កម្មករ​រោងចក្រ​នៅ​ខេត្ត​តាកែវ​តវ៉ា​បើក​ប្រាក់​ថ្លៃ​បាយ

0:00 / 0:00

កម្មករ​រោងចក្រ យិន ហ៊ឺរ នៅ​ខេត្ត​តាកែវ បាន​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​មុខ​​រោងចក្រ​ប៉ុនតិស (Puntus Footwear Ltd.) ដើម្បី​ទាមទារ​​បើក​ប្រាក់​ថ្លៃ​បាយ​ដែល​ត្រូវ​បើក​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា។ ប៉ុន្តែ​អ្នក​បក​ប្រែ​ឲ្យ​ថៅកែ​រោងចក្រ ថា​គេ​នឹង​ឲ្យ​ដឹង​ពី​ដំណោះស្រាយ​នេះ​នៅ​ថ្ងៃ​ទី​៧ កក្កដា។

កម្មករ​រោងចក្រ យិន ហ៊ឺរ ដែល​មាន​ទីតាំង​នៅ​ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ជាង ១០០​នាក់ បាន​លើក​គ្នា​ទៅ​តវ៉ា​នៅ​មុខ​រោងចក្រ​ប៉ុនតិស (Puntus Footwear Ltd.) ដែល​ជា​រោងចក្រ​ធំ ស្ថិត​នៅ​ចម្ងាយ​ប្រហែល ១​គីឡូម៉ែត្រ​ពី​គ្នា ដើម្បី​ទាមទារ​ឱ្យ​ថៅកែ​រោងចក្រ​នេះ​ផ្ដល់​ប្រាក់​ឱ្យ​ថៅកែ​របស់​ខ្លួន​ដើម្បី​បើក​បន្ត​ឱ្យ​ពួកគេ។

កម្មករ​រោងចក្រ យិន ហ៊ឺរ លោក វិសាល ដែល​បាន​ចូលរួម​ក្នុង​ការ​តវ៉ា​ទាមទារ​ប្រាក់​ថ្លៃ​បាយ​បាន​ឱ្យ​ដឹង​ថា រោងចក្រ យិន ហ៊ឺរ គឺ​ជា​រោងចក្រ​តូច ដែល​ទ​ទូល​ម៉ៅការ​ផលិត​ស្បែក​ជើង​ឱ្យ​រោងចក្រ​ប៉ុនតិស ដែល​ជា​រោងចក្រ​ធំ។ លោក​អះអាង​ថា ដោយសារ​តែ​រោងចក្រ​ធំ មិន​ព្រម​បើក​ប្រាក់​ឈ្នួល​ឱ្យ​ថៅកែ​រោងចក្រ​របស់​លោក ទើប​ថៅកែ​មិន​មាន​ប្រាក់​បើក​ឱ្យ​កម្មករ​បន្ត​ទៀត៖ «យិន ហ៊ឺរ ហ្នឹង គាត់​ទទួល​ស្បែក​ជើង​ធ្វើ​មក​ពី​ប៉ុនតិស​ហ្នឹង ប៉ុន្តែ​ពេល​ទទួល​ធ្វើ​ហើយ គាត់​អត់​គិត​កម្លាំង​ពលកម្ម​ឱ្យ​គេ​ទេ។ ឥឡូវ​នេះ គេ​នាំ​គ្នា​ទៅ​តវ៉ា​សុំ​បើក [ប្រាក់] កម្លាំង​ពលកម្ម​ពី​ថៅកែ​នោះ ដើម្បី​យក​មក​ឱ្យ​ថៅកែ​នេះ»

អ្នក​បកប្រែ​ឱ្យ​ថៅកែ​ជនជាតិ​ចិន នៃ​រោងចក្រ យិន ហ៊ឺរ ឈ្មោះ សាន សុខគ័ង បាន​បញ្ជាក់​ថា ប្រាក់​ដែល​រោងចក្រ​របស់​លោក​ត្រូវ​ទទួល​បាន គឺ​តាំង​ពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា ប៉ុន្តែ​ត្រូវ​បាន​រោងចក្រ​ប៉ុនតិស ពន្យារ​ពេល​បើក​ជូន​ដោយ​មិន​ដឹង​មូលហេតុ៖ «ធម្មតា​រោងចក្រ​តូច​ហ្នឹង ថៅកែ​តូច​ហ្នឹង​ត្រូវ​បើក​លុយ​ហើយ។ ខែ​៦ ថ្ងៃ​ទី​១៥ ត្រូវ​បើក​លុយ​ឱ្យ​គាត់ ប៉ុន្តែ​អត់​មាន​បើក​ឱ្យ​គាត់។ គាត់​ដើរ​ខ្ចី​គេ ចង​លុយ​ការ​ពី​គេ​អ៊ីចឹង ហើយ​ក៏​យក Passport (លិខិត​ឆ្លង​ដែន) មក​បញ្ចាំ។ បញ្ចាំ​យក​លុយ​ដើម្បី​មក​បើក​ឱ្យ​កម្មករ​អត់​ឱ្យ​ខ្វះ​កម្មករ អត់​ឱ្យ​កម្មករ​ថា អត់​បាន​បើក​លុយ​ដូច​រោងចក្រ​ផ្សេង​ទេ។ អ៊ីចឹង​គាត់​ខ្ចី​លុយ​គេ​មក​បើក។ បើក​ទៅ​ក៏​ចាំ​រោងចក្រ​ធំ​ហ្នឹង ចាំ​បើក​លុយ​ម្ដង​ជា​ពីរ​ដង បី​ដង បួន​ដង ក៏​អត់​ទៅៗ អ៊ីចឹង​បាន​កម្មករ​មាន​បញ្ហា​អ៊ីចឹង»

​កម្មករ​រោងចក្រ យិន ហ៊ឺរ បាន​ចាប់​ផ្ដើម​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​រោងចក្រ​ប៉ុនតិស តាំង​ពី​ព្រឹក​ថ្ងៃ​ទី​៦ ខែ​កក្កដា រហូត​ដល់​ម៉ោង​ជាង ៣​រសៀល ទើប​នាំគ្នា​ត្រឡប់​ទៅ​រោងចក្រ​របស់​ខ្លួន​វិញ ដោយ​មិន​មាន​ដំណោះស្រាយ។

តំណាង​សហភាព​សហជីព​ការងារ​កម្ពុជា ប្រចាំ​ខេត្ត​តាកែវ លោក នី ច័ន្ទតារា ដែល​បាន​ឃ្លាំមើល​ការ​តវ៉ា​នោះ បាន​អះអាង​ថា កម្មករ​បាន​ចេញ​មុខ​តវ៉ា​ជាមួយ​ថៅកែ​របស់​ខ្លួន​ដោយសារ​ចង់​បាន​ឈ្នួល​ការងារ​របស់​ខ្លួន ហើយ​លោក​បាន​អំពាវនាវ​ឱ្យ​ភាគី​ទាំងពីរ​ជជែក​គ្នា​ដើម្បី​ស្រាយ​បញ្ហា​ជូន​កម្មករ៖ «សូម​ឱ្យ​ថៅកែ​រោងចក្រ​ទាំង​ពីរ​ហ្នឹង​ជួប​គ្នា​ទៅ ព្រោះ​ថៅកែ​រោងចក្រ​ប៉ុនតិស​ហ្នឹង​មិន​ព្យាយាម​ចង់​ជួប​ថៅកែ​រោងចក្រ យិន ហ៊ឺរ។ អ៊ីចឹង​ហើយ ដំណោះស្រាយ​មិន​អាច​ចេញ​រួច​ទេ។ អ៊ីចឹង​សូម​ថៅកែ​រោងចក្រ​ទាំង​ពីរ​ហ្នឹង​អង្គុយ​ទល់​មុខ​គ្នា ដើម្បី​បើក​ប្រាក់ខែ​ជូន​កម្មករ កម្មការិនី​យើង​ទៅ»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​តំណាង​រោងចក្រ​ប៉ុនតិស ដែល​ជា​រោងចក្រ​ធំ​នោះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​៦ ខែ​កក្កដា តែ​បើ​តាម​លោក សាន សុខគ័ង ដែល​ជា​អ្នក​បកប្រែ​របស់​រោងចក្រ យិន ហ៊ឺរ ឲ្យ​ដឹង​ថា ដំណោះស្រាយ​នឹង​ត្រូវ​បាន​បញ្ជាក់​នៅ​រសៀល​ថ្ងៃ​ទី​៧ ខែ​កក្កដា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។