កម្មករ​ដាំ​ដំឡូងមី​នៅ​ពោធិ៍សាត់​តវ៉ា​ចំពោះ​ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម

ក្រុម​កម្មករ​ធ្វើ​ការ និង​ដាំ​ដំឡូងមី​នៅ​ក្នុង​ការដ្ឋាន​ចិន លេខ​១៦ ឬ​ហៅ​ថា មួយ​ចុច​ដប់ (១.១០) ស្ថិត​នៅ​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ប្រមាណ​ជា ១០០​នាក់ បាន​នាំ​គ្នា​តវ៉ា​ចំពោះ​ការ​គាប​សង្កត់ និង​បង្ខំ​ឲ្យ​ធ្វើ​ការ​លើស​កម្លាំង។

0:00 / 0:00

មន្ត្រី​សមាគម​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ពោធិ៍សាត់ ចាត់​ទុក​ករណី​នេះ​ថា ជា​ទម្រង់​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ដោយសារ​ការដ្ឋាន​ដាំ​ដំឡូង​នោះ​ធ្លាប់​មាន​ព័ត៌មាន​ថា មាន​កម្មករ​សន្លប់ និង​ស្លាប់​នៅ​ក្នុង​ការដ្ឋាន ដោយសារ​តែ​បំពេញ​ការងារ​ទៀត​ផង។

ក្រុម​កម្មករ​ដាំ​ដំឡូងមី និង​ជម្រះ​ស្មៅ​ប្រុស​ស្រី​ជា​ច្រើន​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​កញ្ញា បាន​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា បន្ទាប់​ពី​មាន​ការ​កេងប្រវ័ញ្ច និង​គាប​សង្កត់​កម្លាំង​ពលកម្ម​របស់​កម្មករ​កាន់​តែ​ធ្ងន់ធ្ងរ​ពី​សំណាក់​មេការ​ចិន នៅ​ក្នុង​រយៈពេល​ជិត ១​ខែ​ចុង​ក្រោយ​នេះ។

តំណាង​កម្មករ លោក ឆេង សុផល មាន​ប្រសាសន៍​ថា ក្រុម​កម្មករ​មាន​ការ​ឈឺ​ចាប់ ដោយសារ​តែ​មាន​ការ​ជិះ​ជាន់​កម្លាំង​កម្មករ​ពី​សំណាក់​មេការ​ចិន ដោយ​ថ្ងៃ​ខ្លះ​កម្មករ​ខិតខំ​ធ្វើ​ការងារ​ស្ទើរ​ពេញ ១​ថ្ងៃ ក៏ប៉ុន្តែ ត្រូវ​បាន​មេការ​ចិន អត់​បើក​អង្ករ ឬ​គិត​ប្រាក់​ឈ្នួល​ឲ្យ​គ្រប់​ទៅ​តាម​តម្លៃ​កម្លាំង​ពលកម្ម​ឡើយ៖ «ធ្វើ​ការ​ធ្ងន់​ដូច​ជា​ឲ្យ​ដាំ​ដំឡូង​ក្នុង​ចម្ងាយ​ជាង ១​ពាន់​ម៉ែត្រ​ក្នុង​ម្នាក់ បើ​ធ្វើ​មិន​ហើយ​អត់​គិត​ថ្ងៃ (អត់​គិត​ប្រាក់​ឈ្នួល) ឲ្យ​ទេ អង្ករ​ក៏​អត់​ឲ្យ លុយ​ក៏​ឲ្យ​ដែរ បើ​អ្នក​ណា​ហ៊ាន​តវ៉ា​ដេញ​ចោល​កាត់​លុយ។ សព្វថ្ងៃ​នេះ គឺ​ដូច​នៅ​របប ៣​ឆ្នាំ ៨​ខែ ២០​ថ្ងៃ​អីចឹង គឺ​ផ្ដាច់​ការ​ដូច​គ្នា​ទៅ ហើយ​ការងារ​យូរៗ​ទៅ​កាន់​តែ​រឹប​ទៅៗ»

លោក​បញ្ជាក់​ថា កម្មករ​ដែល​ធ្វើ​ការ​នៅ​ក្នុង​ការដ្ឋាន​ដាំ​ដំឡូងមី​របស់​ចិន នេះ ទទួល​បាន​ប្រាក់​ឈ្នួល ២​ម៉ឺន​រៀល និង​អង្ករ ១​គីឡូក្រាម​ក្នុង​មួយ​ថ្ងៃ ដែល​តម្លៃ​នេះ​មិន​សមាមាត្រ​គ្នា​ទៅ​នឹង​ទំហំ​ការងារ ឬ​ម្ហូប​អាហារ​ដែល​លក់​ដូរ​នៅ​ទី​នោះ​ឡើយ ក៏ប៉ុន្តែ​ក្រុម​កម្មករ​នៅ​តែ​ស៊ូទ្រាំ ដោយសារ​ការងារ​នៅ​ក្នុង​ស្រុក​មិន​សូវ​សម្បូរ និង​កម្មករ​ខ្លះ​ទៀត​ត្រូវ​ការ​លុយ​កាក់​ទៅ​លេង​ស្រុក ដើម្បី​ធ្វើ​បុណ្យ​ទាន​ក្នុង​រដូវ​ភ្ជុំបិណ្ឌ​ខាង​មុខ។

កម្មករ​ម្នាក់​ឈ្មោះ ឡុង ញ៉ឹប មាន​ប្រសាសន៍​ថា អ្នកស្រី​មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់ឆ្នាំង និង​បាន​ចូល​មក​ធ្វើ​ការ​នៅ​ក្នុង​ការដ្ឋាន​នេះ​ជាង ៣​ឆ្នាំ​មក​ហើយ។ អ្នកស្រី​បន្ត​ថា រយៈពេល​ជិត ១​ខែ​កញ្ញា នេះ មេការ​ចិន បាន​គាប​សង្កត់​កាន់​តែ​ខ្លាំង និង​ចង់​បណ្ដេញ​កម្មករ​ចេញ​ពី​ការងារ​ដោយ​មិន​បើក​ប្រាក់​ខែ​ឲ្យ​កម្មករ​ទៀត​ផង៖ «ជម្រះ​ស្មៅ​ក្នុង​ម្នាក់​ហ្នឹង​វា ៣០០​ម៉ែត្រ បើ​ថ្ងៃ​ហ្នឹង​ធ្វើ​ហើយ​ស្អែក​ឡើង​វា​ដាក់​ឡើង ៤០០ ស្អែក​ឡើង​យើង​ធ្វើ​ហើយ ៤០០ វា​ដាក់​ឡើង ៥០០ ស្អែក​ឡើង​យើង​ធ្វើ​ហើយ ៥០០ វា​ដាក់​ឡើង​ដល់ ៦០០ ទៀត​ណា​បង វា​ដាក់​ទាល់​តែ​ថា​យើង​ធ្វើ​លែង​រួច។ ចិន វា​អត់​បើក​ឲ្យ​យើង​បាន​លុយ​អី​ទៅ​ស្រុក បើ​អត់​មាន ១​រយ ១​រៀល​ក្នុង​ខ្លួន​ផង វា​អត់​មាន​លុយ​ធ្វើ​បុណ្យ»

ទាក់ទង​នឹង​បញ្ហា​នេះ ប្រធាន​ក្រុម​កម្មករ​នៃ​ការដ្ឋាន​ដាំ​ដំឡូងមី​របស់​ការដ្ឋាន​ចិន ទី​១៦ ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​ថា ក្រោយ​ពី​មាន​ការ​ងើប​ឡើង​តវ៉ា​របស់​កម្មករ ថៅកែ​ចិន បាន​ចុះ​មក​សម្រប​សម្រួល​ផ្ទាល់ ដោយ​ឲ្យ​ភាគី​កម្មករ​ចូល​ធ្វើ​ការងារ​វិញ​នៅ​ថ្ងៃ​ទី២៤ ខែ​កញ្ញា និង​បាន​សន្យា​ថា​នឹង​បើក​ប្រាក់​ខែ​ឲ្យ​កម្មករ​នៅ​មុន​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​ខាង​មុខ៖ «ចិន ហ្នឹង​គេ​សម្រួល​យើង​កុំ​ឲ្យ​មាន​បញ្ហា​អី ប្រាក់​ខែ​ហ្នឹង​ដល់​ខែ​ភ្ជុំ​ហ្នឹង គេ​បើក​ឲ្យ​មុន​ភ្ជុំ ហើយ​ខ្ញុំ​សុំ​ឲ្យ​ការងារ​បន្ធូរបន្ថយ ប៉ុន្តែ​ច្បាប់​ក្រុមហ៊ុន គឺ​ការងារ​មិន​អាច​បន្ធូរបន្ថយ​បាន​ទេ គេ​ថា​អីចឹង»

វិទ្យុ​អាស៊ីសេរី មិន​អាច​ស្វែង​រក​ប្រភព​ទាក់ទង​មេការ​ចិន និង​ម្ចាស់​ការដ្ឋាន ដើម្បី​សុំ​ការ​ពន្យល់​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី២៣ ខែ​កញ្ញា។

អនុ​ប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ខេត្ត​ពោធិ៍សាត់ លោក កុល ប៊ុនធឿន មាន​ប្រសាសន៍​ថា កាល​ពី​ពេល​កន្លង​ទៅ លោក និង​ក្រុម​ការងារ បាន​ចុះ​ទៅ​ពិនិត្យ​មើល​ផ្ទាល់​ដល់​ការដ្ឋាន​នោះ មិន​ឃើញ​កើត​មាន​បញ្ហា ឬ​ការ​តវ៉ា​អ្វី​ពី​កម្មករ​ទាំង​នោះ​ឡើយ។ ក៏ប៉ុន្តែ មួយ​រយៈ​ចុង​ក្រោយ​នេះ លោក​មិន​ដែល​បាន​ចុះ​ទៅ​ពិនិត្យ​មើល និង​ដឹង​ច្បាស់​អំពី​ទុក្ខ​លំបាក​របស់​ក្រុម​កម្មករ​ទេ ពីព្រោះ​តែ​ទីតាំង​នៃ​ការដ្ឋាន​នោះ​ស្ថិត​នៅ​ក្នុង​ព្រៃ​ដាច់​ស្រយាល​ពេក៖ «ចំនួន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់ ហ្នឹង មិន​សូវ​ជា​ច្រើន​ប៉ុន្មាន​ទេ​សម្រាប់​ក្រុមហ៊ុន​ដាំ​ដំឡូងមី ឃើញ​ថា​ភាគ​ច្រើន​កម្មករ​ហ្នឹង​ឯង​មក​ពី​ខេត្ត​ផ្សេងៗ អីចឹង​បាន​ន័យ​ថា​ចម្រុះ​ទាំងអស់»

លោក​បញ្ជាក់​ថា នៅ​ខេត្ត​ពោធិ៍សាត់ មាន​ក្រុមហ៊ុន​ចិន ចំនួន​២ គឺ​ក្រុមហ៊ុន​ចិញ្ចឹម​សត្វ​ស្វា ឈ្មោះ វ៉ាន់ នី (VANNY Bio Research) និង​ក្រុមហ៊ុន​ដាំ​ដំឡូងមី ឈ្មោះ ភាពីម៉ិច។ ទោះ​ជា​យ៉ាង​ណា លោក​មិន​អាច​ក្ដាប់​បាន​នូវ​ចំនួន​កម្មករ​សរុប​ប៉ុន្មាន​នាក់ ដែល​កំពុង​តែ​ធ្វើ​ការងារ​នៅ​ក្នុង​រោងចក្រ​ទាំង​ពីរ​នេះ​ទេ។

មន្ត្រី​សម្រប​សម្រួល​សមាគម​អាហុក ប្រចាំ​ខេត្ត​ពោធិ៍សាត់ លោក ភួង សុធា មាន​ប្រសាសន៍​ថា កន្លង​មក អាដហុក បាន​ទទួល​ព័ត៌មាន​ពី​កម្មករ ក៏ប៉ុន្តែ​មិន​ដែល​ទទួល​បាន​ពាក្យ​បណ្ដឹង ឬ​ការ​ស្នើ​សុំ​កិច្ច​អន្តរាគមន៍​ណា​មួយ​ពី​កម្មករ​ទាំង​នោះ​ទេ។ ដូច្នេះ ខាង​លោក​គ្រាន់​តែ​បាន​ស៊ើប​អង្កេត​បឋម​ជា​មួយ​នឹង​មន្ទីរ​ការងារ​ខេត្ត​ប៉ុណ្ណោះ៖ «ករណី​ហ្នឹង គឺ​ជា​ករណី​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ដោយ​បង្ខំ​កម្លាំង​ពលកម្ម​កម្មករ ហើយ​មាន​ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម។ យើង​នឹង​ធ្វើ​ការ​ស្រាវជ្រាវ​រឿង​ហ្នឹង​បន្ត​ទៀត ពីព្រោះ​អី​យើង​បាន​ទទួល​ព័ត៌មាន​ថា កម្មករ​មាន​រហូត​សន្លប់ ហើយ​រហូត​ដល់​ស្លាប់​ទៀត​ឯ​ណោះ ប៉ុន្តែ​យើង​កំពុង​តែ​ស្រាវជ្រាវ​អំពី​ករណី​ហ្នឹង»

បើ​ទោះ​បី​ជា​មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា នៅ​ឆ្នាំ​២០១៥ បញ្ហា​ទីផ្សារ​ការងារ​នៅ​កម្ពុជា នឹង​លែង​មាន​ជា​បញ្ហា​ចោទ ក៏ប៉ុន្តែ​សព្វថ្ងៃ ភាព​ខ្វះ​ការងារ​ធ្វើ និង​ប្រាក់​ឈ្នួល​ទាប​នៅ​ក្នុង​ស្រុក បាន​បង្ខំ​ឲ្យ​ពលករ​ពលការិនី​ខ្មែរ ចេញ​ទៅ​ធ្វើ​ការងារ​នៅ​ក្រៅ​ប្រទេស ដោយ​ពុំ​មាន​សុវត្ថិភាព​មាន​ចំនួន​រាប់​ពាន់​នាក់​ក្នុង​មួយ​ឆ្នាំៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។