កម្មករ​រោងចក្រ​កំចាយមារ​ធ្វើ​កូដកម្ម​ទាមទារ​កែលំអ​លក្ខខណ្ឌ​ការងារ

កម្មករ​កម្មការិនី​រោងចក្រ​កាត់​ដេរ សិប្បកម្ម​កំចាយមារ ប្រមាណ ១​ពាន់​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី១១ កញ្ញា ពួក​គេ​បាន​ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​កូដកម្ម​តវ៉ា​នៅ​ខាង​មុខ​រោងចក្រ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង។ ការ​ធ្វើ​កូដកម្ម​នេះ ដើម្បី​ទាមទារ​ឲ្យ​ភាគី​ក្រុមហ៊ុន​ជួយ​ដោះស្រាយ​កែលំអ​លក្ខខណ្ឌ​ការងារ​មួយ​ចំនួន។

0:00 / 0:00

ក្រុម​កម្មករ​ប្រដាប់​ដោយ​ឧបករណ៍​បំពង​សំឡេង​ផង​នោះ ពួក​គេ​បាន​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​ទាមទារ​លក្ខខណ្ឌ​ការងារ រួម​មាន ស្នើ​ឲ្យ​មាន​ប្រាក់​ខែ​គោល​ក្នុង​ម្នាក់ ៨០​ដុល្លារ​ក្នុង​មួយ​ខែ ព្រម​ទាំង​មាន​ក្រដាស​ចុង​សន្លឹក​រៀង​រាល់​ការ​បើក​ប្រាក់​ខែ និង​ទាមទារ​ឲ្យ​ក្រុមហ៊ុន​អនុវត្ត​គោលការណ៍​តាម​លក្ខខណ្ឌ​ការងារ ដែល​ភាគី​ក្រុមហ៊ុន​បាន​សន្យា​គោរព ដោយ​មាន​ការ​ចូល​រួម​ដឹង​ឮ​ពី​មន្ទីរ​ការងារ ខេត្ត​ព្រៃវែង និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល កាល​ពី​ខែ​សីហា កន្លង​ទៅ។

តំណាង​កម្មការិនី​រោងចក្រ​កាត់​ដេរ​ម្នាក់​ឈ្មោះ អ្នកស្រី សៅ លីណា មាន​ប្រសាសន៍​បញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី១១ កញ្ញា ថា ភាគី​ក្រុមហ៊ុន​មិន​បាន​គោរព​លក្ខខណ្ឌ​ការងារ​ទៅ​តាម​អ្វី​ដែល​ក្រុមហ៊ុន​ធ្លាប់​បាន​ឯកភាព​គ្នា​កាល​ពី​ពេល​មុន​នោះ​ឡើយ។

រោងចក្រ​កាត់​ដេរ​សិប្បកម្ម​កំចាយមារ មាន​ទីតាំង​ស្ថិត​ក្នុង​ឃុំ​ស្មោងខាងជើង ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង។ ក្រុមហ៊ុន​នេះ បាន​បើក​ដំណើរ​ការ​របស់​ខ្លួន​នៅ​ក្នុង​ខេត្ត​ព្រៃវែង បាន​ជិត​មួយ​ឆ្នាំ​មក​ហើយ និង​មាន​កម្មករ​កំពុង​បម្រើ​ការងារ​នៅ​ក្នុង​រោងចក្រ​ប្រមាណ​ជាង ១​ពាន់​នាក់។

កន្លង​មក ក្រុម​កម្មករ​ធ្លាប់​បាន​ធ្វើ​កូដកម្ម​តវ៉ា​ទាមទារ​កែលំអ​លក្ខខណ្ឌ​ការងារ​របស់​ខ្លួន​ចំនួន​ពីរ​លើក​រួច​មក​ហើយ។ កាល​ណោះ មាន​ការ​ដោះស្រាយ​សម្រួល ដែល​មាន​ការ​ចូល​រួម​ពី​មន្ទីរ​ការងារ​ខេត្ត និង​មន្ត្រី​សហជីព ស៊ីខាវឌូ (CCAWDU) ក្រុម​កម្មករ​បាន​យល់​ព្រម​ចូល​ធ្វើ​ការ​វិញ បន្ទាប់​ពី​មាន​ការ​ឯកភាព​គ្នា​រវាង​ភាគី​ទាំង​ពីរ​នោះ។ ប៉ុន្តែ បញ្ហា​នេះ​បាន​ផ្ទុះ​ឡើង​ម្ដង​ទៀត ដោយ​ក្រុម​កម្មករ​អះអាង​ថា ក្រុមហ៊ុន​មិន​បាន​គោរព​តាម​លក្ខខណ្ឌ​ការងារ​ឲ្យ​បាន​ត្រឹមត្រូវ​ទៅ​តាម​ការ​ដែល​ភាគី​ទាំង​សង​ខាង​ធ្លាប់​បាន​ឯកភាព​គ្នា​កន្លង​មក។

ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ មន្ត្រី​ផ្នែក​រដ្ឋបាល​របស់​រោងចក្រ អ្នកស្រី ចាន់ ឆោវ័ន បញ្ជាក់​ថា ភាគី​រោងចក្រ​នឹង​ពិនិត្យ​ធ្វើ​ការ​ដោះស្រាយ​ជូន​កម្មករ​ឡើង​វិញ​ឲ្យ​បាន​ឆាប់។

មន្ត្រី​ផ្នែក​ច្បាប់​របស់​សហជីព​កាត់​ដេរ ស៊ីខាវឌូ លោក ជឹម ឃៀង បាន​ឲ្យ​ដឹង​ថា ក្រុម​កម្មករ​ធ្វើ​ការ​តវ៉ា​ទាមទារ ដោយសារ​ក្រុមហ៊ុន​មិន​បាន​គោរព​តាម​លក្ខខណ្ឌ​ការងារ​ដែល​បាន​ឯកភាព​គ្នា​នា​ពេល​កន្លង​មក។

នៅ​រសៀល​ថ្ងៃ​ដដែល​នេះ មាន​ការ​ចាត់​ប្រជុំ​មួយ​នៅ​ខាង​ក្នុង​រោងចក្រ ដែល​មាន​វត្តមាន​ពី​លោក​អភិបាល​រង​ខេត្ត​ព្រៃវែង ប្រធាន​មន្ត្រី​ការងារ តំណាង​សហជីព និង​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត បាន​ចូល​រួម​ផង​នោះ។ ប៉ុន្តែ តំណាង​សហជីព​ត្រូវ​បាន​ចេញ​មក​ខាង​ក្រៅ​វិញ បើ​តាម​ការ​អះអាង​របស់​សហជីព បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​ពួក​គេ​ចេញ​មក​ខាង​ក្រៅ​មិន​បាន​រួម​ប្រជុំ​បន្ត​នោះ ដោយសារ​មាន​ការ​ខ្វែង​គំនិត​គ្នា​ជា​មួយ​នឹង​អាជ្ញាធរ​ក្នុង​អង្គ​ប្រជុំ ដែល​មិន​បាន​អនុញ្ញាត​ឲ្យ​តំណាង​កម្មករ​បាន​ចូល​រួម​ក្នុង​អង្គ​ប្រជុំ​នោះ។

តែ​យ៉ាង​ណា​ក៏ដោយ តំណាង​សហជីព​ថ្លែង​បន្ទាប់​ពី​ការ​ប្រជុំ​ថា ការ​ប្រជុំ​នេះ​ពុំ​ទទួល​បាន​លទ្ធផល​អ្វី​ជា​ដុំ​កំភួន​ឡើយ។ កម្មករ​បាន​បញ្ជាក់​ថា ក្រុម​ខ្លួន​នឹង​ធ្វើ​កូដកម្ម​បន្ត​ទៀត ប្រសិន​ភាគី​ក្រុមហ៊ុន​មិន​បាន​ដោះស្រាយ​តាម​ការ​ទាមទារ​របស់​ក្រុម​កម្មករ​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។