពេលជិត ២ឆ្នាំ។ បច្ចុប្បន្ននេះ ក្រុមកម្មករដែលមិនទាន់បានទទួលប្រាក់ខែ នៅតែនាំគ្នាយាមគ្រឿងម៉ាស៊ីនដែលនៅសេសសល់ក្នុងរោងចក្រសម្រាប់លក់ឡាយឡុងពេលមានការសម្រេចពីតុលាការ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
