កម្មករជាង ១០០នាក់នៅរោងចក្រ ដាលី (Dali) នៅភូមិត្រពាំងគង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ធ្វើកូដកម្មមិនចូលធ្វើការ ទាមទារឲ្យថៅកែយកតំណាងពួកគេចំនួន ៥នាក់ចូលធ្វើការវិញ។
អនុប្រធានសហជីពកម្មករឧស្សាហកម្មកាត់ដេរកម្ពុជា លោក សយ ចន្ធូ ថ្លែងនៅថ្ងៃទី២០ មិថុនា ថា មូលហេតុដែលថៅកែបញ្ឈប់កម្មករចំនួន ៥នាក់ជាបន្តបន្ទាប់ គឺដោយសារថៅកែក្រុមហ៊ុននេះរើសអើងសហជីព។ លោកថា ក្រៅអំពីការតវ៉ាឲ្យយកតំណាងពួកគេទាំង ៥រូបដែលថៅកែបញ្ឈប់គ្មានមូលហេតុ បានចូលធ្វើការវិញ កម្មករក៏ទាមទារឲ្យថៅកែគោរពលក្ខខណ្ឌការងារមួយចំនួនទៀតដែរ៖ «បើរោងចក្រចង់បញ្ឈប់តំណាងកម្មករ ត្រូវមានការជូនដំណឹង ព្រោះច្បាប់ការងារបាន ចែងច្បាស់ មិនអាចបញ្ឈប់គាត់ផ្ដេសផ្ដាសបានទេ អត់មានជូនដំណឹងទៅអធិការកិច្ចការងារអី គាត់បញ្ឈប់ឆៅតែម្ដង ។ គាត់ដឹងថាពួកខ្ញុំបង្កើតសហជីព»។
ប្រភពដដែលអះអាងថា ថៅកែក្រុមហ៊ុនបានបញ្ឈប់កម្មករជាបន្តបន្ទាប់តាំងពីថ្ងៃទី១៦ និងថ្ងៃទី១៧ មិថុនា។
ជុំវិញបញ្ហានេះ សហជីពកម្មករឧស្សាហកម្មកាត់ដេរកម្ពុជា បានដាក់ពាក្យប្ដឹងទៅមន្ទីរការងារឲ្យភាគីរោងចក្រចូលខ្លួនដោះស្រាយ និងចរចាជាមួយកម្មករ ប៉ុន្តែពុំទាន់មានការឆ្លើយតបថាយ៉ាងណានៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
