កម្មករជិត ២០០នាក់ក្នុងចំណោម ៤០០នាក់នៅរោងចក្រ ភើមៀរ (Pemir) ស្ថិតនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានបន្តធ្វើកូដកម្មមិនចូលធ្វើការ ខណៈកម្មករជាង ១០០នាក់ បោះបង់ការតវ៉ាដោយសារភ័យខ្លាចការគំរាមកំហែងរបស់ថៅកែរោងចក្រនៅពេលកម្លាំងកងរាជអាវុធហត្ថជាច្រើននាក់ត្រូវពង្រាយនៅខាងមុខរោងចក្រ។
មន្ត្រីសហព័ន្ធសហជីពចលនាកម្មករ លោក ឈឹង សុផារី ថ្លែងនៅថ្ងៃទី២ ឧសភា ថា កម្មករបានបន្តធ្វើកូដកម្មដោយឈរទាមទារឲ្យថៅកែគោរពលក្ខខណ្ឌការងារនៅខាងមុខរោងចក្រ ប៉ុន្តែភាគីរោងចក្របានបញ្ជូនកម្លាំងកងរាជអាវុធហត្ថប្រមាណ ២០នាក់ ប្រដាប់ដោយកាំភ្លើង មកបំបែកមិនឲ្យកម្មករតវ៉ា ប៉ុន្តែពុំបណ្ដាលឲ្យប៉ះទង្គិច ឬរងរបួសធ្ងន់ធ្ងរនោះទេ។ លោកថា កម្មករមួយចំនួនក្នុងចំណោមអ្នកតវ៉ា បានចូលធ្វើការវិញនៅរសៀលថ្ងៃដដែល ដោយបារម្ភខ្លាចថាថៅកែមិនបើកប្រាក់ឈ្នួលឲ្យពួកគេ នៅថ្ងៃទី១០ ខែឧសភា ខាងមុខនេះ។
លោក ឈឹង សុផារី៖ «និយាយរួមទៅខាងរោងចក្រហ្នឹងព្យាយាមគំរាមកំហែងពួកគាត់ឲ្យចូលធ្វើការ ព្រោះកន្លងមកទី១ ប្រើមានក្មេងមានអីមកកាន់ដាវកាន់សាំម៉ារ៉ៃ។ ព្រឹកមិញនេះខាងរោងចក្រជួលខាងទាហានមកដើម្បីបំបែកពួកគាត់ វាយពួកគាត់ ធ្វើឲ្យកម្មករទាំងអស់គាត់បាក់ទឹកចិត្តក្នុងការតវ៉ា ហើយក្រុមហ៊ុនគេគ្មានដោះស្រាយឲ្យពួកគាត់។ ទាហានប្រហែល ២០នាក់ មកពីតាមខ្ញុំដឹងទៅពីង៧០ ខាងក្រុមហ៊ុនគេអ្នកបញ្ជូនមកគំរាមកំហែងរកបាញ់ពួកគាត់ ហើយបានទះកំផ្លៀងកម្មករម្នាក់ ហើយពួកគាត់ឈូរទៅរកអ៊ីចឹងទៅ គេគំរាមបាញ់គំរាមអីអ៊ីចឹង ពួកគេមិនតស៊ូនឹងគេកើត គេអត់គេមានកាំភ្លើងនៅដៃ អត់មានរបួសអីទេ គ្រាន់តែគេវាយដាច់មុខដាច់មាត់បន្តិច»។
កម្មករបានស្នើសុំ ៤ចំណុចទៅក្រុមហ៊ុន ទី១គឺសុំឲ្យក្រុមហ៊ុនកុំបញ្ឈប់កម្មករដែលគ្មានកំហុស និងទទួលយកកម្មករ ៤០នាក់នោះចូលធ្វើការវិញ។ ទី២ សុំឲ្យក្រុមហ៊ុនផ្ដល់លុយបាយថ្ងៃត្រង់ ២ពាន់រៀល។ ទី៣ សុំឲ្យក្រុមហ៊ុនរក្សាប្រាក់ឈ្នួល និងប្រាក់រង្វាន់ក្នុងពេលធ្វើកូដកម្ម និងទី៤ ស្នើសុំឲ្យក្រុមហ៊ុនកុំបង្ខំកម្មករឲ្យធ្វើការថែមម៉ោង។
កាលពីថ្ងៃទី២៣ និងថ្ងៃទី២៤ មេសា ភាគីរោងចក្រ និងមន្ត្រីក្រសួងការងារ ធ្លាប់បានចរចាសម្របសម្រួលជាមួយកម្មករម្ដងរួចមកហើយ ដោយខាងក្រុមហ៊ុនយល់ព្រមទទួលយកសំណើ ២ចំណុច ក្នុងចំណោម ៤ចំណុចដែលកម្មករទាមទារ គឺនឹងមិនបញ្ឈប់កម្មករដែលគ្មានកំហុស ហើយទទួលយកកម្មករ ៤០នាក់ចូលធ្វើការវិញ និងចំណុចយល់ព្រមមកទៀត គឺថាក្រុមហ៊ុននឹងមិនបង្ខំកម្មករឲ្យធ្វើការថែមម៉ោងទៀតទេ។ ប៉ុន្តែកម្មករចង់ឲ្យក្រុមហ៊ុនទទួលយកទាំង ៤ចំណុច។
យ៉ាងណាក៏ដោយ កម្មករមួយចំនួនអះអាងថា ពួកគេបានធ្វើកូដកម្មតាំងពីថ្ងៃទី២៣ ខែមេសា មកដល់ថ្ងៃទី២ ឧសភា ហើយនឹងនៅតែបន្តធ្វើកូដកម្មទៀតរហូតភាគីរោងចក្រយល់ព្រមតាមការទាមទារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
