កម្មកររោងចក្រស្បែកជើង យូទីហ៊្វុល ស្ព្រីង ហ្វូតវៀ (Beautiful Spring Footwear) ជាង ១ពាន់នាក់ បន្តតវ៉ាសុំឲ្យដកមេការជនជាតិចិន ដែលយកស្បែកជើងគប់លើកម្មការិនីកំពុងមានផ្ទៃពោះជិត ៧ខែម្នាក់ឲ្យរបួស។
កម្មការិនី សំ អុល អាយុ ២២ឆ្នាំ មកពីភូមិថ្មី ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ ថ្លែងថា នៅថ្ងៃកើតហេតុមានភ្ញៀវមកកុម្ម៉ង់ស្បែកជើងពីរោងចក្រ ដោយគាត់ជាប្រធានផ្នែកវេចខ្ចប់ធ្វើការម្នាក់ឯង មិនអាចរៀបស្បែកជើងពីម៉ាស៊ីន ទម្លាក់មកឲ្យខ្ចប់ទាន់ទេ ទើបមានស្បែកជើងខ្លះរត់តាមខ្សែទៅដល់ភ្ញៀវ។ ភ្ញៀវក៏ចាប់លើកស្បែកជើងមើល ហើយគេនិយាយភាសាចិន ជាមួយមេការចិន នោះ ស្រាប់តែមេការនោះយកស្បែកជើងមួយគូ គប់មកលើពោះគាត់ បណ្ដាលឲ្យចុកពោះជាខ្លាំង។ ចាប់ពីថ្ងៃនោះមក កម្មករធ្វើកូដកម្មសុំដកមេការចិន និងសុំឲ្យគោរពស្ត្រីមានផ្ទៃពោះ៖ «គប់ខ្លាំង ពេលគប់ភ្លាមឡើងចុក ទ្រាំមិនបានឡើងយំ។ ពេទ្យអត់ទាន់សន្មតបាន គាត់ថា កូនទាល់តែកើតមកបានដឹងថា វាប៉ះពាល់កន្លែងណា ព្រោះឥឡូវ អេកូគ្រាន់តែឆ្លុះមិនដឹងថាកូននោះវារបួសកន្លែងណាដែរ ប៉ុន្តែវានៅតែចុកៗក្នុងពោះ»។
កម្មករបានតវ៉ាចាប់ពីថ្ងៃទី១៣ ខែមិថុនា មកដល់បច្ចុប្បន្ន។ ក្រៅពីតវ៉ាសុំដកថៅកែ កម្មករក៏មានការតវ៉ាទាមទារឲ្យដាក់កង្ហារ ដាក់ទឹកប្រើប្រាស់ និងឧបត្ថម្ភប្រាក់អត្ថប្រយោជន៍សម្រាប់កម្មករច្រើនចំណុចដែរ។ ក្នុងការតវ៉ារបស់កម្មករ កាលពីថ្ងៃទី២៣ ខែមិថុនា មានការប៉ះទង្គិចរវាងកម្មករ និងសមត្ថកិច្ចខេត្តតាកែវ បណ្ដាលឲ្យកម្មកររបួសស្រាលចំនួន ៥នាក់។
រោងចក្រស្បែកជើង យូទីហ៊្វុល ស្ព្រីង ហ្វូតវៀ មានទីតាំងនៅឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ មានកម្មករបម្រើការនៅរោងចក្រនោះចំនួនជាង ១.៥០០នាក់ បានបើកដំណើរការកាលពីខែមីនា ឆ្នាំ២០១៤ មក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
