កម្មករប្រមាណ ១០០នាក់ ធ្វើការនៅក្រុមហ៊ុនផលិតក្ដារបន្ទះមួយ មានទីតាំងនៅឃុំអូរព្រះ ស្រុកសម្បូរ ខេត្តក្រចេះ នៅថ្ងៃអាទិត្យ ទី៣ ខែវិច្ឆិកា អំពាវនាវសុំឲ្យមន្ត្រីអាជ្ញាធរខេត្ត ចាត់វិធានការត្រួតពិនិត្យករណីនេះជាបន្ទាន់ ដើម្បីបញ្ឈប់សកម្មភាពរំលោភសិទ្ធិកម្មករ។
តំណាងកម្មករ លោក យ៉ាន ធារត្ន មានប្រសាសន៍បញ្ជាក់ថា ក្រុមហ៊ុនដែលបានធ្វើខុសច្បាប់ការងារនេះ មានឈ្មោះ យ៊ូឡាយ បានបើករោងចក្រធ្វើអាជីវកម្មប្រមាណមួយខែកន្លងទៅ ប៉ុន្តែថៅកែជនជាតិចិន បានកំណត់ឲ្យកម្មករធ្វើការពីម៉ោង ៧ព្រឹក ដល់ម៉ោង ១១ថ្ងៃត្រង់ និងពីម៉ោង ១ ដល់ម៉ោង ៦រសៀល ជាពិសេសមិនអនុញ្ញាតឲ្យកម្មករឈប់សម្រាប់រសៀលថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ប្រចាំសប្ដាហ៍ និងមិនបានផ្តល់ប្រាក់កម្រៃបន្ថែមធ្វើការនៅថ្ងៃឈប់សម្រាកអ្វីទាំងអស់។
លោកបន្តថា កម្មករមិនហ៊ានធ្វើការតវ៉ាអ្វីទេ ដោយខ្លាចក្រុមហ៊ុនបញ្ឈប់ពីការងារ ទើបស៊ូទ្រាំធ្វើការ និងសុំកិច្ចអន្តរាគមន៍ពីមន្ត្រីស្ថាប័នពាក់ព័ន្ធ ជួយដោះស្រាយបញ្ហានេះជូនកម្មករ៖ «ថៅកែក្រុមហ៊ុនហ្នឹង អត់ឲ្យឈប់ទេ ឲ្យធ្វើការទាំងថ្ងៃអាទិត្យហ្នឹងទៀត បើថ្ងៃសៅរ៍ គេធ្វើមួយថ្ងៃពេញនៅហ្នឹង លុយប្រាក់ខែធម្មតា បងឯងគិតទៅ ក្រុមហ៊ុនណាដូចក្រុមហ៊ុនណាគេឲ្យឡើងត្រឹមម៉ោង ៥ទេ។ អាទិត្យ ហ្នឹង ឈប់គេបើកលុយឲ្យចេញតែម្តង គេបណ្ដេញចេញតែម្តង»។
វិទ្យុអាស៊ីសេរី នៅថ្ងៃទី៣ ខែវិច្ឆិកា មិនទាន់អាចទាក់ទងសុំការបំភ្លឺតំណាងក្រុមហ៊ុន ពីការចោទប្រកាន់នេះបានទេ។
ចំណែកបុគ្គលិកក្រុមហ៊ុនឈ្មោះ ពេជ្រ បានបដិសេធថា អ្នកស្រីមិនទទួលខុសត្រូវបញ្ហាកម្មករទេ ហើយអ្នកស្រីក៏បដិសេធមិនបានដឹងអត្តសញ្ញាណ និងលេខទូរស័ព្ទទាក់ទងអ្នកទទួលខុសត្រូវក្រុមហ៊ុនដែរ៖ «ខ្ញុំអត់ដឹងដែរក្រុមហ៊ុនហ្នឹង ខ្ញុំគ្រាន់តែជាអ្នកបកប្រែតូចតាច ខ្ញុំស៊ីប្រាក់ខែតម្លៃមួយខែ ១៥០ ណា! ប្រសិនណាពូទាក់ទងគេទាក់ទងតាមអ្នកផ្សេងទៅ»។
មន្ត្រីផ្នែកអង្កេតសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តក្រចេះ លោក ហេង ភារៈ មានប្រសាសន៍បញ្ជាក់ថា លោកមិនទាន់បានទទួលព័ត៌មានពីករណីនេះទេ ប៉ុន្តែលោកចាត់ទុកថា ជាករណីបំពានច្បាប់ ប្រសិនថៅកែរោងចក្រតម្រូវឲ្យកម្មករធ្វើការលើស ៨ម៉ោង ក្នុងមួយថ្ងៃ និងមិនបានឈប់សម្រាកនៅចុងសប្ដាហ៍។ លោកអំពាវនាវឲ្យមន្ត្រីមន្ទីរការងារ ចុះត្រួតពិនិត្យសេចក្តីរាយការណ៍នេះ៖ «តាមអ្វីដែលកម្មករអះអាងថា ក្នុងមួយថ្ងៃធ្វើការ ៩ម៉ោង គិតពីច្បាប់ការងារ វាអត់ត្រូវទេ។ ក្នុងករណីនេះ យើងឃើញថា ជាករណីរំលោភច្បាប់ការងារ ករណីកម្មករគាត់គួរតែមានសហជីព ឬគាត់អាចមកពឹងអង្គការក្រៅរដ្ឋាភិបាល ដើម្បីឲ្យជួយមើលការអនុវត្តរបស់ក្រុមហ៊ុនណា!»។
ទាក់ទិនករណីនេះដែរ ប្រធានមន្ទីរការងារខេត្តក្រចេះ លោក កែវ កុសល មានប្រសាសន៍បញ្ជាក់ថា ច្បាប់ការងារតម្រូវឲ្យកម្មករធ្វើការ ៨ម៉ោងក្នុងមួយថ្ងៃ។ ក្នុងករណីធ្វើការបន្ថែម ត្រូវផ្តល់ប្រាក់កម្រៃបន្ថែម ហើយក្នុងមួយសប្ដាហ៍ និយោជកត្រូវអនុញ្ញាតឲ្យកម្មករឈប់សម្រាកនៅរសៀលថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ លោកបន្តថា ប្រសិនក្រុមហ៊ុនរោងចក្រណាមិនគោរពគោលការណ៍នេះ នឹងត្រូវមានវិធានការអប់រំណែនាំ ឬផាកពិន័យទាក់ទិនរំលោភច្បាប់ការងារ៖ «ទើបបើកមិនទាន់ចុះបញ្ជីទេ ចាំមើលខ្ញុំឲ្យកូនចៅខ្ញុំទៅមើល។ អាជ្ញាធរណែនាំកែសម្រួលឲ្យធ្វើតាមច្បាប់សិន បើថានៅមិនស្តាប់ទេ ម្តងជាពីរដង លើកទីបី យើងផាកពិន័យហើយ»។
សេចក្តីរាយការណ៍របស់កម្មកររោងចក្រ យ៊ូឡាយ ឲ្យដឹងថា កម្មករភាគច្រើនមកពីខេត្តកំពង់ចាម ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ ទីតាំងក្រុមហ៊ុនស្ថិតនៅចម្ងាយជាង ២០គីឡូម៉ែត្រពីផ្លូវជាតិលេខ៧។ ចំណែកកម្មករត្រូវស្នាក់នៅក្នុងរោងចក្រទាំងប្រុសស្រី។ ហេតុនេះ ប្រសិនកម្មករណាមិនព្រមធ្វើការងារតាមការកំណត់នេះទេ កម្មករនោះត្រូវក្រុមហ៊ុនបញ្ឈប់ពីការងារភ្លាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
