កម្មករកម្មការិនីប្រដាប់ដោយឧបករណ៍បំពងសំឡេងផង បានស្រែកតវ៉ានៅខាងមុខរោងចក្រកាត់ដេរសិប្បកម្មកំចាយមារ ដែលមានទីតាំងស្ថិតនៅភូមិទានភ្លើង ឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង។ ក្រុមកម្មករបានលើកឡើងក្នុងពេលតវ៉ានោះថា កន្លងមក ខាងភាគីក្រុមហ៊ុនបិទបាំងមិនបានបញ្ជាក់ពីអត្រាតម្លៃឈ្នួលឲ្យបានច្បាស់លាស់ ក្នុងក្រដាសបើកប្រាក់របស់កម្មករឡើយ។
កម្មការិនីសិប្បកម្មកាត់ដេរកំចាយមារ ម្នាក់ឈ្មោះ អ្នកស្រី ញូ ឆាយ បានថ្លែងនៅថ្ងៃទី១៣ សីហា ថា ទង្វើរបស់ក្រុមហ៊ុនបែបនេះ គឺធ្វើដើម្បីចង់កេងចំណេញកម្លាំងពលកម្មរបស់កម្មករ៖ «អាខ្លះលុយបាត់លុយប្រាក់ខែគោលផង ប្រាក់ខែគោលបានតែ ៨០ ខ្លះបានតែ ៧០-៨០អ៊ីចឹង។ ហើយអាលុយថែមម៉ោង មិនដឹងបាត់ទៅណាអស់ផង ហើយក្រដាសបើកប្រាក់វិញក៏អត់ចេញឲ្យគ្នាមើលដែរ។ ហើយឡូឲ្យគ្នាស៊ីឡូ មិនដឹងមួយឡូប៉ុន្មានៗផង ធ្វើបានច្រើនធ្វើបានច្រើនបានតិច អាធ្វើបានតិចបានច្រើនអត់ស្មើភាពគ្នាអ៊ីចឹង»។
រោងចក្រកាត់ដេរសិប្បកម្មកំចាយមារ មានកម្មករសរុបប្រមាណជាង ១ពាន់នាក់ កំពុងបម្រើការងារក្នុងរោងចក្រនេះ។ ក្រុមហ៊ុននេះបានបើកដំណើរការកាត់ដេររបស់ខ្លួនបានជិត ៨ខែមកហើយ។ កាលពីខែកក្កដា កន្លងទៅ ក្រុមកម្មករធ្លាប់បានធ្វើកូដកម្មតវ៉ាជាមួយភាគីរោងចក្រនេះម្ដងរួចមកហើយ។ ពេលនោះ ក្រុមកម្មករយល់ព្រមចូលធ្វើការវិញ ដោយសារខាងក្រុមហ៊ុនសន្យាដោះស្រាយនូវបញ្ហាមួយចំនួនតាមសំណើរបស់កម្មករ។ ប៉ុន្តែ បញ្ហានេះបានកើតជាថ្មីម្ដងទៀត ដោយក្រុមកម្មករមានការមន្ទិលសង្ស័យលើការកំណត់អត្រាប្រាក់ឈ្នួលក្នុងក្រដាសបញ្ជាក់ប្រាក់ខែកម្មករ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងតំណាងក្រុមហ៊ុនកាត់ដេរ ដើម្បីបកស្រាយបំភ្លឺជុំវិញបញ្ហានេះបានទេនៅថ្ងៃទី១៣ សីហា។
ប៉ុន្តែ ប្រធានមន្ទីរការងារខេត្តព្រៃវែង លោក ហែម ហឿន មានប្រសាសន៍ថា បើទោះណាមិនមានការបកស្រាយច្បាស់លាស់ពីភាគីក្រុមហ៊ុនក៏ដោយ លោកថា ខាងមន្ទីរនឹងដាក់វិធានការផ្លូវច្បាប់ ដើម្បីដោះស្រាយជាមួយនឹងខាងភាគីក្រុមហ៊ុន៖ «ទោះបីមិនយល់ព្រម ក៏មន្ទីរបានដាក់វិធានការឲ្យអនុវត្តហើយ។ បាទ! ស្អែកគាត់ចូលធ្វើការវិញជាធម្មតា»។
អគ្គលេខាសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ស៊ីខាវឌូ (CCAWDU) លោក ឯក សុភក្ដី បង្ហាញថា បន្ទាប់ពីបានចូលរួមប្រជុំដែលមានតំណាងក្រុមហ៊ុន ប្រធានមន្ទីរការងារខេត្ត តំណាងកម្មករ និងអាជ្ញាធរមូលដ្ឋាន ចូលរួមនោះ គឺខាងតំណាងក្រុមហ៊ុននៅពុំទាន់មានគោលការណ៍របស់ខ្លួនច្បាស់លាស់នៅឡើយ៖ «អ្នកគ្រប់គ្រងម្នាក់ដែលគាត់ចូលខ្លួននៅក្នុងការដោះស្រាយនោះ ប៉ុន្តែចំណុចណាមួយក៏គាត់អត់ហ៊ានសម្រេចដែរ។ គាត់ថាចាំសួរនាយកៗ។ ហើយយើងសួរគាត់ហើយ ថានាយករបស់អ្នកឯងនរណាគេ? អ្នកឯងប្រាប់យើងមក! ប៉ុន្តែគាត់ថាប្រាប់អត់បានទេ ព្រោះនាយកមានច្រើន។ អ៊ីចឹង សួរថា អ្នកឯងទទួលកិច្ចសន្យាការងារពីនរណាគេ? គាត់អត់ហ៊ានប្រាប់ គាត់ថាអានេះជាការងារផ្ទៃក្នុងរបស់ក្រុមហ៊ុនគាត់។ ហើយខ្ញុំប្រាប់ដែរថា បើក្នុងសប្ដាហ៍ក្រោយយើងជជែកគ្នាម្ដងទៀត ក្នុងករណីដែលក្រុមហ៊ុនមិនបង្ហាញអំពីថៅកែច្បាស់លាស់ទេ ហើយគាត់នៅតែសុំចរចាយើងខ្ញុំ គឺខ្ញុំអត់ចរចាជាមួយទេ។ ហើយខ្ញុំនឹងចាត់វិធានការទៅតាមផ្លូវច្បាប់»។
ទោះជាយ៉ាងនេះក្ដី ក្រោយកិច្ចប្រជុំដែលបានពិភាក្សាគ្នាអស់ជាង ២ម៉ោង ដែលរៀបចំឡើងនៅក្នុងរោងចក្រនោះ ដោយលទ្ធផលពុំទទួលបានទៅតាមសំណើរបស់ក្រុមកម្មករនៅឡើយ។ ក្រុមកម្មករបានយល់ព្រមចូលធ្វើការងារបណ្ដោះអាសន្ន ទៅតាមសំណើរបស់មន្ត្រីការងារមួយរយៈសិន។ ប៉ុន្តែ ក្រុមកម្មករនឹងធ្វើការតវ៉ាជាថ្មីនៅចុងខែសីហា ប្រសិនបើពុំមានការដោះស្រាយណាមួយឲ្យសមស្របតាមសំណើរបស់កម្មករនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
