កម្មកររោងចក្រកាត់ដេរ និងស្បែកជើងចំនួន៣ នៅក្នុងខេត្តចំនួន២ គឺខេត្តកំពង់ស្ពឺ និងខេត្តតាកែវ បន្តធ្វើកូដកម្មចំនួន ២សប្ដាហ៍មកហើយ មិនមានដំណោះស្រាយដល់ថ្ងៃទី២២ ខែឧសភា ខណៈនៅរោងចក្រកាត់ដេរមួយឈ្មោះ ហុង សេន ថេកថាយ៍ (Hong Sen Textile) ថៅកែបានព្រមដោះស្រាយតាមការទាមទាររបស់កម្មករ ហើយកម្មករព្រមចូលធ្វើការវិញ។
អនុប្រធានសហព័ន្ធសហជីពការងារដើម្បីកម្ពុជា អ្នកស្រី កែវ ដាវី ថ្លែងនៅថ្ងៃទី២២ ខែឧសភា ថា ថៅកែរោងចក្រកាត់ដេរ ហុង សេន ថេកថាយ៍ យល់ព្រមដោះស្រាយសំណើរបស់កម្មករគ្រប់ចំណុចដែលទាមទារ មានដូចជា សុំដំឡើងប្រាក់ឈ្នួលដល់ ៨០ដុល្លារ តាមការប្រកាសរបស់រាជរដ្ឋាភិបាលសុំកុំឲ្យបំបាត់ប្រាក់ថែមម៉ោង និងសុំឲ្យតំណាងសហជីពទាំង ២រូប គឺអ្នកស្រី ហ្វា ស៊ីម៉ាស និងអ្នកស្រី កែវ ដាវី ដែលរោងចក្រព្យួរការងារបានចូលធ្វើការវិញជាដើម៖ «រោងចក្រហ្នឹង ពេលណាអាវប្រញឹក គាត់ដឹងតែបង្ខំតែម្តង ទោះបីសុំច្បាប់ក៏គាត់អត់ឲ្យដែរ។ បាត់លុយម៉ោង អ្នកធ្វើទើសភ្លឺអីចឹង ជួនកាលបាត់ដល់ ៥៥ម៉ោង ៧៥ម៉ោង ក៏មានដែរ តែគេសងលុយយើងគ្រប់ចំនួនវិញ ហើយគេសន្យាជាមួយយើងថាគេមិនឲ្យមានបញ្ហាបែបហ្នឹងកើតឡើងទៀតទេ»។
នៅគ្រាដែលកម្មកររោងចក្រកាត់ដេរ ហុង សេន ថេកថាយ៍ ជាង ៧០០នាក់ ចូលធ្វើការហើយនោះ នៅក្នុងខេត្តតាកែវ នោះដែរ កម្មកររោងចក្រស្បែកជើង វីន មេកស៊ូ (Wing Mag Shoes) ជាង ៧០០នាក់ផ្សេងទៀត កំពុងអង្គុយតវ៉ានៅមុខរោងចក្រតាមផ្លូវជាតិលេខ៣ រង់ចាំលទ្ធផលប្រជុំការដោះស្រាយសំណើជាង ១០ចំណុច ដែលពាក់ព័ន្ធផលប្រយោជន៍កម្មករ។
តំណាងសហព័ន្ធសហជីពការងារដើម្បីកម្ពុជា លោក សាន ថាយ ថ្លែងថា សំណើរបស់កម្មករ ១៨ចំណុច សហជីពនេះកំពុងប្រជុំជាមួយថៅកែរោងចក្រស្បែកជើង វីន មេកស៊ូ។ ការប្រជុំកំពុងចរចាមួយចំណុចម្តង ដែលមកដល់ពេលនេះមិនទាន់បញ្ចប់នៅឡើយ។
នៅឯខេត្តកំពង់ស្ពឺ វិញ កម្មករជាង ៤ពាន់នាក់ នៅរោងចក្រកាត់ដេរ សាប្រ៊ីណា (Sabrina) និងកម្មករផលិតស្បែកជើងជាង ៧០០នាក់ នៅរោងចក្រ ប្រាយសិន (Bright Senfe) ដែលស្ថិតក្នុងឃុំត្រពាំងគង ស្រុកសំរោងទង កំពុងបន្តកូដកម្មសុំដំឡើងប្រាក់ខែ ១៤ដុល្លារ សុំដាក់កង្ហារបន្ថែម និងសុំទឹកស្អាតសម្រាប់កម្មករផឹកជាដើម។
ប្រធានការិយាល័យដោះស្រាយវិវាទការងារ ខេត្តកំពង់ស្ពឺ លោក ចឹក បូរិន ថ្លែងថា តាមការចុះសម្របសម្រួលថ្ងៃទី២២ ខែឧសភា ការធ្វើកូដកម្មរបស់កម្មករទាំង ២ក្រុមហ៊ុន មានរោងចក្រកាត់ដេរ សាប្រ៊ីណា និងរោងចក្រស្បែកជើង ប្រាយសិន មិនពាក់ព័ន្ធផ្លូវច្បាប់ទេ គឺកម្មករបានទាមទារផលប្រយោជន៍កម្មករតែម្តង បើទោះបីជាថៅកែក្រុមហ៊ុនទាំង២នោះខិតខំគោរពច្បាប់ការងារកម្ពុជា ក៏ដោយ៖ «ឧទាហរណ៍ ក្រុមហ៊ុន សាប្រ៊ីណា គាត់ឲ្យប្រាក់ខែគោលរហូតដល់ ៩៥ដុល្លារ ហើយកម្មករគាត់ទារថែម ១៤ដុល្លារទៀត រដ្ឋាភិបាលកំណត់តែ ៨០ដុល្លារទេ។ លុយបាយថ្ងៃត្រង់ រដ្ឋាភិបាលអត់មានចែងទេ តែគាត់ទារ ១ដុល្លារ ហើយក្រុមហ៊ុនគាត់ឲ្យដល់ ១២ដុល្លារហើយ»។
តំណាងសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំរោងចក្រ សាប្រ៊ីណា លោក ស៊ុន វនី្ន ថ្លែងថា កម្មករនៅតែទាមទារសុំឲ្យថៅកែផ្តល់ប្រាក់បន្ថែម ១៤ដុល្លារ ពីលើប្រាក់ឈ្នួលដែលកម្មករទទួលបានប្រចាំខែ៖ «ដោយសារតែមិនមានការចរចា កម្មករនៅតែបន្តធ្វើកូដកម្មដដែល។ នៅក្នុងការដាក់សំណើទាមទារនោះ គឺទាមទារ ៩ចំណុច។ ចំណុចដែលបងប្អូនកម្មករគាត់ទាមទារក្តៅគគុក គឺចំណុច ១៤ដុល្លារ ប្រាក់ខែគោលបន្ថែមហ្នឹងតែម្តង»។
ចំណែកតំណាងកម្មករនៅរោងចក្រស្បែកជើង ប្រាយសិន លោក ជួប សារិន ថ្លែងថា កម្មករបានទាមទារមិនឲ្យថៅកែដកប្រាក់សុខភាព ៥ដុល្លារ និងសុំដំឡើងប្រាក់ថ្លៃបាយជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
