កម្មករ​កម្មការិនី​ចាក​ចេញ​ទៅ​ស្រុក​កំណើត​ចូល​រួម​បុណ្យ​ភ្ជុំ​បិណ្ឌ

កម្មករ-​កម្មការិនី​រោងចក្រ​កាត់​ដេរ​បាន​ចាប់​ផ្ដើម​ចាកចេញ​ពី​រាជធានី​ភ្នំពេញ ជា​បណ្តើរៗ​ហើយ ដើម្បី​ទៅ​ជួប​ជុំ​គ្រួសារ​នៅ​ជនបទ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​ខាង​មុខ​នេះ។

កម្មករ​ទាំង​នោះ​សម្ដែង​ក្តី​រីករាយ​ពេល​បាន​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ តែ​កម្មករ​ខ្លះ​ក៏​មិន​សប្បាយ​ចិត្ត​ដែរ ពេល​ក្រុមហ៊ុន​កាត់​ប្រាក់​អត្ថប្រយោជន៍​មួយ​ចំនួន​របស់​ពួកគេ​ក្នុង​ពេល​ឈប់​សម្រាក​បុណ្យ​ភ្ជុំបិណ្ឌ។

ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ បុគ្គលិក​រដ្ឋ​និង​ឯកជន​ទាំង​អស់​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ឈប់​សម្រាក​រយៈពេល​បី​ថ្ងៃ គឺ​ថ្ងៃ​ទី​៣ ទី​៤ និង​ទី​៥ ខែ​តុលា ឆ្នាំ​២០១៣។ តែ​សម្រាប់​កម្មករ-​កម្មការិនី​រោងចក្រ​កាត់ដេរ​វិញ ពួកគេ​បាន​ចាប់​ផ្ដើម​ចាកចេញ​ពី​ទីក្រុង​ភ្នំពេញ ទៅ​ស្រុក​កំណើត​តាំង​ពី​ថ្ងៃ​ទី​២ តុលា ដោយសារ​ពួកគេ​ចង់​ទៅ​ជួប​ជុំ​សាច់​ញាតិ​ឲ្យ​បាន​យូរ​ថ្ងៃ។

កញ្ញា អាត អាង មក​ពី​ស្រុក​កងមាស ខេត្ត​កំពង់ចាម សព្វ​ថ្ងៃ​ជា​កម្មការិនី​នៅ​រោងចក្រ ឃ្វីក ស៊ូ (Quick Su) ក្នុង​សង្កាត់​ស្ទឹងមានជ័យ បាន​និយាយ​មុន​ពេល​រៀប​ចេញ​ដំណើរ​ថា ក្រុមហ៊ុន​អនុញ្ញាត​ឲ្យ​កម្មករ​សម្រាក​ចំនួន ៥​ថ្ងៃ រាប់​ទាំង​ថ្ងៃ​អាទិត្យ ទី​៦ តុលា ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ តែ​ក្រុមហ៊ុន​នឹង​កាត់​ប្រាក់​បំណាច់​ប្រចាំ​ឆ្នាំ​ពួក​គេ នៅ​ថ្ងៃ​សម្រាក​ចុង​ក្រោយ ដោយសារ​ថ្ងៃ​ចុង​ក្រោយ​នោះ​មិន​ស្ថិត​ក្នុង​កាលវិភាគ​ថ្ងៃ​ឈប់​សម្រាក​ផ្លូវការ។

កញ្ញា អាត អាង៖ «សាច់​សម្រាក ៤​ថ្ងៃ កាត់​បំណាច់​ឆ្នាំ ១​ថ្ងៃ។ បំណាច់​ឆ្នាំ ១​ថ្ងៃ​គិត​មួយ​ថ្ងៃ​អស់ ៣​រៀល (ដុល្លារ) ជាង ក្នុង ១​ឆ្នាំ បាន ១៩​ថ្ងៃ ធ្វើ​ការ​បាន ៥​ឆ្នាំ​ទៀត បាន ២០​ថ្ងៃ គេ​កាត់ ១​ថ្ងៃ ព្រោះ​យើង​យក​បំណាច់​ឆ្នាំ ១​ថ្ងៃ​ដូរ​១​ថ្ងៃ។ រោងចក្រ​ឲ្យ​ឈប់​តែ ៤​ថ្ងៃ​ទេ ដល់​ពេល​ហើយ​ទៅ​កម្មករ​គេ​ថា ៤​ថ្ងៃ ដូច​វា​តិច​ពេក​ណា ហើយ​ក៏​ស្នើ​សុំ​ដូរ ១​ថ្ងៃ កាត់​បំណាច់​ឆ្នាំ​ទៅ​ប្រាក់​ខែ​នៅ​អត់​តែ​បំណាច់​ឆ្នាំ​ទេ»

បើ​ទោះ​ជា​ត្រូវ​ក្រុមហ៊ុន​កាត់​ប្រាក់​បំណាច់​ឆ្នាំ ១​ថ្ងៃ​ក៏ដោយ មើល​ទៅ​កញ្ញា អាត អាង ហាក់​នៅ​តែ​សប្បាយ​ចិត្ត ព្រោះ​ជិត​បាន​ទៅ​ស្រុក​កំណើត​ជួប​ជុំ​គ្រួសារ។ នៅ​ពេល​ដែល​សួរ​ថា តើ​កញ្ញា​មិន​ស្ដាយ​ទេ​ឬ ពេល​ក្រុមហ៊ុន​កាត់​ប្រាក់​បំណាច់​ឆ្នាំ​១​ថ្ងៃ​ចុង​ក្រោយ​នោះ? កញ្ញា អាត អាង មិន​បាន​ឆ្លើយ​ឡើយ តែ​បែរ​ជា​សើច​កក្អឹក​ទៅ​វិញ។

កម្មការិនី​រូប​នេះ​បន្ថែម​ថា ក្រុមហ៊ុន​បើក​ប្រាក់ខែ​ឲ្យ​កម្មករ​បាន​តែ ៨០% នៃ​ប្រាក់​ខែ​គោល​ប៉ុណ្ណោះ ព្រោះ​ជា​ទូទៅ​កម្មករ​ត្រូវ​ទទួល​ប្រាក់​ខែ​ក្នុង​អំឡុង​ថ្ងៃ​ទី​១០ នៃ​ខែ​នីមួយៗ ហើយ​ដោយសារ​មួយ​សប្ដាហ៍​ទៀត​ទើប​ដល់​ថ្ងៃ​បើក​ប្រាក់​ខែ ដូច្នេះ​ក្រុមហ៊ុន​អាច​បើក​ឲ្យ​តែ ៨០% មុន៖ «គេ​គិត​ឲ្យ​តែ ៨០% ទេ។ ប្រាក់​ខែ​គោល ៨០ (ដុលា្លរ) បើ​គិត​ទៅ​បាន​តែ ៦៤​រៀល​ទេ គិត​ឲ្យ ៨០% ហ្នឹង ចូល​ឆ្នាំ​ជួន​កាល​កាត់​ដែរ កាត់ ២​ថ្ងៃ​ទៅ។ ក្នុង​ឆ្នាំ​ហ្នឹង ចូល​ឆ្នាំ ២​ថ្ងៃ ភ្ជុំ​ហ្នឹង ១​ថ្ងៃ​ទៀត ឡើង ៣​ថ្ងៃ»

ស្រដៀង​គ្នា​នេះ​ដែរ កម្មការិនី​ម្នាក់​ទៀត​មក​ពី​ខេត្ត​ព្រៃវែង ឈ្មោះ លីម សំអូន អាយុ ២១​ឆ្នាំ ដែល​មក​ធ្វើ​ការ​នៅ​ភ្នំពេញ ទើប​បាន​មួយ​ខែ និយាយ​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​បាន​អនុញ្ញាត​ឲ្យ​កញ្ញា​ឈប់​សម្រាក​បាន ៥​ថ្ងៃ។ កញ្ញា​ថា ក្រុមហ៊ុន​បើក​ប្រាក់ខែ​ឲ្យ​កម្មករ ៨០% នៃ​ប្រាក់ខែគោល ព្រោះ​ក្រុមហ៊ុន​ខ្លាច​កម្មករ​មិន​វិល​ត្រឡប់​ចូល​ធ្វើ​ការ​វិញ​ក្រោយ​ភ្ជុំ​បិណ្ឌ។ សម្រាប់​ប្រាក់​ខែ ៨០% កញ្ញា លីម សំអូន ទទួល​បាន ៦០​ដុល្លារ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដើម្បី​ជួប​ជុំ​គ្រួសារ៖ «សប្បាយ​ចិត្ត​បាន​ទៅ​ស្រុក សប្បាយ​ខ្លាំង បាន​ទៅ​ផ្ទះ​ជួប​ម៉ែ​ឪ»

កំពុង​ឈរ​លើ​បណ្ដោយ​ផ្លូវ​វ៉េងស្រេង ដែល​ជា​ផ្លូវ​សំបូរ​ដោយ​រោងចក្រ​កាត់ដេរ​អម​សង​ខាង​នោះ មាន​កម្មការិនី​ម្នាក់​កំពុង​ឈរ​រង់ចាំ​រៀបចំ​ឡើង​រថយន្ត​ឈ្នួល ស្រប​ពេល​ដែល​ម្ចាស់​រថយន្ត​កំពុង​រៀបចំ​ទុក​ដាក់​អីវ៉ាន់​ដើម្បី​ចេញ​ដំណើរ។

​កញ្ញា ចរិយា មក​ពី​ខេត្ត ព្រៃវែង ដែល​កំពុង​រៀបចំ​ឡើង​ឡាន​ទៅ​ស្រុក​កំណើត​នៅ​ខេត្ត​ព្រៃវែង បាន​និយាយ​ថា ក្រុមហ៊ុន​អនុញ្ញាត​ឲ្យ​កម្មករ​ឈប់​សម្រាក ៤​ថ្ងៃ ហើយ​ក្រុមហ៊ុន​ក៏​បាន​បើក​ប្រាក់​ខែ​គោល​ទាំង​អស់​ឲ្យ​កម្មករ​ដែរ។

កញ្ញា ចរិយា ថា​ នាង​បាន​ទទួល​ប្រាក់​ខែ ៨០​ដុល្លារ។ ចរិយា​និយាយ​ដោយ​ស្ទាក់ស្ទើរ​ថា ក្រុមហ៊ុន​នឹង​កាត់​ប្រាក់​បំណាច់​ឆ្នាំ​របស់​នាង​ចំនួន ៤​ថ្ងៃ​ក្នុង​អំឡុង​ថ្ងៃ​ឈប់​សម្រាក​នោះ៖ «គេ​កាត់​លុយ​បំណាច់​ឆ្នាំ​តែម្ដង ព្រោះ​អី​ក្នុង​១​ខែ​អ៊ីចឹង​គេ​ប្រើ​បំណាច់​ឆ្នាំ​បាន ២​ថ្ងៃ អ៊ីចឹង​ពេល​ដែល​បុណ្យ​ចូល​ឆ្នាំ ឬ​ភ្ជុំ​អ៊ីចឹង​ហ្នឹង គេ​ឲ្យ​យើង​ឈប់​តែ​គេ​កាត់​លុយ​យើង​ដដែល។ លុយ​បំណាច់​ឆ្នាំ បើ​សិន​ជា ១​ថ្ងៃ​អ៊ីចឹង​ទៅ កាត់​អស់ ៧​រៀល (៧​ដុល្លារ)។ ...មិន​ស្ដាយ​លុយ តម្រូវ​ចង់​ទៅ​ផ្ទះ​ទៅ​ហើយ»

លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ហៅ​កាត់​ថា ស៊ីខាវឌូ (C-CAWDU) បាន​និយាយ​ថា តាម​ច្បាប់​ការងារ​ក្រុមហ៊ុន​មិន​អាច​កាត់​ប្រាក់​ឈ្នួល ប្រាក់​រង្វាន់ ឬ​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​របស់​កម្មករ​ក្នុង​ពេល​ឈប់​សម្រាក​ចំ​ថ្ងៃ​បុណ្យ​ឡើយ។ តែ​លោក​ថា ប្រសិន​បើ​កម្មករ​ឈប់​លើស​ចំនួន​ថ្ងៃ​ដែល​រដ្ឋ​បាន​កំណត់​ក្រុមហ៊ុន​មាន​សិទ្ធិ​កាត់​ប្រាក់​អត្ថប្រយោជន៍​របស់​គេ​បាន ប៉ុន្តែ​វា​អាស្រ័យ​លើ​ការ​ចរចា​រវាង​ក្រុមហ៊ុន និង​កម្មករ​ថា​តើ​ត្រូវ​កាត់​យ៉ាង​ដូច​ម្ដេច និង​ដោយ​របៀប​ណា​ជាដើម។

លោក អាត់ ធន់៖ «គេ​អាច​ពិភាក្សា​គ្នា​និយោជក​ខ្លះ​គេ​ឲ្យ​ឈប់​ទទេ​អ៊ីចឹង ទៅ​ណា​មិន​គិត​អ៊ីចឹង​ទៅ និយោជក​ខ្លះ​គេ​ឲ្យ​ឈប់​ដែរ តែ​គេ​កាត់​ប្រាក់​បំណាច់​ឆ្នាំ។ អា​ហ្នឹង​អត់​ខុស​ទេ វា​អាស្រ័យ​លើ​ការ​ពិភាក្សា​គ្នា​អាច​ឲ្យ​ឈប់​ដោយ​មិន​កាត់​លុយ​ក៏​បាន អាច​ឲ្យ​ឈប់​ដោយ​ប្ដូរ​បំណាច់​ឆ្នាំ​ក៏​បាន តែ​អា​ស្រ័យ​លើ​ការ​ពិភាក្សា​គ្នា ហើយ​ជា​ទូទៅ​និយោជក​អាច​នឹង​យក​ឱកាស​ចូល​ឆ្នាំ ឬ​បុណ្យ​ភ្ជុំ​បិណ្ឌ​ហ្នឹង ដើម្បី​ផ្ដល់​ពេល​ឈប់​សម្រាក​ឲ្យ​កម្មករ ឬ​បន្ថែម​ដើម្បី​លើក​ទឹក​ចិត្ត ព្រោះ​កម្មករ​ថ្ងៃ​ហ្នឹង ថ្ងៃ​បុណ្យ​សំខាន់​ហើយ។ អ៊ីចឹង​និយោជក​ខ្លះ​គេ​យល់ គេ​យល់​ចិត្ត​កម្មករ គេ​លើក​ទឹក​ចិត្ត​អា​ហ្នឹង តែ​និយោជក​ខ្លះ​គាត់​មិន​ត្រឹម​មិន​យល់​ចិត្ត​ទេ តែ​អ្នក​ខ្លះ​អត់​ឲ្យ​លុយ ឲ្យ​ខ្ចី​ក្នុង​កម្រិត​តិច ហើយ​មិន​ឲ្យ​ឈប់​អ៊ីចឹង​ទៅ អា​នេះ​ជា​បញ្ហា»

ដូច​គ្នា​ទៅ​នឹង​ការ​លើក​ឡើង​របស់​លោក អាត់ ធន់ លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និយាយ​ថា បើ​កម្មករ​ឈប់​លើស​ពី​ចំនួន​ថ្ងៃ​ដែល​បាន​កំណត់​រោងចក្រ​អាច​ដោះដូរ​កាត់​ប្រាក់​បៀវត្ស ឬ​កាត់​ប្រាក់​បំណាច់​ឆ្នាំ​ជាដើម។

ទាក់ទិន​នឹង​ការ​បើក​ប្រាក់​ខែ​ឲ្យ​កម្មករ​មិន​គ្រប់​ទាំង​អស់​សម្រាប់​ទៅ​លេង​ស្រុក​កំណើត​ក្នុង​ពេល​បុណ្យ​វិញ លោក ជា មុនី បាន​ឲ្យ​ដឹង​ថា វា​ជា​កំហុស​របស់​ក្រសួង​ការងារ៖ «ក្រសួង​បាន​ចេញ​ជា​លិខិត​មួយ​ឲ្យ​កម្មករ​ហ្នឹង​ខ្ចី​ក្រុមហ៊ុន គេ​ប្រើ​ពាក្យ​ថា បុរេប្រទាន ប៉ុន្តែ​ជា​ការ​ពិត កម្មករ​គាត់​ត្រូវ​តែ​បើក​លុយ​ប្រាក់​ខែ​គាត់​តែម្ដង មិន​បាច់​ធ្វើ​បុរេប្រទាន​ទេ។ អា​ហ្នឹង​យើង​មើល​ទៅ​ថា ការ​មិន​យក​ចិត្ត​ទុក​ដាក់​របស់​ក្រសួង​ការងារ បើ​ក្រសួង​ការងារ​យក​ចិត្ត​ទុក​ដាក់​ក្រសួង​ត្រូវ​តែ​មើល​ថ្ងៃ​ឈប់​សម្រាក​ដែល​មាន​ថ្ងៃ​ភ្ជុំ​បិណ្ឌ ឬ​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​នេះ​ឯង គាត់​ត្រូវ​ប្រកាស​ហ្មង​ថា ក្រុមហ៊ុន​ត្រូវ​តែ​បើក​លុយ ឬ​ក៏​ត្រូវ​ធ្វើ​យ៉ាង​ណា​បម្រុង​លុយ​ដើម្បី​ទុក​បើក​ឲ្យ​កម្មករ​សម្រាប់​ថ្ងៃ​ភ្ជុំ​បិណ្ឌ​នេះ អ៊ីចឹង​ក្នុង​ករណី​នេះ កម្មករ​ត្រូវ​បាន​លុយ​ប្រាក់​ខែ​គាត់​ពេញ​តែម្ដង»

នៅ​កម្ពុជា ពេល​មាន​ពិធី​បុណ្យ​ប្រពៃណី​ធំៗ​ម្តងៗ ពលរដ្ឋ​ខ្មែរ​នៅ​ភ្នំពេញ ពិសេស​កម្មករ-​កម្មការិនី​ដែល​ធ្វើ​ការ​នៅ​រោងចក្រ​កាត់ដេរ តែង​វិល​ត្រឡប់​ទៅ​ភូមិឋាន​ជួបជុំ​គ្រួសារ​វិញ បើ​ទោះ​ជា​ពេល​ខ្លះ​ពួក​គេ​ពុំ​សូវ​មាន​លុយ​កាក់ ឬ​ទទួល​បាន​ប្រាក់​ខែ​គ្រប់គ្រាន់​ពី​ក្រុមហ៊ុន​ក៏ដោយ។ ឯ​អ្នក​ខ្លះ​ទៀត បើ​ទោះ​ជា​ដឹង​ខ្លួន​ថា ពេល​ត្រឡប់​មក​វិញ លុយ​ដែល​នៅ​សល់​ពី​ការ​ចំណាយ​នៅ​ស្រុក​កំណើត​មិន​អាច​ចាយ​ឲ្យ​គ្រប់គ្រាន់​ដល់​ពេល​បើក​ប្រាក់​ខែ​ថ្មី​ក៏ដោយ ក៏​ត្រូវ​តែ​ទៅ​លេង​ស្រុក​សិន​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។