អាជ្ញាធរខេត្តសៀមរាប និងអ្នកគ្រប់គ្រងក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិ ខេមស៍ (CAMS) បានព្យាយាមជួបសម្របសម្រួលជាមួយក្រុមបុគ្គលិកពីរបីថ្ងៃមកនេះ ដើម្បីឲ្យបញ្ឈប់ការធ្វើកូដកម្មប្រឆាំងអ្នកគ្រប់គ្រងតទៅទៀត។
ក៏ប៉ុន្តែ ក្រុមអ្នកធ្វើកូដកម្មរិះគន់ថា ការជួបចរចាគ្នាជាច្រើនលើកមកនោះ មិនបង្ហាញពីឆន្ទៈពិតប្រាកដដែលអាចឲ្យពួកគេទទួលយកបានផលប្រយោជន៍នៅឡើយទេ។
ក្រុមបុគ្គលិកកម្មករជាង ១០០នាក់នៃព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប នៅតែបន្តធ្វើកូដកម្មខាងមុខខ្លោងទ្វារច្រកចូលរយៈពេល ៤ថ្ងៃមកហើយ រហូតមកដល់ថ្ងៃព្រហស្បតិ៍ ទី២៧ ខែវិច្ឆិកា។
ពួកគេព្រមានថា ប្រសិនបើអ្នកគ្រប់គ្រងក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិ ខេមស៍ មិនព្រមទទួលយកការទាមទាររបស់កម្មករដោយមានលក្ខខណ្ឌជាលាយលក្ខណ៍អក្សរទេ គឺគេនឹងបន្តធ្វើកូដកម្មមិនបញ្ឈប់ឡើយ។
ក្រុមបុគ្គលិកកម្មករនៃព្រលានយន្តហោះជាង ១០០នាក់ បានចាប់ផ្ដើមធ្វើកូដកម្មតាំងតែពីថ្ងៃទី២៤ ខែវិច្ឆិកា ដោយគេចោទប្រកាន់អ្នកគ្រប់គ្រងជនជាតិបារាំង ថាបានរំលោភលើសិទ្ធិការងារលើកម្មករខ្មែរជាច្រើនចំណុច។
កាលពីថ្ងៃទី២៥ ខែវិច្ឆិកា បន្ទាប់ពីកូដកម្មផ្ទុះឡើង អាជ្ញាធរខេត្តសៀមរាប និងអ្នកគ្រប់គ្រងក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិ បានជួបជជែកជាមួយតំណាងកម្មករ ព្រមទាំងស្នើសុំឲ្យបញ្ឈប់ការធ្វើកូដកម្ម ក៏ប៉ុន្តែក្រុមកម្មករបានទាត់ចោលការស្នើសុំនោះ។
តំណាងកម្មករនៃព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប ម្នាក់ក្នុងចំណោមតំណាងកម្មករ ៦នាក់ផ្សេងទៀតដែលចូលរួមចរចា គឺលោក សួន ចំណាន។ លោកមានប្រសាសន៍ថា នៅក្នុងពេលជួបចរចាកាលពីថ្ងៃទី២៥ ខែវិច្ឆិកា កន្លងទៅ អភិបាលខេត្តសៀមរាប បានស្នើឲ្យក្រុមបុគ្គលិកនៃព្រលានយន្តហោះ ឈប់ធ្វើកូដកម្មតទៅទៀត ពីព្រោះអាជ្ញាធរខេត្តមិនចង់ឲ្យលេចឮបញ្ហានៅតាមប្រព័ន្ធផ្សព្វផ្សាយទេ។ តំណាងកម្មករដដែលបញ្ជាក់ថា ឆ្លើយតបនឹងការស្នើសុំនោះ គឺអាជ្ញាធរខេត្ត និងអ្នកគ្រប់គ្រងក្រុមហ៊ុនអាកាសយានដ្ឋាន សន្យាថានឹងទទួលយកការទាមទាររបស់ក្រុមបុគ្គលិកកម្មករដែលចង់បាន ក៏ប៉ុន្តែកម្មករនៅតែមិនសុខចិត្តបញ្ឈប់ការធ្វើកូដកម្មឡើយ ដោយសារតែការសន្យារបស់អ្នកគ្រប់គ្រងមិនមានលាយលក្ខណ៍អក្សរ។
តំណាងកម្មករដដែលបញ្ជាក់ថា នៅពេលដែលរូបគាត់ និងតំណាងទាំងអស់ បញ្ចប់ការសម្របសម្រួលជាមួយអាជ្ញាធរ គឺក្រុមកម្មករមិនយល់ព្រមបញ្ឈប់ការធ្វើកូដកម្មតាមការស្នើសុំរបស់អាជ្ញាធរនោះទេ ពីព្រោះការសន្យាក្នុងកិច្ចប្រជុំជាមួយអាជ្ញាធរនោះ មិនមានកំណត់ហេតុជាលាយលក្ខណ៍អក្សរ។
បុគ្គលិក និងកម្មករនៃព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប បញ្ជាក់ឲ្យដឹងពីបំណងរបស់ពួកគេ ដែលមិនព្រមបញ្ឈប់ធ្វើកូដកម្មនោះប្រហាក់ប្រហែលគ្នា។
កញ្ញា ប៉ុល មក៌ត គឺជាអ្នកដែលចូលរួមធ្វើកូដកម្មនោះ មានប្រសាសន៍ថា នាងមិនអាចជឿជាក់លើការសន្យារបស់អ្នកគ្រប់គ្រងក្រុមហ៊ុនអាកាសយានដ្ឋាន ដែលនិយាយផ្ទាល់មាត់ដោយគ្មានលាយលក្ខណ៍អក្សរនោះឡើយ ពីព្រោះជាច្រើនលើកមកហើយ ខាងក្រុមហ៊ុនតែងប្រើវិធីសាស្ត្រនេះ ក៏ប៉ុន្តែផ្ទុយទៅវិញ មិនមានលទ្ធផលអ្វីទេ។ កញ្ញា ប៉ុល មក៌ត មានប្រសាសន៍ទៀតថា ក្រុមបុគ្គលិកកម្មករកំពុងទាមទារឲ្យក្រុមហ៊ុន ទទួលយកសំណើចំនួន ៧ចំណុច ហើយបើក្រុមហ៊ុនពិតជាមានឆន្ទៈចង់ដោះស្រាយផលប្រយោជន៍កម្មករមែន មិនចាំបាច់ដល់ទៅទទួលយកការទាមទារគ្រប់ចំណុចទាំងអស់ឡើយ គឺគ្រាន់តែទទួលយក ពីរបីមកដោះស្រាយមុន ក៏កម្មករសុខចិត្តដែរ។
ចាប់តាំងតែពីចុងឆ្នាំ២០១៣ មក ទំនាស់រវាងបុគ្គលិកកម្មករនៃព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប ជាមួយនិងអ្នកគ្រប់គ្រងក្រុមហ៊ុន បានកើតឡើង។ កាលណោះ ក្រុមបុគ្គលិកកម្មករ បានទាមទារឲ្យអ្នកគ្រប់គ្រងក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិ ដែលជាជនជាតិបារាំង គោរពតាមលក្ខខណ្ឌ ៧ចំណុច ដូចជាឲ្យក្រុមហ៊ុនបញ្ឈប់ការជួលបុគ្គលិកពីខាងក្រៅមកធ្វើការ ឲ្យក្រុមហ៊ុនពិនិត្យមើលឡើងវិញលើប្រាក់បៀវត្សរបស់បុគ្គលិកផ្នែកបើកបរ ទាមទារឲ្យក្រុមហ៊ុនត្រូវបើកប្រាក់ឧបត្ថម្ភថ្លៃអាហារផ្សេងពីប្រាក់ខែជៀសវាងរដ្ឋកាត់យកពន្ធ និងទាមទារឲ្យក្រុមហ៊ុនទទួលយកបុគ្គលិកម្នាក់ឈ្មោះ និន កុសល មកត្រឡប់ចូលធ្វើការវិញ និងទាមទារឲ្យក្រុមហ៊ុនដកអ្នកគ្រប់គ្រងជនជាតិខ្មែរ ពីរនាក់ ចេញពីតំណែង និងឲ្យក្រុមហ៊ុនបញ្ចប់ពហុជំនាញ ដោយប្រើបុគ្គលិកម្នាក់ឲ្យធ្វើការងារច្រើនមុខ ជាដើម។
ទោះយ៉ាងណា អ្នកគ្រប់គ្រងក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិ ខេមស៍ នៅតែព្យាយាមច្រានចោលការសុំអធិប្បាយជុំវិញបញ្ហានេះ។
អគ្គលេខាធិការរបស់ក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិ ដែលតែងចូលរួមការសម្របសម្រួលគ្នាជាមួយកម្មករ លោក ហ្វ្រង់ស្វ័រ (Frangios) បានបដិសេធមិនធ្វើការអធិប្បាយយ៉ាងណាឡើយ ដោយលោកជំរុញឲ្យសួរទៅនាយកផ្នែកទំនាក់ទំនងសាធារណៈវិញ៖ «សូមកុំទូរស័ព្ទមកលេខនេះ ខ្ញុំនឹងឲ្យលេខទូរស័ព្ទផ្សេងទៀត ដែលលោកអាចសាកសួរបាន។ លោកអាចទូរស័ព្ទទៅនាយកផ្នែកទំនាក់ទំនងសាធារណៈ»។
ចំណែកអ្នកគ្រប់គ្រងផ្នែកធនធានមនុស្សរបស់ក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិ លោក ផន ដា មានប្រសាសន៍ថា លោកមិនដឹងអំពីបញ្ហានៅខេត្តសៀមរាប ទេ ពីព្រោះលោកនៅឯទីក្រុងភ្នំពេញ។ លោក ផន ដា ជំរុញឲ្យសួររឿងនេះទៅអ្នកគ្រប់គ្រងផ្នែកធនធានមនុស្សក្នុងខេត្តសៀមរាប វិញ។
អង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាល សម្ដែងការព្រួយបារម្ភចំពោះកូដកម្មដែលនៅតែបន្តដោយគ្មានដំណោះស្រាយនោះ។
អ្នកស៊ើបអង្កេតសមាគមការពារសិទ្ធិមនុស្សអាដហុក (adhoc) ខេត្តសៀមរាប ដែលតាមឃ្លាំមើលកូដកម្មរបស់បុគ្គលិកនៃព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប គឺលោក សួស ណារិន មានប្រសាសន៍ថា អាជ្ញាធរគួរតែដោះស្រាយរឿងនេះឲ្យចប់បានឆាប់រហ័ស។ លោកថា ប្រសិនបើក្រុមកម្មករនៅតែបន្តធ្វើកូដកម្មនោះ លោកព្រួយបារម្ភចំពោះអំពើហិង្សាអាចនឹងកើតឡើងពេលណាមួយ។
កាលពីរសៀលថ្ងៃទី២៧ ខែវិច្ឆិកា មន្ត្រីមកពីរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល អាជ្ញាធរខេត្តសៀមរាប មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត និងនាយកក្រុមហ៊ុនអាកាសយានដ្ឋាន ព្រមទាំងតំណាងកម្មករ បានជួបប្រជុំស្វែងរកដំណោះស្រាយជាមួយគ្នាសាជាថ្មីទៀត ក៏ប៉ុន្តែលទ្ធផលនៃដំណោះស្រាយយ៉ាងណានោះ គឺមិនទាន់ដឹងនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
