កម្មករ​រោងចក្រ​នៅ​តាកែវ​កូដកម្ម​បិទ​ផ្លូវ​ជាតិ​លេខ​២​ទាមទារ​លក្ខខណ្ឌ​ការងារ​ល្អ

កម្មករ​ប្រមាណ ២​ពាន់​នាក់ ក្នុង​ចំណោម​កម្មករ ២.៥០០​នាក់ នៃ​រោងចក្រ​កាត់​ដេរ​សម្លៀកបំពាក់ អេស៊ា ដ្រេហ្គន (Asia Dragon) ស្ថិត​ក្នុង​ភូមិ​ពត់ស ឃុំ​ឃ្លាំងសម្បត្តិ ស្រុក​បាទី ខេត្ត​តាកែវ បាន​ធ្វើ​កូដកម្ម​ដោយ​បិទ​ផ្លូវ​ជាតិ​លេខ​២ ពេញ​មួយ​ព្រឹក​ថ្ងៃ​ទី២៤ ខែ​កក្កដា ដើម្បី​ទាមទារ​ឲ្យ​ដំឡើង​ប្រាក់​អត្ថប្រយោជន៍​មួយ​ចំនួន និង​លក្ខខណ្ឌ​ការងារ​ឲ្យ​បាន​ប្រសើរ​ឡើង។

0:00 / 0:00

ក្រុម​កម្មករ​តវ៉ា​បាន​នាំ​គ្នា​ឈរ​ត្រៀបត្រា​ពេញ​ផ្លូវ និង​នៅ​ខាង​មុខ​រោងចក្រ​តាំង​ពី​ម៉ោង​ប្រហែល ៨​ព្រឹក រហូត​ដល់​ថ្ងៃ​ជិត​ត្រង់។

ពួក​គេ​បាន​ដាក់​មីក្រូ​ស្រែក​ហ៊ោ​កញ្ជ្រៀវ​បន្ទរ​តាម​គ្នា ទាមទារ​ឲ្យ​ភាគី​រោងចក្រ​ដំឡើង​ប្រាក់​ថ្លៃ​ជិះ​ឡាន ១០​ដុល្លារ ប្រាក់​ថ្លៃ​បាយ​ថ្ងៃ​ត្រង់ ២​ពាន់​រៀល ប្រាក់​រង្វាន់​ដែល​គេ​ហៅ​ថា លុយ​ព្រីម​ឲ្យ​បាន ១៥​ដុល្លារ និង​ប្រាក់​អត្ថប្រយោជន៍​សម្រាប់​កម្មករ​មួយ​ចំនួន​ទៀត។

ក្រុម​កម្មករ​បាន​ត្អូញត្អែរ​អំពី​ការ​គាប​សង្កត់​បិទ​សិទ្ធិ​សេរីភាព​របស់​ពួក​គេ ពី​សំណាក់​ភាគី​ក្រុមហ៊ុន រួម​មាន​សិទ្ធិ​សហជីព ហើយ​ជា​ពិសេស​នោះ គឺ​សិទ្ធិ​បោះឆ្នោត ដោយ​ពួក​គេ​អះអាង​ថា ពួក​គេ​ត្រូវ​ការ​ពេល ២​ថ្ងៃ​សម្រាប់​ទៅ​បោះឆ្នោត ប៉ុន្តែ​ថៅកែ​អនុញ្ញាត​ឲ្យ​ពួក​គេ​ឈប់​តែ​មួយ​ថ្ងៃ គឺ​នៅ​ថ្ងៃ​អាទិត្យ ទី២៨ ខែ​កក្កដា។

ក្រៅ​ពី​នេះ កម្មករ​បាន​ឲ្យ​ដឹង​ថា ពួក​គេ​បាន​បង់​ប្រាក់​វិភាគទាន​ជា​រៀង​រាល់​ខែ ក្នុង​ម្នាក់ៗ ១​ពាន់​រៀល ឲ្យ​សហជីព​មួយ​ឈ្មោះ​ថា សហជីព​យុវជន​ខ្មែរ ប៉ុន្តែ​សហជីព​នោះ​មិន​បាន​ការពារ​ផល​ប្រយោជន៍​កម្មករ​ទេ គឺ​គេ​ឈរ​ខាង​ផល​ប្រយោជន៍​ក្រុមហ៊ុន។

វិទ្យុ​អាស៊ីសេរី បាន​ព្យាយាម​សុំ​ចូល​ជួប​ភាគី​ក្រុមហ៊ុន ឲ្យ​បំភ្លឺ​អំពី​អ្វី​ដែល​កម្មករ​បាន​លើក​ឡើង ប៉ុន្តែ​ត្រូវ​ក្រុម​សន្តិសុខ​រោងចក្រ​ឃាត់​មិន​ឲ្យ​ចូល​ឡើយ។

ឡាន​ទឹក ២​គ្រឿង និង​កម្លាំង​សមត្ថកិច្ច ត្រៀម​នៅ​ខាង​មុខ​រោងចក្រ​កាត់​ដេរ​សម្លៀកបំពាក់ អេស៊ា ដ្រេហ្គន (Asia Dragon) ស្ថិត​ក្នុង​ភូមិ​ពត់ស ឃុំ​ឃ្លាំងសម្បត្តិ ស្រុក​បាទី ខេត្ត​តាកែវ នៅ​ថ្ងៃ​ទី២៤ ខែ​កក្កដា ឆ្នាំ​២០១៣។
ឡាន​ទឹក ២​គ្រឿង និង​កម្លាំង​សមត្ថកិច្ច ត្រៀម​នៅ​ខាង​មុខ​រោងចក្រ​កាត់​ដេរ​សម្លៀកបំពាក់ អេស៊ា ដ្រេហ្គន (Asia Dragon) ស្ថិត​ក្នុង​ភូមិ​ពត់ស ឃុំ​ឃ្លាំងសម្បត្តិ ស្រុក​បាទី ខេត្ត​តាកែវ នៅ​ថ្ងៃ​ទី២៤ ខែ​កក្កដា ឆ្នាំ​២០១៣។ (RFA/Uon Chhin)

យ៉ាង​ណា​ក្ដី អភិបាល​រង​ខេត្ត​តាកែវ លោក ឡាយ វណ្ណៈ បាន​ប្រកាស​តាម​មីក្រូ​ថា លោក​ឈរ​ខាង​កម្មករ​ក្នុង​ការ​ដោះស្រាយ​ជាមួយ​ក្រុមហ៊ុន ដោយ​មាន​ការ​ចូលរួម​ពី​សំណាក់​មន្ត្រី​ក្រសួង​ការងារ តំណាង​កម្មករ និង​មន្ត្រី​សហជីព​ផង។ លោក ឡាយ វណ្ណៈ បាន​អង្វរ​សុំ​ឲ្យ​កម្មករ​បើក​ផ្លូវ ដើម្បី​ឲ្យ​អ្នក​ដំណើរ​អាច​ឆ្លង​កាត់​បាន។

កម្មករ​ភាគ​ច្រើន​បាន​លើក​ដៃ​ឯកភាព​ឲ្យ​មន្ត្រី​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ហៅ​កាត់​ថា ស៊ីខាវឌូ (C-CAWDU) ជា​តំណាង​ចូល​ចរចា​ជំនួស​ពួក​គេ។

ឡាន​ទឹក ២​គ្រឿង ឡាន​ពេទ្យ ១​គ្រឿង និង​កង​កម្លាំង​ប៉ូលិស ប៉េអិម​រាប់​សិប​នាក់ ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​តាម​ផ្លូវ​ខាង​មុខ​រោងចក្រ​នៅ​រសៀល​ថ្ងៃ​ដដែល។

ការ​ចរចា​បាន​អូស​បន្លាយ​រហូត​ដល់​ល្ងាច​ថ្ងៃ​ដដែល ប៉ុន្តែ​មិន​ទាន់​ទទួល​បាន​លទ្ធផល​តាម​ការ​ទាមទារ​របស់​កម្មករ​នៅ​ឡើយ​ទេ ហើយ​កម្មករ​នឹង​បន្ត​កូដកម្ម​ទៀត​នៅ​ថ្ងៃ​ទី២៥ ខែ​កក្កដា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។