សមាជិក​គណៈកម្មការ​ប្រឹក្សា​ការងារ​ប្រកាន់​ជំហរ​ទាមទារ​ប្រាក់​ឈ្នួល​កម្មករ​១៧៧​ដុល្លារ

0:00 / 0:00

ដំណើរ​ការ​ដោះស្រាយ​ដំឡើង​ប្រាក់​ឈ្នួល​គោល​ឲ្យ​កម្មករ​ផ្នែក​វាយនភណ្ឌ​កាត់​ដេរ​សម្លៀកបំពាក់ កំពុង​ស្ថិត​នៅ​ក្នុង​ការ​ចរចា​ពី​តួលេខ​ប្រាក់​ឈ្នួល​ជាក់​លាក់ ដែល​ស្នើ​ដោយ​ក្រុម​សហជីព​ជា​តំណាង​កម្មករ​ដាក់​ជូន​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការងារ នៅ​ថ្ងៃ​ទី​២២ ខែ​សីហា។

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​កោះ​អញ្ជើញ​សមាជិក​គណៈកម្មការ​ប្រឹក្សា​ការងារ ដើម្បី​ពិភាក្សា​លើ​ទិន្នន័យ​មួយ​ចំនួន ដើម្បី​កំណត់​ប្រាក់​ឈ្នួល​ជូន​កម្មករ​សម្រាប់​ឆ្នាំ​២០១៥។

សមាជិក​គណៈកម្មការ​ប្រឹក្សា​ការងារ បាន​ប្រកាន់​ជំហរ​របស់​ខ្លួន​ក្នុង​ការ​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល ១៧៧​ដុល្លារ ដាក់​ជូន​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ជា​ថ្មី​ម្ដង​ទៀត មុន​នឹង​ឈាន​ទៅ​ដល់​កិច្ច​ប្រជុំ​ត្រី​ភាគី សម្រេច​ដំឡើង​ប្រាក់​ឈ្នួល​ជូន​កម្មករ​សម្រាប់​ឆ្នាំ​២០១៥ ខាង​មុខ។

អនុ​ប្រធាន​គណៈកម្មការ​ប្រឹក្សា​ការងារ លោក ជួន មុំថុល ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២២ សីហា បន្ទាប់​ពី​កិច្ច​ប្រជុំ​ជាមួយ​ក្រសួង​ការងារ ថា សមាជិក​គណៈកម្មការ​ប្រឹក្សា​ការងារ​ដែល​មាន​សហជីព​ចំនួន​៧ ជា​សមាជិក បាន​បង្ហាញ​របាយការណ៍ និង​ដាក់​តួលេខ​នៃ​ការ​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​គោល​របស់​កម្មករ​ចំនួន ១៧៧​ដុល្លារ​ក្នុង​មួយ​ខែ ទៅ​រដ្ឋមន្ត្រី​ក្រសួង​ការងារ ដើម្បី​ស្នើ​សុំ​អនុសាសន៍​ត្រឡប់​មក​វិញ។

លោក ជួន មុំថុល៖ «និយាយ​រួម​ទៅ ភាគី​កម្មករ​បាន​ដាក់​តួលេខ​មួយ​ជូន​រដ្ឋាភិបាល​រួច​ហើយ គឺ​យើង​នឹង​ស្នើសុំ​ការ​ចរចា​នូវ​ចំនួន​១៧៧ យើង​បាន​ចរចា​គ្នា​ជាមួយ​និយោជក ហើយ​យើង​យក​តួលេខ​ហ្នឹង​ជូន​រដ្ឋាភិបាល​ស្នើសុំ​ការ​គាំទ្រ​ពី​រដ្ឋាភិបាល ហើយ​ស្នើសុំ​ការ​សម្រប​សម្រួល​ពី​រដ្ឋាភិបាល​អាច​ចុះ​នូវ​ចំនួន​ណា​មួយ ដែល​ភាគី​កម្មករ​អាច​ទទួល​យក​បាន។ យើង​នឹង​ទទួល​យក យើង​មិន​មែន​រឹងត្អឹង​នៅ​លើ​តួលេខ​ហ្នឹង​ទេ»

ការ​លើក​ឡើង​នេះ បន្ទាប់​ពី​ក្រសួង​ការងារ បាន​កោះ​ហៅ​សមាជិក​គណៈកម្មការ​ក្រុម​ប្រឹក្សា​ការងារ នៅ​ថ្ងៃ​ទី​២២ ខែ​សីហា ឲ្យ​ចូលរួម​ប្រជុំ​ទ្វេ​ភាគី​ជាមួយ​ភាគី​រដ្ឋាភិបាល នៅ​ក្រសួង​ការងារ ដើម្បី​ពិភាក្សា​លើ​ទិន្នន័យ​មួយ​ចំនួន ដើម្បី​យក​ជា​ធាតុ​ចូល​ក្នុង​ការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយនភណ្ឌ​កាត់​ដេរ​សម្លៀកបំពាក់ និង​ផលិត​ស្បែក​ជើង​ឆ្នាំ​២០១៥។

ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ហៅ​កាត់​ថា ស៊ីខាវឌូ (CCAWDU) លោក អាត់ ធន់ ដែល​បាន​ចូល​កិច្ច​ប្រជុំ​នេះ​ដែរ មាន​ប្រសាសន៍​ថា នេះ​ជា​ដំណើរ​ការ​ល្អ​នៃ​ការ​ចរចា​ដំឡើង​ប្រាក់​ឈ្នួល​ជូន​កម្មករ។ លោក​បញ្ជាក់​ថា មាន​ចំណុច​ពីរ​ដែល​មិន​ទាន់​ត្រូវរ៉ូវ​គ្នា គឺ​ការ​ដំឡើង​ប្រាក់​ឈ្នួល និង​ពេល​វេលា​នៃ​ការ​អនុវត្ត​ដំឡើង ដែល​សហជីព​ចង់​ឲ្យ​អនុវត្ត​នៅ​ថ្ងៃ​ទី​១ ខែ​តុលា ឆ្នាំ​២០១៤ ហើយ​រដ្ឋាភិបាល​ចង់​អនុវត្ត​នៅ​ឆ្នាំ​២០១៥។ ក៏ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា សហជីព​ចង់​ឲ្យ​រដ្ឋាភិបាល​ជំរុញ​ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្រិត​មួយ ដែល​កម្មករ​អាច​រស់នៅ​សមរម្យ នៅ​ចំ​ពេល​ដែល​សមាគម​និយោជក អ្នក​បញ្ជា​ទិញ និង​ស្ថាប័ន​ពាក់ព័ន្ធ កំពុង​បើក​ភ្លើង​ខៀវ​ចង់​ឲ្យ​មាន​ដំណោះស្រាយ​រួម​នោះ។

លោក អាត់ ធន់៖ «ហ្នឹង​ជា​ឱកាស​ដែល​រដ្ឋាភិបាល​ត្រូវ​តែ​ពិនិត្យ​យ៉ាង​ណា ដើម្បី​ឡើង​បាន​សមរម្យ បើ​ពេល​មុន​ខាង​និយោជក​អត់​ចូល​ជួប (Buyers) អ្នក​បញ្ជា​ទិញ​មិន​បង្ហាញ​ជំហរ​មាន​បញ្ហា​អី​ច្រើន​ទៀត ដល់​ពេល​នេះ​គ្រប់​ភាគី​នឹង​ចូលរួម​នៃ​ការ​ជជែក​ហ្នឹង​ឯង នេះ​ជា​ឱកាស​របស់​រដ្ឋាភិបាល​ក្នុង​ការ​កំណត់​ប្រាក់​ឈ្នួល​មួយ​សមរម្យ​សម្រាប់​ប្រទេស​កម្ពុជា​ហើយ»

លទ្ធផល​ស្រាវជ្រាវ​របស់​រដ្ឋាភិបាល​បាន​សិក្សា​កាល​ពី​ចុង​ឆ្នាំ​២០១២ រក​ឃើញ​ថា ប្រាក់​ខែ​គោល​របស់​កម្មករ អាច​នឹង​ទទួល​បាន​ពី​ចន្លោះ ១៥៧​ដុល្លារ ទៅ ១៧៧​ដុល្លារ ដើម្បី​អាច​រស់នៅ​បាន​សមរម្យ។ ប៉ុន្តែ​ជា​លទ្ធផល ក៏​សម្រេច​ដំឡើង​ឲ្យ​ដល់​កម្មករ​បាន​ត្រឹម ១០០​ដុល្លារ​តាំង​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៤ មក។

កាល​ពី​សប្ដាហ៍​មុន សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា បាន​ព្រមព្រៀង​ដំឡើង​ប្រាក់​ខែ​ឲ្យ​កម្មករ​ក្នុង​វិស័យ​កាត់​ដេរ​ចំនួន ១៥​ដុល្លារ​បន្ថែម​ទៀត​លើ​ប្រាក់​ខែ​បច្ចុប្បន្ន សម្រាប់​ឆ្នាំ​២០១៥។ ប៉ុន្តែ​ខាង​សហជីព​បដិសេធ និង​ទទូច​ទាមទារ ១៧៧​ដុល្លារ។ ភាគី​ពាក់ព័ន្ធ នឹង​ជួប​ពិភាក្សា​គ្នា រួម​ទាំង​បើក​សិក្ខា​សាលា​ជាច្រើន​លើក​ទៀត មុន​នឹង​ឈាន​ទៅ​ដល់​កិច្ច​ប្រជុំ​ត្រី​ភាគី ដើម្បី​សម្រេច​ចរចា​ដំឡើង​ប្រាក់​ឈ្នួល​នៅ​អំឡុង​ខែ​កញ្ញា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។