កម្មករក្រុមហ៊ុន បានចាម៉ាត ដែលម៉ៅការផលិតស៊ីម៉ង់បន្តឲ្យរោងចក្រ ខេស៊ីមិន (K-Cement) ឬរោងចក្រស៊ីម៉ងត៍ ខេត្តកំពត ជិត ២០០នាក់ យល់ព្រមចូលធ្វើការជាធម្មតាវិញ នៅព្រឹកថ្ងៃសុក្រ ទី១៣ ខែមិថុនា បន្ទាប់ពីធ្វើកូដកម្មមិនចូលធ្វើការកាលពីថ្ងៃម្សិលមិញ ដើម្បីទាមទារប្រាក់អតីតភាពការងារ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ។
លោក យ៉ាន់ ធី ជាអគ្គលេខាធិការសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា ដែលបានចូលរួមសម្របសម្រួលវិវាទនៅក្រុមហ៊ុន ខេស៊ីមិន ឬស៊ីម៉ងត៍ខេត្តកំពត លោកឲ្យដឹងថា បើផ្នែកពាក់ព័ន្ធមិនដោះស្រាយផ្តល់ប្រាក់អតីតភាពការងារជូនពួកគេឲ្យបាន ១០០ភាគរយ នៅថ្ងៃទី១៩ ខែមិថុនា ទេ ក្រុមកម្មករនឹងបន្តធ្វើកូដកម្មជាថ្មីទៀត។
បញ្ហានេះដែរ លោក ឈុន ពៅ ប្រធានសហជីពប្រចាំក្រុមហ៊ុន បានចាម៉ាត និងជាតំណាងកម្មករ ឲ្យដឹងថា ទំនាស់នេះមន្ត្រីមន្ទីរការងារខេត្តកំពត និងភាគីក្រុមហ៊ុន សន្យាផ្តល់ចម្លើយទាមទាររបស់កម្មករនៅថ្ងៃទី១៩ ខែមិថុនា៖ «មន្ទីរការងារខេត្តកំពត ចុះមកផ្សះផ្សាគ្នា ហើយខាងសហជីពខ្ញុំហ្នឹងក៏សំណូមពរសុំឲ្យក្រុមហ៊ុនថ្មី ទូទាត់លុយឲ្យកម្មករចាស់ ៥០ភាគរយ។ អ៊ីចឹងខាងក្រុមហ៊ុនថ្មីហ្នឹងគេអត់ទាន់សម្រេចបែបណាទេ ដោយលើកយកទៅថ្ងៃទី១៩ ខែមិថុនា ហើយគេសុំឲ្យកម្មករនៅក្រុមហ៊ុន បានចាម៉ាត ជាសមាជិកសហជីពរបស់ខ្ញុំហ្នឹង រង់ចាំដល់ថ្ងៃទី១៩ ខែមិថុនា គេនឹងផ្តល់ចម្លើយ ៥០ភាគរយ ហើយសុំឲ្យកម្មករចូលធ្វើការជាធម្មតាវិញសិន រង់ចាំចម្លើយនៅថ្ងៃទី១៩ ខែមិថុនា»។
កាលពីខែមេសា កន្លងទៅនេះ កម្មករក្រុមហ៊ុន បានចាម៉ាត ដែលជាក្រុមហ៊ុនទទួលម៉ៅការផលិតស៊ីម៉ងត៍ឲ្យក្រុមហ៊ុន ខេស៊ីមិន ខេត្តកំពត ធ្លាប់ធ្វើកូដកម្មម្តងរួចមកហើយ ដើម្បីទាមទារឲ្យថៅកែក្រុមហ៊ុនគោរពលក្ខខណ្ឌការងារ ៥ចំណុច ប៉ុន្តែក្រោយមក ថៅកែចេញមុខសម្របសម្រួល ក្រុមកម្មករក៏យល់ព្រមចូលធ្វើការវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
