កម្មករជិត ២ពាន់នាក់នៃរោងចក្រផលិតស្បែកជើង អ៊ិ ចេង (I-CHENG) ដែលមានទីតាំងឋិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ភូមិតាំងដូង ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ បានតវ៉ានៅខាងមុខរោងចក្រ ដោយមិនព្រមចូលធ្វើការ ៣ថ្ងៃជាប់គ្នា ដើម្បីទាមទារឲ្យថ្នាក់ដឹកនាំសហជីពបានចូលធ្វើការវិញ និងគោរពលក្ខខណ្ឌការងារល្អ។
ការតវ៉ាជាច្រើនថ្ងៃនោះ ដោយសារតែថៅកែរោងចក្រមិនព្រមទទួលយកសំណើរបស់ពួកគេ។
កម្មកររោងចក្រផលិតស្បែកជើង អ៊ិ ចេង ចោទប្រកាន់ថា ថៅកែក្រុមហ៊ុនបានបញ្ឈប់ថ្នាក់ដឹកនាំសហជីពចំនួន ៥នាក់ ដោយគ្មានហេតុផលច្បាស់លាស់ ហើយស្នើឲ្យក្រុមហ៊ុននេះទទួលខុសត្រូវ។
កម្មការិនីម្នាក់ក្នុងចំណោមអ្នកតវ៉ាផ្សេងទៀត លោកស្រី ប៉ែត ឌីណា បានឲ្យដឹងថា ក្រុមកម្មករបានចាប់ផ្ដើមធ្វើកូដកម្មនេះចាប់តាំងពីថ្ងៃទី២០ ខែឧសភា មក ប៉ុន្តែពុំទាន់មានដំណោះស្រាយនៅឡើយពីក្រុមហ៊ុន។
លោកស្រី និងកម្មករយល់ថា ទង្វើរបស់ក្រុមហ៊ុនដែលបញ្ឈប់សហជីពរបស់ពួកគេនៅពេលនេះ គឺកំពុងគាបសង្កត់លើផលប្រយោជន៍របស់កម្មករ៖ «ខ្ញុំពិតជាសោកស្ដាយណាស់ដែលក្រុមហ៊ុននេះបញ្ឈប់ការងារសហជីពពួកខ្ញុំ ដោយគ្មានមូលហេតុច្បាស់លាស់ដែលពួកគាត់ទាំងនោះគ្រាន់តែធ្វើអ្វីៗ ដើម្បីសិទ្ធិកម្មករ និងប្រយោជន៍របស់កម្មករប៉ុណ្ណោះ តែដោយសារតែក្រុមហ៊ុនជាក្រុមហ៊ុនបរទេសមិនយល់សុខទុក្ខរបស់រាស្ត្រនោះទេ និងធ្វើអ្វីអាងខ្លួនជាថៅកែ និងអ្នកមានលុយប៉ុណ្ណោះ»។
ក្រុមកម្មកររោងចក្រផលិតស្បែកជើង អ៊ិ ចេង បានឲ្យដឹងថា ក្រៅពីតវ៉ាទាមទារសុំឲ្យក្រុមហ៊ុនព្រមឲ្យសហជីពពួកគេចំនួន ៥នាក់ ចូលធ្វើការវិញ ក្នុងនោះក៏ទាមទារលក្ខខណ្ឌការងារល្អចំនួន ១០ចំណុចទៀត រួមមាន សុំឲ្យទទូលយកលិខិត ឬសំបុត្របញ្ជាក់ពីមន្ទីរពេទ្យឯកជនដែលទទួលស្គាល់ដោយក្រសួងសុខាភិបាលត្រឹមត្រូវ សុំឲ្យក្រុមហ៊ុនផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តជារៀងរាល់សប្ដាហ៍ដល់កម្មករ សុំឲ្យរៀបចំកន្លែងដាក់កង់ម៉ូតូឲ្យធំទូលាយ សុំឲ្យបើកប្រាក់ថ្លៃបាយ និងការងារថ្ងៃបុណ្យ សុំបញ្ឈប់ការប្រើកម្មករឲ្យធ្វើជាអ្នកអនាម័យ និងចំណុចផ្សេងទៀតដែលក្រុមអ្នកតវ៉ាកំណត់ក្នុងគោលដៅតវ៉ា និងទាមទារឲ្យមានដំណោះស្រាយជាបន្ទាន់។
ចំណែកឯតំណាងសហជីពកម្មករម្នាក់ ក្នុងចំណោមថ្នាក់ដឹកនាំសហជីពប្រាំនាក់ ដែលត្រូវបានក្រុមហ៊ុនបញ្ឈប់ កាលពីថ្ងៃទី១៨ ខែឧសភា កន្លងទៅ លោក សួន សុង ចាត់ទុកថា ការបញ្ឈប់របស់ថៅកែក្រុមហ៊ុនមកលើរូបលោក និងសហជីពផ្សេងទៀត គឺជារឿងមិនត្រឹមត្រូវ និងមិនស្របទៅតាមសិទ្ធិការងារ។
មន្ត្រីសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា ស៊ីខៅឌូ (C-CAWDU) លោក ណី ប៊ុនធឿន ដែលបានចូលរួមសង្កេតការជាមួយសកម្មភាពតវ៉ារបស់កម្មករនេះ យល់ថា ក្រុមហ៊ុនមិនបានគោរពលក្ខខណ្ឌការងារកម្មករ និងរំលោភសន្ធិសញ្ញារបស់អង្គការអន្តរជាតិខាងការងារ (ILO)។
លោកថា សហជីពរបស់លោកបានយកសំណើរបស់កម្មករទៅដាក់ជូនក្រុមហ៊ុន ២ដងរួចហើយ តែរហូតមកដល់ពេលនេះមិនទាន់មានការឆ្លើយតបពីក្រុមហ៊ុននៅឡើយ៖ «ខ្ញុំគិតថា ក្រុមហ៊ុននេះធ្វើខុសច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ព្រោះច្បាប់ប្រទេសកម្ពុជា មិនបានបំបិទសិទ្ធិសេរីភាព និងជាទង្វើរើសអើងមួយ ហើយខ្ញុំគិតថា ការមានសហជីពនៅក្នុងក្រុមហ៊ុន វាជារឿងល្អទៅវិញទេ»។
វិទ្យុអាស៊ីសេរី មិនអាចសុំការឆ្លើយតបពីភាគីក្រុមហ៊ុន អ៊ិ ចេង បាននៅឡើយនៅថ្ងៃទី២៤ ខែឧសភា។
ទោះជាយ៉ាងណាកម្មកររោងចក្រផលិតស្បែកជើង អ៊ិ ចេង នៅតែប្រកាន់គោលជំហរ នឹងបន្តប្រមូលផ្តុំគ្នាតវ៉ានៅថ្ងៃទី២៥ ខែឧសភា ដរាបណាគ្មានដំណោះស្រាយជួនពួកគេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
